ខេត្តស្វាយរៀង ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង សហការជាមួយអាជ្ញាធររៀបចំពិធីបុណ្យអភិសេករូបបដិមាជយវរ្ម័នទី៧ និងសម្ពោធសមិទ្ធិផលនានានៅទួលលោកយាយស្រី ដែលជាទួលស័ក្តិសិទ្ធិមួយ បន្ទាប់ពីទួលលោកយាយដូន។

កម្មវិធីនេះ បានរៀបចំនាព្រឹកថ្ងៃទី១ ឧសភា ២០២៤ នៅទួលលោកយាយស្រី ស្ថិតនៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ដោយមានមន្ត្រីរាជការ ប្រជាពុទ្ធបរិសទ័ជាច្រើនកុះករនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងប្ររាប់បាតប្រគេនព្រះសង្ឃដើម្បីឧទ្ទឹសមហាកុសលជូនដល់មហាវីរៈបុរសខ្មែរគ្រប់ជំនាន់ផងដែរ។

បើតាមឆ្មាំថែករក្សាទួលលោកយាយស្រី លោកសន ស៊ីថា អាយុ៦៧ឆ្នាំ បានមានប្រសាសន៍ថា ប្រវត្តិទួលលោកយាយស្រី តាមចាស់ទុំដំណាលតៗ គ្នាថា កាលពីជាង៥០០ឆ្នាំមុន មានព្រះរាជាមួយព្រះអង្គ នាំព្រះមហេសី ភៀសព្រះកាយ ដោយចាញ់ដៃសង្គ្រាម មកតាំងព្រះពន្លា ស្នាក់នៅ និងកសាងប្រាសាទគង់នៅ ប្រមាណជា៥ទៅ-៦គីឡូម៉ែត្រ ពីទួលលោកយាយស្រីនេះ។

ក្រោយមក ខ្មាំងសត្រូវ ក៏លើកទ័ពមកតាមវាយប្រហារ ព្រះរាជា អង្គនោះបានចាញ់សង្គ្រាម ក៏ឲ្យព្រះមហេសី ព្រះនាមអង្គចន្ទ័ និងកងទ័ពមួយចំនួន នាំបុត្រី មួយព្រះអង្គ ភៀសព្រះកាយចេញពីប្រាសាទទៅមុន លុះមកដល់ចំណុចព្រៃក្រាស់ក៏ឃើញមានទួលមួយខ្ពស់ មានដើមឈើ ដុះក្រាស់ត្រជាក់ទ្រឈឹងទ្រឈៃ ក៏សម្រេចព្រះទៃ ទុកបុត្រី ឲ្យស្នាក់នៅលើទួលនេះ ហើយទុកអង្គរក្សម្នាក់ ជាមេទ័ពខ្លាំងពូកែរ ឈ្មោះតាកន្សែងរាជ្យ អោយនៅការពារថែរក្សាបុត្រី ព្រះមហេសី បាននាំកងទ័ព ចេញទៅមុខបន្តទៅទឹសបស្ចឹមបាន ប្រមាណជា១គីឡូម៉ែត្រ ក៏ឈប់បោះព្រះពន្លា ស្នាក់នៅ ហើយឲ្យកងទ័ពជីកស្រះមួយដើម្បីយកទឹកប្រើប្រាស់ និងកសាងកូនអាស្រម១ខ្នងតូចនៅក្បែស្រះទឹកនោះ(បច្ចុប្បន្នគឺវត្តបហរសប់លាក់) ។

ក្រោយមកទៀត ព្រះរាជាអង្គនោះបានបានច្បាំងចាញ់សង្គ្រាមសត្រូវ ក៏ដកកងទ័ពភៀសព្រះកាយចេញពីប្រាសាទ មកទឹសបស្ចឹមដែរ ពេលនោះព្រះមហេសី អង្គចន្ទ័ ដឹងថា ព្រះស្វាមី ចាញ់សង្គ្រាមសត្រូវ ក៏បញ្ជាកងទ័ព ដោយផ្ទាល់ចេញទៅជួយព្រះស្វាមី ដោយលាក់ទុកបុត្រីជំទង់មួយព្រះអង្គឲ្យនៅជាមួយអង្គរក្ស(តាកន្សែងរាជ្យ)នៅលាក់ព្រះកាយលើទួលនោះ។ ចំណែកព្រះរាជា និងព្រះមហេសី កេនកងទ័ពទប់ទល់ច្បាំងជាមួយសត្រូវ ក៏ប៉ុន្តែច្បាំងមិនឈ្នះសត្រូវ ក៏ចេះតែភៀសព្រះកាយទៅទឹសបស្ចឹមដោយលាក់បុត្រីនៅលើទួលនោះ ចំណែកកងទ័ពសត្រូវវាយចូលមកដល់បន្ទាយស្រះទឹកមិនឃើញមានអ្វី គឺឃើញមានតែអាស្រមតូចមួយនិងស្រះទឹកប៉ុណ្ណោះ។

ចំណែកព្រះរាជា និងកងទ័ពមហេសី មិនអាចតតាំនិងទ័ពសត្រូវបាន ក៏បានសុំជំនួយពីមេទ័ពម្នាក់ទៀត ការពារនៅទឹសបូពាហ៌ឲ្យមកច្បាំងជាមួយសត្រូវ កាលណោះលោកមេទ័ព ការពារនៅទឹសបូពាហ៌ ក៏បានលើកពលរេ មកជួយ ក៏ត្រូវចាញ់ដៃទ័ពសត្រូវ ហើយក៏បានស្លាប់នៅលើទីលានប្រយុទ្ធ កាលណោះលោកមេទ័ពការពារទឹសបូពាហ៌ បានស្លាប់សេនាដៃស្តាំរបស់លោកមេទ័ពក៏នាំសារមកជម្រាបភរិយា លោកមេទ័ព (យាយដូនត្រីផ្សោតតាំងសិលមានបារមី មានរូបជាមនុស្ស) បានទទួលដំណឹងថា ស្វាមី ជាមេទ័ពចាញ់សង្គ្រាម ។

ហើយត្រូវមេទ័ពសត្រូវសម្លាប់ ភរិយាលោកមេទ័ពក៏ដឹកនាំពលរេដោយផ្ទាល់ចេញទៅច្បាំងជាមួយសត្រូវ រហូតទទួលបានជ័យជំនះលើកងទ័ពសត្រូវ ស្លាប់និងអ្នកនៅរស់រានមានជីវិតបានរត់បាក់ទ័ពខ្ចាត់ខ្ចាយអស់ទៅ ភរិយលោកមេទ័ពបានឈ្នះលើទ័ពសត្រូវ ហើយក៏បានលើកទង់ជ័យឡើង ឲ្យកងទ័ព នៅការពារ ទីតាំងជ័យជំនះ រួចក៏ ដង្ហែសព ស្វាមី ត្រឡប់មកទួលដែលជាទួលត្រីផ្សោតសមាធិ ហើយបានបូជាសពស្វាមី ទុកដាក់ក្នុងអាស្រមគោរពបូជា លោកស្រីមេទ័ព ក៏បន្តសមាធីរហូតអស់ព្រះជន កងទ័ពដែលតាមមកបម្រើមេទ័ពស្រី ក៏បូជា សពលោកយាយទុកនៅលើទួលនេះជាមួយធាតុលោកមេទ័ព រហូតមក អ្នកស្រុកហៅ(ទួលលោកយាយដូន)។

ចំណែកព្រះរាជានិងមហេសីបានភៀសព្រះកាយ ចេញទៅបាត់មិនដឹងថា ទៅគង់នៅទីណាទេ ទុកឲ្យបុត្រី រស់នៅលាក់ខ្លួន នៅលើទួលកណ្តាលព្រៃជ្រៅ ២នាក់អង្គរក្ស ហើយយូៗម្តងគេតែងតែឃើញបុត្រីព្រះរាជា មកនៅអាស្រម ដងទឹកមុជទឹកស្រះនេះហើយក៏យាងទៅទួលព្រៃជ្រៅនោះវិញក្រោយមកអង្គរក្ស តាកន្សែងរាជ្យក៏បានស្លាប់ទៅ ចំណែកបុត្រីស្តេចអង្គនោះក៏បានរស់នៅធ្វើសមាធិលើទួលនេះរហូតអស់ព្រះជន។ តំណរក្រោយមកអ្នកស្រុក ក៏បានក៏សាងវត្តមួយ នៅកន្លែងស្រះទឹកនោះ ដោយដាក់ឈ្មោះថា វត្តប្រសប់លាក់រហូតបច្ចុប្បន្ន។

ចំណែកទួលលោកយាយស្រីចាស់បុរាណ បានកសាងរូបបដីមា លោកយាយស្រី អំពីថ្មខ្មៅ និងដាក់ក្នុងអាស្រមសម្រាបើគោរពបូជា តដំណ ៥០០ឆ្នាំមកហើយ ។ក៏ប៉ុន្តែសម័យសង្គ្រាម រូបបដិមា លោកយាយស្រីនោះត្រូវបាន បាត់ពីអាស្រម រហូតមកដល់ឆ្នាំ១៩៨០ ចាស់ទុំក្នុងភូមិប្រសប់លាក់បានកសាងរូបបដិមា លោកយាយស្រីឡើងវិញ អំពីថ្មភក់ ហើយលាបពណ៌ ខ្មៅ ដូចរូបចាស់ លាបក្រេមបបូរមាត់ក្រហម សម្រាប់គោរពបូជា និងសុំសេចក្តីសុខ ខ្លះសុំលាភ សុំជ័យ ខ្លះសុំឡើងឋានៈ គឺបានកាក់កបដូចបំណង ព្រះគ្រូចៅអធិការវត្តប្រសប់លាក់ក៏បានផ្តើមកសាងអាស្រមធំថ្មី ដើម្បីងាយស្រួលប្រជាពុទ្ធបរិស័ទទៅធ្វើបុណ្យ ដោយព្រះគ្រូដឹកនាំធ្វើបុណ្យរាល់ឆ្នាំ។

មន្ត្រីរាជការ ទៅបន់ស្រន់សុំឡើងសក្តិ តួនាទី ឯអ្នករកស៊ី បន់លោកយាយសុំឲ្យរកស៊ីមានបាន គេកសាងរូបលោកយាយថ្វាយ ពេលកាក់កបហើយក៏កសាងរូបដិមាលោកយាយស្រីថ្វាយ លក់ដីធ្លីដាច់ អ្នកខ្លះគ្មានកូនក៏ទៅបន់សុំកូនបានបំណងគេ ក៏កសាងរូបថ្វាយលាមាត់លា.ក ទើបមានរូបលោកយាយកាន់តែច្រើន ហើយដើម្បីរំលឹកដល់វីរៈបុរស់ខ្មែរគ្រប់ជំនាន់ លោកសន ស៊ីថា ឆ្មាំថែរក្សាទួលលោកយាយស្រី សហការជាមួយប្រជាពុទ្ធបរិសទ័និងមន្ទីរវប្បធម៌និងវិចិត្តសិល្បៈខេត្តកសាងរូបបដីមាជយវរ្ម័នទី៧ ដើម្បីគោរពបូជា និងសម្ពោធសមិទ្ធិផលនានា នៅលើទួលដើម្បីទុកជាកន្លែងទីសក្ការៈបូជាតទៅ ៕




ចែករំលែកព័តមាននេះ