ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ត្រៀម​បំពេញ​ទស្សន​កិច្ច​នៅ​ចិន​ពី​ថ្ងៃ​ទី​១៦-១៧ ខែ​ឧសភា

6 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រធានា​ធិបតី​រុស្ស៊ី លោក​ពូទីន ដែល​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ៗ ​​គ្រោង​បំពេញ​ទស្សន​កិច្ច​នៅ​​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​១៦​-​១៧ ខែ​ឧសភា​តប​តាម​ការ​អញ្ជើញ​ពី​ថ្នាក់​ដឹក​នាំ​ចិន លោក​ស៊ី​ជីន​ពីង ដែល​ចង់​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ច​សហ​ការ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។ គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​របៀប​វារៈ​សំខាន់​ៗ​នោះ​ក៏​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​, ​​បញ្ហា​សេដ្ឋ​កិច្ច-​​​​ពាណិជ្ជ​កម្ម…

ទី​ក្រុង​ម៉ូស្គូ៖ ប្រធានា​ធិបតី​រុស្ស៊ី លោក​ពូទីន ដែល​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ៗ ​​គ្រោង​បំពេញ​ទស្សន​កិច្ច​នៅ​​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​១៦​-​១៧ ខែ​ឧសភា​តប​តាម​ការ​អញ្ជើញ​ពី​ថ្នាក់​ដឹក​នាំ​ចិន លោក​ស៊ី​ជីន​ពីង ដែល​ចង់​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ច​សហ​ការ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។ គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​របៀប​វារៈ​សំខាន់​ៗ​នោះ​ក៏​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​, ​​បញ្ហា​សេដ្ឋ​កិច្ច-​​​​ពាណិជ្ជ​កម្ម និង​​បញ្ហា​​ថាម​ពល​។ នេះ​ជា​ទស្សន​កិច្ច​របស់​លោក​ពូទីន​​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​​​​ចាប់​តាំង​ពី​លោក​ឈ្នះ​ឆ្នោត​​អាណត្តិ​ថ្មី​។

​​ប្រទេស​ចិន​ និង​រុស្ស៊ី​​បើ​មើល​ពី​សម្បក​ក្រៅ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​​។ អាច​និយាយ​បាន​ថា​ជា​មហា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ជា​មួយ​គ្នា។​ ថ្វី​ដ្បិត​អ្នក​វិភាគ​ខ្លះ​យល់​ថា​ប្រទេស​ទាំង​២​មិន​ទុក​ចិត្ត​គ្នា​ប៉ុន្មាន​ទេ​នៅ​ពី​ក្រោយ​​វាំង​នន ប៉ុន្តែ​​​​មុន​ពេល​ផ្ទុះ​​សង្គ្រាម​​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​ ថ្នាក់​ដឹក​នាំ​​ទាំង​២​បាន​​ជួប​គ្នា​ និង​​ប្ដេជ្ញា​​​​ពង្រឹង​មិត្ត​ភាពយ៉ាង​ជិត​ស្និទ្ធ​ឥត​ព្រំ​ដែន​។​

​សម្រាប់​គម្រោង​ទស្សន​កិច្ច​របស់​លោក​ពូទីន​នៅ​ថ្ងៃ​ស្អែក​នេះ ​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​បង្ហើប​ឱ្យ​ដឹង​ថា​​ថ្នាក់​ដឹក​នាំ​​ទាំង​២​នឹង​ពិភាក្សា​អំពី​​អំពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​មួយ​ ​​និង​ខ្សែ​ក្រវាត់​មួយ​​, សភាព​​ការណ៍​នៅ​មជ្ឈិម​បូព៌ា​ និង​ទ្វីប​​អាស៊ី និង​សង្គ្រាម​អ៊ុយ​ក្រែន​។ ​នៅ​ក្នុង​ចំណោម​មន្ត្រី​​សំខាន់​ៗ​ដែល​អម​ដំណើរ​លោក​ពូទីន​ក៏​មាន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្មី​ លោក​បេលូសូហ្វ (Belousov), ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​, លេខាក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី​​ និង​ទី​ប្រឹក្សា​នយោបាយ​ការ​បរទេសផង​ដែរ​​។ ទី​ប្រឹក្សា​រូប​នេះ​បាន​ថ្លែង​ការ​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​គោល​ជំហរ​របស់​ប្រទេស​ចិន​នៅក្នុង​បញ្ហា​អ៊ុយ​ក្រែន​។

គួរ​កត់​សម្គាល់​ថា​​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​​ចំ​ពេល​ចិន និង​អាមេរិក​កំពុង​ប្រកួត​គ្នា​ខ្លាំង​​ទាំង​សេដ្ឋកិច្ច នយោបាយ​ យោធា​ និង​​បច្ចេក​វិទ្យា​រហូត​ដល់​ចង់​បិទ​ទីក​តុក​ចោល​ថែម​ទៀត​​​​។ ​អាមេរិក​ចាត់​ទុក​​ចិន​ជា​គូ​​ប្រជែង​​គ្នា​ដ៏​ធំ​បំផុត ខណៈ​ដែល​រុស្ស៊ី​ជា​គ្រោះ​គំរាម​កំហែង​​ចំពោះ​សន្តិសុខ​ជាតិ​​របស់​ខ្លួន​ខ្លាំង​ជាង​គេ​។ ​តាម​គម្រោង​នៃ​ទស្សន​កិច្ច​នេះ លោក​ពូទីន​នឹង​ជួប​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​លី​ឆៀង (Li Qiang) ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ពិភាក្សា​​អំពី​កិច្ច​សហ​ការ​ខាង​សេដ្ឋ​កិច្ច​ និង​ពាណិជ្ជ​កម្ម​​​។

​ឥឡូវ​នេះ លោក​ពូទីន​​មាន​តែ​មហា​អំណាច​ចិន​នេះ​ហើយ​ជា​ខ្នង​បង្អែក និង​ជា​មិត្ត​ភក្តិ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ពេល​ក្រុម​ប្រទេស​លោក​ខាង​លិច​​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រុស្ស៊ី​។ ប៉ុន្តែ​ទណ្ឌ​កម្ម​នេះ​ហាក់​ដូចជា​មិន​ទាន់​ធ្វើ​ឱ្យ​រុស្ស៊ី​រង​គ្រោះ​ធ្ងន់​ធ្ងរ​ទេ​។ ​​រុស្ស៊ី​ងាក​ទៅ​រក​ស៊ី​ជា​មួយ​ចិន និង​លក់​ទំនិញ​ជា​ប្រេង​ឆៅ និង​វត្ថុ​ធាតុ​ដើម​ទៅ​ឱ្យ​ប្រទេស​ចិន​។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាងប្រទេស​​ចិន និង​រុស្ស៊ី​​​កើន​ឡើង​ដល់​ជាង​២៤០​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​​​២០២៣​។ មាន​ន័យ​ថា​​កើន​ឡើង​២៦,៣%​បើ​ប្រៀប​ធៀប​​នឹង​​ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​នាយក​ដ្ឋាន​គយ​ប្រទេស​ចិន​។ ​ទោះ​បី​ក្រុម​បស្ចិម​ប្រទេស​ដាក់​កំហិត​លើ​ការ​នាំ​ប្រេង​ឆៅ​របស់​រុស្ស៊ី និង​ដាក់​កំហិត​លើ​តម្លៃ​លក់​ចេញ​យ៉ាង​ណា​ក្ដី​ក៏​បិទ​មិន​ជាប់​ទាំង​ស្រុង​ដែរ​។ ​ប្រទេស​ចិន​នៅ​តែ​បន្ត​ទិញ​ប្រេង​ឆៅ​ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ឧស្សាហ​កម្ម​របស់​ខ្លួន​។ ជា​ពិសេស​ ប្រេង​ឆៅ​ទិញ​កាន់​តែ​ច្រើន​​។ កាល​ពី​ឆ្នាំ​២០២៣ ទំហំ​នៃ​ការលក់​ប្រេង​ឆៅ​របស់​រុស្ស៊ី​ទៅ​ប្រទេស​ចិន​កើន​ឡើង​​​២៤%​​។

សូម​ជម្រាប​ថា​មុន​ទស្សន​កិច្ច​របស់​លោក​ពូទីន​ប៉ុន្មាន​ថ្ងៃ​ លោក​ស៊ីជីន​ពីង​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទ្វីប​អឺរ៉ុប​ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​បារាំង​មុន​គេ​។ នៅ​ក្នុង​ជំនួប​ត្រី​ភាគី​រវាង​លោក​ម៉ាក្រុង​ លោក​ស៊ីជីន​ពីង និង​លោកស្រី​ឡីយេន (Leyen) ប្រធាន​គណៈ​កម្ម​​ការ​អឺរ៉ុប​នោះ, លោក​ និង​លោក​ស្រី​បាន​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​ចិន​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ពូទីន​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ