ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ! ជំនួបរវាង Jake Paul និង Mike Tyson គឺជាការប្រកួតប្រដាល់អាជីព

2 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ការប្រកួតប្រដាល់សកលដ៏កក្រើកនារដូវក្ដៅនេះ រវាងតារាយូធូបដ៏ល្បីរបស់

សហរដ្ឋអាម៉េរិក ៖ ការប្រកួតប្រដាល់សកលដ៏កក្រើកនារដូវក្ដៅនេះ រវាងតារាយូធូបដ៏ល្បីរបស់អាម៉េរិក ដែលប្រែខ្លួនជាអ្នកប្រដាល់អាជីព Jake Paul តទល់ជាមួយនឹងអតីតកំពូលអ្នកប្រដាល់សញ្ជាតិអាម៉េរិក Mike Tyson ម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ត្រូវបានសម្រេចជាផ្លូវការថា គឺជាការប្រកួតប្រដាល់អាជីពតែម្ដង។ នេះបើយោងតាមប្រភពពី BBC និង ESPN ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ការប្រកាសដ៏ភ្ញាក់ផ្អើលនេះមានន័យថា លទ្ធផលការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋតិចសាស់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នឹងបង្ហាញនៅក្នុងកំណត់ត្រាប្រដាល់អាជីពកីឡាករទាំងពីរ។ កន្លងទៅ ការប្រកួតរវាងបុគ្គលដ៏ល្បីរបស់អាម៉េរិកទាំងពីររូបនេះ មិនទាន់សម្រេចថា តើជាការប្រកួតប្រដាល់អាជីព ឬការប្រកួតលើសង្វៀនពិព័រណ៍ ដែលត្រូវបានស្គាល់ថា Exhibition Match យ៉ាងណានោះទេ? ខណៈការប្រកាសជាផ្លូវការថ្មីៗនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រអន្ទះសាកាន់តែខ្លាំងឡើងចង់ទស្សនាការប្រកួតនេះ។

ច្បាប់ត្រូវបានកំណត់សម្រាប់ការប្រកួតទម្ងន់ធ្ងន់រវាងកីឡាករទាំងពីរ ដោយរួមបញ្ចូលទាំងការប្រកួត៨ទឹក ១ទឹកមានរយៈពេល២នាទី និងប្រើប្រាស់ហ្គង់១៤អោន ស្មើនឹងទម្ងន់ ០.៤គីឡូក្រាម។

មនុស្សដែក Mike ដែលបានចូលនិវត្តន៍៍ពីអាជីពកាលពីឆ្នាំ ២០០៥ នឹងឈានចូលវ័យ៥៨ឆ្នាំ ពោល៣សប្តាហ៍មុនពេលឡើងសង្វៀនប្រកួតទល់នឹង Jake Paul ដែលមានវ័យត្រឹម២៧ឆ្នាំប៉ុណ្ណោះ។

លោក Nakisa Bidarian អ្នកប្រម៉ូតមកពីក្រុមហ៊ុន MVP Promotions បាននិយាយថា «Mike Tyson និង Jake Paul បានចុះហត្ថលេខាលើការប្រកួតប្រដាល់អាជីពតែម្ដង ជាមួយនឹងបំណងធ្វើឱ្យការប្រកួតប្រកបដោយវិជ្ជាជីវៈ ដែលនឹងទទួលបានលទ្ធផលច្បាស់លាស់»។

ក្រឡេកមកមើលកំណត់ត្រាអាជីពកីឡាករទាំងពីរវិញ Mike Tyson គឺជាអ្នកប្រដាល់សកលទម្ងន់ធ្ងន់ដំបូងគេ ដែលកាន់ជើងឯកខ្សែក្រវាត់ពិភពើលោក WBA, WBC និង IBF ពេលដំណាលគ្នាក្នុងឆ្នាំ ១៩៨៧។ អាជីពរយៈពេល២០ឆ្នាំរបស់ Mike ឆ្លងកាត់ការប្រកួត៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង ផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត ៤៤ដង និង២ប្រកួតបញ្ហាបច្ចេកទេសគ្មានលទ្ធផលចាញ់ ឈ្នះ។

ដោយឡែក Jake Paul ពីតារាយូធូបប្រែក្លាយជាអ្នកប្រដាល់អាជីពនៅឆ្នាំ ២០២០ ដោយឆ្លងកាត់ ១០ប្រកួត ឈ្នះ៩ ចាញ់១ និងផ្តួលគូប្រកួតចំនួន ៦ដងផងដែរ ដែលភាគច្រើនជាការប្រកួតតទល់នឹងអតីតអ្នកប្រដាល់ UFC ខណៈដែលការចាញ់១ប្រកួតគឺទល់នឹងអ្នកប្រដាល់សកលទម្ងន់ធ្ងន់អង់គ្លេស Tommy Fury កាលពីឆ្នាំ ២០២៣ កន្លងទៅ។

ការប្រកួត Mike Tyson និង Jake Paul នឹងធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលមានមូលដ្ឋាននៅទីក្រុងអាលីងតុន រដ្ឋតិចសាស់ និងជាកីឡដ្ឋានរបស់ក្រុមបាល់ឱបថ្នាក់ជាតិអាម៉េរិក Dallas Cowboys ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៨ម៉ឺននាក់។ ការប្រកួតដ៏កក្រើកសហរដ្ឋអាម៉េរិកនេះ នឹងត្រូវចាក់ផ្សាយផ្តាច់មុខនៅទូទាំងពិភពលោកលើកម្មវិធី Netflix ដែលជាសេវាកម្មចាក់ផ្សាយវីដេអូភាពយន្តដ៏ល្បីរបស់សហរដ្ឋអាម៉េរិក៕ ប្រភព ៖ BBC និង ESPN រូបភាព ៖ The Sportster

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ