ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រដាល់រូបសង្ហា Ryan Garcia សន្យាបរិច្ចាគ២០លានដុល្លារ ជួយជនរងគ្រោះនៅហ្គាហ្សា

2 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ យោងតាមប្រភពពីកាសែត Marca របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែ

សហរដ្ឋអាម៉េរិក ៖ យោងតាមប្រភពពីកាសែត Marca របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា អ្នកប្រដាល់សកលឆ្នើមវ័យក្មេងសញ្ជាតិអាម៉េរិក Ryan Garcia កាលពីពេលថ្មីៗនេះ ទទួលការចាប់អារម្មណ៍យ៉ាងពិសេសបំផុតសម្រាប់អ្នកគាំទ្រ និងអ្នកស្នេហាវិស័យប្រដាល់ជុំវិញពិភពលោក បន្ទាប់ពីរូបគេបានបង្ហាញអារម្មណ៍រំជើបរជួល ចំពោះសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងស្ថានភាពដ៏លំបាករបស់ប្រជាជនប៉ាឡេស្ទីន ដែលជាកត្តាជំរុញឱ្យរូបគេយកឈ្នះការប្រកួតទល់នឹងកីឡាកររួមជាតិ Devin Haney កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈការបញ្ជាក់ក្នុងបទសម្ភាស កាលពីពេលថ្មីៗនេះ នៃកម្មវិធី PBD Podcast របស់លោក Patrick Bet-David អ្នកប្រដាល់មាឌល្អិត Ryan Garcia បានស្វែងយល់យ៉ាងច្បាស់អំពីស្ថានភាព ដែលកំពុងបន្តកើតឡើងនៅតំបន់ហ្គាហ្សា។ ភ្លាមៗនោះ Ryan Garcia ត្រូវបានសួរអំពីការបង្ហោះសាររបស់គេ កាលពីខែមីនាកន្លងទៅ ដែលបានសន្យាថានឹងបរិច្ចាគប្រាក់ ២០លានដុល្លារអាម៉េរិកជួយដល់ជនរងគ្រោះ ជាពិសេសកុមារ នៅតំបន់ហ្គាហ្សា បន្ទាប់ពីការប្រកួតទល់នឹង Devin Haney នៅថ្ងៃទី២០ ខែមេសា កន្លងទៅ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលក្រោយមករូបគេបានឈ្នះដោយពិន្ទុ។

កីឡាករ Ryan Garcia គ្រោងនឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅរយៈពេលពីរសប្តាហ៍ខាងមុខ ហើយបើតាមការបញ្ជាក់របស់ Ryan Garcia រូបគេនៅតែប្រកាន់ខ្ជាប់ពាក្យសម្ដីខ្លួន ដោយគ្រោងនឹងបរិច្ចាគ ២០លានដុល្លារ ដែលបានមកពីការប្រកួតកន្លងមក ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជីវិតកុមារ ដែលរងផលប៉ះពាល់ដោយជម្លោះនៅតំបន់ហ្គាហ្សា។

Ryan Garcia អ្នកប្រដាល់មាឌល្អិតរហ័សដូចផ្លេកបន្ទោរវ័យ២៥ឆ្នាំ ឆ្លងកាត់ការប្រកួត២៦លើក ឈ្នះ២៥ ចាញ់១ និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត២០លើករូបនេះ បានថ្លែងថា «គ្រប់យ៉ាងខ្ញុំធ្វើគឺសម្រាប់ការជួយកុមារ។ ខ្ញុំមិនមែនជាផ្នែកណាមួយនៃក្រុមហាម៉ាសទេ។ ខ្ញុំស្រឡាញ់អ៊ីស្រាអែល ហើយអ៊ីស្រាអែលស្រឡាញ់ខ្ញុំ។ ខ្ញុំស្រឡាញ់ប្រជាជនមកពីហ្គាហ្សា និងប៉ាឡេស្ទីន។ អ្នកអាចស្អប់ខ្ញុំគ្រប់យ៉ាងដែលអ្នកចង់។ ប្រសិនបើខ្ញុំនឹងផ្ញើ ២០លានដុល្លារទៅហ្គាហ្សា ខ្ញុំក៏នឹងផ្ញើ ២០លានដុល្លារទៅអ៊ីស្រាអែលដែរ ប្រសិនបើវាជួយដល់កុមារ»។

យោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដែលហៅកាត់ថា OCHA មកទល់ពេលនេះ មានរយៈពេល២០០ថ្ងៃហើយ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ។ ជម្លោះនេះបានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ក្នុងទឹកដីប៉ាឡេស្ទីនយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍របស់ OCHA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤២,៥១០នាក់ អំឡុងពេលការវាយប្រហាររយៈពេល២០០ថ្ងៃ ដោយនៅក្នុងនោះ ៣៨,៦២១នាក់ជាជនស៊ីវិល ក្នុងនោះមានស្ត្រី ១០,០៩១នាក់ និងកុមារ ១៥.៧៨០នាក់។ ក្រៅពីនោះក៏មានអ្នកសារព័ត៌មានចំនួន ១៣៧នាក់ បុគ្គលិកពេទ្យ ៣៥៦នាក់ និងបុគ្គលិកការពារជនស៊ីវិល ៤២នាក់ផងដែរ៕ (ប្រភព ៖ Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ