ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! បំបែកសំបុកចោរប្ល.ន់ និង​ទីតាំងបញ្ចាំ​​ក្នុង​ខណ្ឌ​ទួល​គោក

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​បង្ក្រាប​ករណី​ប្លន់ និង​ឈាន​ទៅ​បំបែកសំបុក​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌទួលគោក ដោយ​ដកហូត​ម៉ូតូ​មួយ​ចំនួន​ដែល​គ្មាន​ឯកសារ ។ ក្នុង​នោះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​អំពាវនាវ​ឱ្យ​ជន​រង​គ្រោះ​ធ្លាប់​បាត់​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ មានការ​បង្ក្រាប​ករណី​ប្លន់ និង​ឈាន​ទៅ​បំបែកសំបុក​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌទួលគោក ដោយ​ដកហូត​ម៉ូតូ​មួយ​ចំនួន​ដែល​គ្មាន​ឯកសារ ។ ក្នុង​នោះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​អំពាវនាវ​ឱ្យ​ជន​រង​គ្រោះ​ធ្លាប់​បាត់​ម៉ូតូ សូម​កាន់​ឯកសារ​មក​ផ្ទៀងផ្ទាត់​ផង​ដែរ ។

យោង​តាម​ផេ​ក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈ​ឲ្យ​បាន​ជ្រាប​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​កាប់​ប្លន់ និង​ឈាន​ដល់​បំបែកសំបុក​បញ្ចាំ​ខុសច្បាប់ នៅ​ខណ្ឌទួលគោក រក​ឃើញ​ម៉ូតូ​មិន​មាន​ឯកសារ​, ផ្លា​ក​លេខ​៦០​ផ្លា​ក និង​កាត​គ្រី​មួយ​ចំនួន​ទៀត​។

សូម​រំលឹក​ថា ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៤៖៥០​នាទី មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) ម៉ាក HONDA C125 ពណ៌​ខ្មៅ ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JV-3592 ជន​រង​គ្រោះ​ឈ្មោះ បឿន ដេ​វីត នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ម៉ោង​ប្រហែល​១៖៣០​នាទី ជនសង្ស័យ​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ចំ​កណ្ដាល ខ្នង​ចំនួន​មួយ​កាំបិត (​តែ​មិន​មុត​) បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ពួក​គេ​បាន​ស្ទុះ​មក​កាប់​បន្ថែម​ទៀត រួច​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ម៉ូតូ​) ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ​បញ្ជា ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ជា​លទ្ធផល​ឈាន​ដល់កំណត់​បាន​មុខសញ្ញា​ធ្វើ​សកម្មភាព និង​ទីតាំង​យក​ម៉ូតូ​ទៅ​លក់​។

នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាំ​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ពី​ចំណុច​ខាងក្រោយ​វាំង សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នាំ​យក​មក​នាយកដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​។ ជនសង្ស័យ​បាន​សារភាព​ថា បក្ខពួក​របស់​ខ្លួន​មាន​គ្នា​ចំនួន​៩​នាក់​បាន​ធ្វើ​សកម្មភាព វាយ​កាប់​ប្លង់​យក​ម៉ូតូ និង​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​នៅ​ភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បច្ចុប្បន្ន នាយកដ្ឋាន​បាន​នាំ​ខ្លួន​០៦​នាក់ នៅ​សល់​០៣​នាក់​ទៀត កំពុង​ដើរ​ធ្វើ​សកម្មភាព​នៅ ក្នុង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​។ ដោយ​មានការ​ចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​នាយ​ដ្ឋា​ន នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក របស់​ជនសង្ស័យ​បាន​០៣​នាក់​បន្ថែម​ទៀត​។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ បាន​សារភាព​ដូច​ៗ​គ្នា​ថា ក្រុម​បក្ខពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​វាយ​កាប់​ប្លន់ យក​ម៉ូតូ​បាន​ចំនួន​៣​គ្រឿង និង​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ នៅ​ភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ប្រាកដ​មែន​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​បាន​ម៉ូតូ​ខាងលើ​រួច ឈ្មោះ សុខ សំណាង បាន​យក​ទៅ​លក់​ឲ្យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ម្តុំ​ឃ្លាំ​រំសេវ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ ២០២៤ ជនសង្ស័យ​ឈ្មោះ សុខ សំណាង បាន​ចង្អុលបង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ទទួល​ទិញ​ម៉ូតូ​ខាងលើ​ពី​ខ្លួន​ត្រង់​ចំណុច​ម្តុំ​ឃ្លាំ​រំសេវ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សុង សេរី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​អាសយដ្ឋាន ផ្ទះ​ជួល បន្ទប់​លេខ​៩ ផ្លូវលំ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានមុខរ​បរជា​បុគ្គលិក​កុងស៊ី ឃ្លាំង​លេខ​៧ ផ្ទះ​លេខ​៥​ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យក​មក​សាកសួរ​តាម​នីតិវិធី​។

បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​ចំនួន​៣​គ្រឿង ពី​ឈ្មោះ សុខ សំណាង រួម​មាន​៖ ១-​ម៉ាក​HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ចំនួន​១​គ្រឿង​,២-​ម៉ាក​HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ ចំនួន​១​គ្រឿង ៣-​ម៉ាក​HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ចំនួន​១​គ្រឿង រួច​ឈ្មោះ សុង សេរី បាន​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ ឃ្លាំង​លេខ​៧ ផ្ទះ​លេខ​៥​ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ ខុន សឿ​ន​។

ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ ទីតាំង​ទទួល​ទិញ និង​បញ្ចាំង​ម៉ូតូ​ឃ្លាំង​លេខ​៧ ផ្ទះ​លេខ​៥​ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​មិន​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់លាស់​, ផ្លា​ក​លេខ និង​កាត​គ្រី​មួយ​ចំនួន​ទៀត ដឹក​យក​មក​រក្សា​ទុក​នៅ​នាយ​ដ្ឋា​ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

ក្នុង​ករណី​ជន​រង​គ្រោះ ដែល​ធ្លាប់​បាត់​ម៉ូតូ​អាច​កាន់​ឯកសារ​មក​ធ្វើការ​ផ្ទៀត​ផ្ទាត់ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មា​នទី​តាំងនៅ​ក្នុង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឬ​ទំនាក់ទំនង​លេខ​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល +855 92 899 919៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ