ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមថែ​រក្សា​សុខភាព និង​សុវត្ថិភាពក្នុងអំឡុងពេល​​អាកាសធាតុ​ក្តៅ​ខ្លាំងនេះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ណែនាំ​ពី​ការ​រក្សា​សុខភាព និង​សុវត្ថិភាពក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។ យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹកស្តី​ពី ការ​រក្សា​សុខភាព និង​សុវត្ថិភាព ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំងរបស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៨ មេ​សា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ណែនាំ​ពី​ការ​រក្សា​សុខភាព និង​សុវត្ថិភាពក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។ យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹកស្តី​ពី ការ​រក្សា​សុខភាព និង​សុវត្ថិភាព ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំងរបស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៨ មេ​សា បាន​លើក​ឡើង​ថា កន្លង​មក​ ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការ​ការពារ​សុខភាព​ក្នុង អំឡុង​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ទាក់ទង​ជាមួយ​ការ​ប្រែប្រួល​អាកាសធាតុ​។

ក្រសួង​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ ដើម្បី​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​ទឹក និង​ថាមពល​អគ្គិសនី​ឱ្យ​បាន​សម​ស្រប មាន​សុវត្ថិភាព និង​រក្សា​សុខភាព ក្នុងអំឡុងពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ក្រសួងសុខាភិបាល​សូម​រំលឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​អាច​បង្ក​ឱ្យ​បុគ្គល​គ្រប់​រូប ជា​ពិសេស​មនុស្ស​ចាស់ ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ អ្នកធ្វើការ​ក្រៅ​ផ្ទះ អត្ត​ព​លិ​ក បុគ្គល​មាន​ប្រព័ន្ធ ការពារ​រា​ង្គ​កាយ​ខ្សោយ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ងាយ​ធ្លាក់ខ្លួន​ឈឺ ជាយថាហេតុ ដូច​ជា​ការ​ខ្សោះ​ជាតិ​ទឹក ជំងឺ បេះដូង រលាក​ផ្លូវដង្ហើម ដែល​នាំ​ឱ្យ​មាន​ជំងឺឆ្លង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​បណ្តាល​មក​ពី​ការ​ការ​ប្រើប្រាស់​ទឹក​មិន ស្អាត និង​ចំណីអាហារ​ពុំ​មាន​សុវត្ថិភាព​។

ក្រសួង​បាន​បន្ថែម​ថា​បរិមាណ​ទឹក​ស្អាត​មាន​សារសំខាន់​ណាស់​ អាច​ជួយ​ទ្រទ្រង់​ជីវិត មនុស្ស តែ​ផ្ទុយ​ទៅ​វិញ​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ដូច​ជា ជំងឺ​រាករូស ជំងឺរាក​មូល ជំងឺ​អាសន្នរោគ និង​ជំងឺ​គ្រុនពោះវៀន ។​ល​។ ហើយ​ក៏​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ ដោយសារ​មេរោគ​នៅ​ក្នុង​ទឹក (​វីរុស បាក់តេរី ដង្កូវ​ព្រូន​) និង​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​។

ក្រសួងសុខាភិបាល ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​យកចិត្តទុកដាក់​ចូលរួម អនុវត្ត​តាម​ការ​ណែនាំ​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ដូច​ជា​ការ​ប្រើប្រាស់​ទឹក និង​ថាម​ពល​អគ្គិសនីត្រូវ​បរិភោគ​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ច​ម្លោះ ឬ​ដាំទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រី​ន ឬ​ក្ល​រ៉ា​មីន (​ថ្នាំ​ក្ល​រី​ន ឬ​ក្ល​រ៉ា​មីន ២​គ្រាប់ អាច​លាយ​ទឹក ២០​លី​ត្រ​)​។ ពិសា​ទឹក​ឱ្យ​បាន​ញឹកញាប់​លើស​ពី២​លី​ត្រ ក្នុង​មួយ​ថ្ងៃ ទោះបី​មិន​ស្រេកទឹក​ក៏​ដោយ​។ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ទឹក និង​ថាមពល​អគ្គិសនី​ឱ្យ​បាន សម​ស្រប​ទាំងអស់​គ្នា ដើម្បី​រក្សា​បរិមាណ​ទឹក និង​ថាមពល​អគ្គិសនី​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​។

ក្រសួង​បន្ថែម​ថា​ការ​រក្សា​សុខភាព និង​សុវត្ថិភាព​រក្សា​អនាម័យ​ខ្លួនប្រាណ ទុកដាក់​ម្ហូបអាហារ​មាន​គម្រប​ត្រឹមត្រូវ និង​លាងដៃ​ឱ្យ​បាន​ញឹកញាប់ ជា​ពិសេស​មុន​ញាំ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា​ត្រូវ​ថា​ចៀសវាង​ការ​ពិសារ​ជាតិ​អាល់កុល កាហ្វេ តែ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​ស្ករ អំបិល​ច្រើន​ដែល​នាំ​ឱ្យ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ថយ​ចុះ​។ ស្លៀក​សម្លៀក​បំពាក់​ដែល​ជួយ​ការពារ​កម្ដៅ​ព្រះអាទិត្យ ដូច​ជា សម្លៀក បំពាក់​ស្រាល រលង់ ពណ៌​មិន​ជិត​ពេក និង​ពាក់មួក​ដែល​មាន​គែម​ធំ ឬ​ប្រើ​ឆ័​ត្រ​ធ្វើ​ជា​របាំង​ការពារ​កម្ដៅថ្ងៃ​។ ចៀសវាង​ការ​ស្លៀកពាក់​ក្រាស​ៗ​ពេក​ឱ្យ​ទារក ឬ​កុមារ​តូច ឬ​រុំ​ពួក​គេ​ក្នុង​ភួយ​ដែល​ធ្វើ​ឱ្យ​កម្ដៅ
ពួក​គេ​កើនឡើង​បន្ថែម​ទៀត​។ ចៀសវាង​ស្ថិត​ក្រោម​កម្ដៅថ្ងៃ​ដោយ​ផ្ទាល់​យូរ​ពេក ដោយ​ត្រូវ​រក​កន្លែង​ជ្រក ឬ​របាំង​ការពារ កម្ដៅ​ព្រះអាទិត្យ​។​ចៀសវាង​ការ​ងូតទឹក​ត្រជាក់​ភ្លាម​ៗ បន្ទាប់​ពី​ត្រឡប់​ពី​កន្លែង​ដែល​មាន​កម្ដៅ​ខ្លាំង​។

ក្រសួង​បាន​បន្ថែម​ទៀត​ថា​សមាជិកគ្រួសារ​ត្រូវ​តែ​តាមដាន​មើល​ឱ្យ​បាន​ញឹកញាប់ ចំពោះ​មនុស្ស​ចាស់​អាយុ ៦០​ឆ្នាំ​ឡើង ក៏​ដូច​ជា​អ្នក​កំពុង​មាន​ជំងឺ កុមារ​ក្រោម​អាយុ ២​ឆ្នាំ អ្នកជំងឺ​ផ្លូវចិត្ត និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ព្រោះ ពួក​គេ​ត្រូវការ​ជំនួយ​។​ប្រសិនបើ​មាន​រោគ​សញ្ញា ដូច​ជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូល​សាច់ដុំ (​រមូល​ក្រពើ​) វា​សញ្ញា​ដំបូង​នៃ​ផល​ប៉ះពាល់​ពី​កម្ដៅ ត្រូវ​ផ្លាស់​ប្តូរ​ទៅ​រក​ទីកន្លែង​ត្រជាក់ និង ត្រូវ​សម្រាក ២ ទៅ ៣​នាទី រួច​ពិសា​ទឹក​ត្រជាក់​យឺត​ៗ កុំ​ហើយ​បន្តសកម្មភាព ព្រោះ​អាច​មាន ហានិភ័យ​ខ្ពស់​។

ចៀសវាង​ការ​ចោមរោម​ជុំ​ជិត​អ្នកជំងឺ​ដែល​មាន​បញ្ហា​សុខភាព ហើយ​សូមស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ប្រសិនបើ​មិន​ធូរស្រាល​។​កំណត់​ការ​ប្រើប្រាស់​ចង្ក្រាន និង​ឡ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក ព្រមទាំង​ផ្ទះ​របស់​អ្នក​កាន់តែ​ក្តៅ​។

រក្សា​វត្ថុ​ដែល​ងាយ​ឆេះ​ឱ្យ​ឆ្ងាយ​ពី​ប្រភព​កម្ដៅ ហើយ​កុំ​ទុក​ទៀន ឬ​អណ្តាតភ្លើង​ដោយ​មិន មាន​អ្នក​មើលថែ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ​ក្នុង​អំឡុង ពេល​អាកាស​ធាតុ​ក្តៅ​។​ត្រូវ​ប្រាកដ​ថា​ខ្សែភ្លើង និង​ឧបករណ៍​អគ្គិសនី​នៅ​ក្នុង​ស្ថាន​ភាពល្អ ចៀសវាង​ការ​ប្រើ​ប្រាស់ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ហើយ​ត្រូវ​ផ្តាច់​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ទាំងនោះ​នៅ​ពេល​មិន ប្រើប្រាស់​វា​។ មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើប្រាស់​ចរន្ត​អគ្គី​ស​នី ហើយ​មិន​ត្រូវ​ទុកដាក់ ប្រដាប់ប្រដារ​ដែល​មាន​បន្ទុក​អគ្គី​ស​នី ដែកកេស ឈើគូស ឧស្ម័ន ប្រេង​ឥន្ទៈ អាល់កុល​។​ល​។

ដែល​ងាយ​ឆាបឆេះ​នៅ​ទីកន្លែង​ដែល​មានកំ​ដៅ​ខ្ពស់ ដើម្បី​បង្ការ​ការ​ផ្ទុះ ឬ​ឆាបឆេះ ដែល​នាំ​ឱ្យ ប៉ះពាល់​ដល់​សុខភាព សុវត្ថិភាព និង​អាយុជីវិត​ជាយថាហេតុ​។

ក្រសួង​ក៏​បាន​ស្នើ​សូម​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​សុខភាព ប្រជាជន​ក្នុង​តំបន់ ជា​ពិសេស​ជន​ងាយ​រង​គ្រោះ និង​សហការ​ចាត់ចែង​ជា​បន្ទាន់​ក្នុង​ករណី​មាន​បញ្ហា​សុខភាព ណាមួយ​កើតឡើង​៕​

អត្ថបទសរសេរ ដោយ