ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​គម្រោង​ក្រុមហ៊ុន ឡេ​ង ចាន់​ណា

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន ប្រគល់​ភារកិច្ច​ជូន​ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល​ដោះស្រាយ​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​នៅ​ក្នុង​គម្រោង​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន ប្រគល់​ភារកិច្ច​ជូន​ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល​ដោះស្រាយ​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​នៅ​ក្នុង​គម្រោង​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ក្នុង​ករណី​គម្រោង​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ខ្ញុំ​, ខ្ញុំ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំរឿង​ទាំងឡាយ ដែល​កំពុង​ចាត់ការ​ដោយ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាការ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណាត់ការ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល និង​របស់​រូប​ខ្ញុំ​ផ្ទាល់​ពាក់ព័ន្ធ នឹង​ករណី​នេះ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ក្រោយ​ពេល​ដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ ដែល​បាន​វិនិយោគ​នៅ​លើ​គម្រោង ប្រ៊ី​លាន​ស៊ី​ធី នៅ​ខេត្តសៀមរាប របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៤ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ ក៏​ដូច​ជា​ជូន​ឧត្តម ប្រាក់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ក្រុម​ជំនួយការ​ច្បាប់​របស់ខ្ញុំ​ដើម្បី​ស្រាវជ្រាវ ក៏​ដូច​ជា​រិះរក​ដំណោះស្រាយ​លើ​ករណី​នេះ ។

សម្តេច​បន្ត​ថា តាម​ការ​ប្រគល់​ភារកិច្ច​ឯកឧត្តម សាយ សំ​អាល់ បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ជូន​ប្រជាជន​វិញ ទៅ​តាម​លទ្ធភាព ដែល​អាច​ទៅ​បាន និង​ទៅ​តាម​ជំហាន ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាច​ធ្វើ​ទៅ​បាន ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​នេះ ហើយ​បាន​រក​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ី​លាន​សី​ធី ពុំ​មាន​លក្ខណៈ​ដូច​ជា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេង​ទៀត ដែល​ជា​គម្រោង​វិនិយោគ​ពិតប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជាមួយនឹង​បញ្ហា នៃ​ការ​ធ្លាក់​ចុះ​ទីផ្សារ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គម្រោង​របស់​ក្រុម ឡេ​ង ចាន់​ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ផ្អែក​លើ​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​នេះ នៅ​ថ្ងៃ​ទី​១២ មីនា ២០១៤ ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឡេ​ង ចាន់​ណា ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ជា​ធរមាន ។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី​១៣ មីនា ២០២៤ ខ្ញុំ​បាន​ធ្វើ​សំណើ​ថ្វាយ ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់​លោកស្រី ឡេ​ង ចាន់​ណា ដែល​មាន​ព្រះរាជ​ក្រឹ​ត ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ ស្តីទី​នៅ​ថ្ងៃ​ទី​១៤ មីនា ២០២៤ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ទៀត​ថា ៖ “​ទោះបីជា​សំណុំរឿង ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ ក៏​រាជរដ្ឋាភិបាល​នៅ​បន្ត​តាមដាន​ករណី​នេះ​ជា​ប្រចាំ នឹង​បាន​ប្រគល់​ភារកិច្ច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ការ​ស្រាវជ្រាវ និង​សហការ​គាំទ្រ​ដល់​ដំណើ​ការ​របស់​តុលាការ គ្រប់​រូបភាព ដែល​ច្បាប់​អនុញ្ញាត ធ្វើ​យ៉ាងណា​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ទៅ​តាម​ផ្លូវច្បាប់​” ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា ចុង​ក្រោយ​នេះ​យោង​តាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ក្នុង​ករណី​នេះ ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​មាន​ឯកឧត្តម គី តិច ជា​ប្រធាន ដើម្បី​ខិតខំ​ការពារ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ករណី​នេះ ព្រមទាំង​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​នានា តាម​ការ​ចាំបាច់ ជា​ពិសេស ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​តុលាការ​។ ខ្ញុំ​ស្នើ​មេធាវី​រាជរដ្ឋាភិបាល ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​មានការ​ពាក់ព័ន្ធ ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​នេះ ហើយ​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅ​តាម​នីតិវិធី​ជា​ធរមាន​។ រាជរដ្ឋាភិបាល នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​សំណុំរឿង​នេះ​។ យើង​នឹង​បន្ត​ខិតខំ​រួម​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ជូន​ប្រជាពលរដ្ឋ ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ