ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្នើ​ឱ្យ​អាស៊ាន​ដើរ​តួនាទី​បុរេ​សកម្ម​នៅ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ភូមា

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ រដ្ឋាភិបាល​ថៃ​អំពាវ​នាវ​ឱ្យ​សមាគម​អាស៊ាន​ដើរ​តួ​នាទី​បុរេ​សកម្ម​​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​ភូមា​។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ថៃ​ខ្លួន​ឯង​កំពុង​​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពិបាក។​​ ម៉្យាង​​ជន​ភៀស​ខ្លួន​ភូមា​សម្រុក​ចូល​ទឹក​ដី​ថៃ​តាម​ច្រក​ស្រុក​មេសូត​ នៃ​ខេត្ត​តាក។ ម៉្យាង​ទៀត​ ការ​ប្រយុទ្ធ​គ្នា​នៅ​កៀក​នឹង​ព្រំ​ដែន​ថៃ​-ភូមា​រវាង​ក្រុម​កុល​សម្ព័ន្ធ​ជាតិ​ការ៉េន (Karen) ទល់​នឹង​ទាហាន​របស់​លោក​មីន​អុងឡាំង​។ ថៃ​បារម្ភ​ថា​បញ្ហា​នេះ​អាច​បង្ក​អស្ថិរ​ភាព…

ទី​ក្រុង​បាងកក៖ រដ្ឋាភិបាល​ថៃ​អំពាវ​នាវ​ឱ្យ​សមាគម​អាស៊ាន​ដើរ​តួ​នាទី​បុរេ​សកម្ម​​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​ភូមា​។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ថៃ​ខ្លួន​ឯង​កំពុង​​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពិបាក។​​ ម៉្យាង​​ជន​ភៀស​ខ្លួន​ភូមា​សម្រុក​ចូល​ទឹក​ដី​ថៃ​តាម​ច្រក​ស្រុក​មេសូត​ នៃ​ខេត្ត​តាក។ ម៉្យាង​ទៀត​ ការ​ប្រយុទ្ធ​គ្នា​នៅ​កៀក​នឹង​ព្រំ​ដែន​ថៃ​-ភូមា​រវាង​ក្រុម​កុល​សម្ព័ន្ធ​ជាតិ​ការ៉េន (Karen) ទល់​នឹង​ទាហាន​របស់​លោក​មីន​អុងឡាំង​។

ថៃ​បារម្ភ​ថា​បញ្ហា​នេះ​អាច​បង្ក​អស្ថិរ​ភាព និង​អសន្តិសុខ​សម្រាប់​ខ្លួន​។​​ចំណុច​សំខាន់​មួយ​ទៀត​ ជម្លោះ​ប្រដាប់​អាវុធ​នេះ​ក៏​ប៉ះ​ពាល់​ខ្លាំង​ផង​ដែរ​សម្រាប់​អ្នក​ជំនួញ​ថៃ​ដែល​ត្រូវ​ដឹក​ឥវ៉ាន់​ទៅ​លក់​នៅ​ទី​ក្រុង​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​ជា​យុទ្ធ​សាស្ត្រ​នៅ​ជាប់​នឹង​ព្រំ​ដែន​តែ​ម្ដង​។ សព្វ​ថ្ងៃ​នេះ ប្រទេស​ភូមា​ត្រូវ​ដិត​ដាម​ដោយ​​សង្គ្រាម​ស៊ីវិល​។ សមាគម​អាស៊ាន​ និង​លោក​មីន​អុង​ឡាំង​ធ្លាប់​ព្រម​ព្រៀង​គ្នា​ទៅ​លើ​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០២១។

​ប៉ុន្តែ​ជាក់​ស្ដែង​​ផែន​ការ​នេះ​មិន​ទាន់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។ ជា​ពិសេស ការ​សំណូម​ពរ​ឱ្យ​​គ្រប់​ភាគី​បិទ​បញ្ចប់​អំពើ​ហិង្សា​ដាក់​គ្នា​ និង​ងាក​មក​រក​តុ​ចរចា​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​ថ្លែង​ថា​ថៃ​ចង់​ឃើញ​អាស៊ាន​ដើរ​តួ​នាទី​បុរេ​សកម្ម​​។ ថៃ​បាន​ពិគ្រោះ​គ្នា​ជា​មួយ​ឡាវ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​នេះ​ និង​ពិគ្រោះ​គ្នា​ជា​មួយ​មីយ៉ាន់​ម៉ា​អំពី​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ក្រុម​ប្រឆាំង​នឹង​លោក​មីន​អុង​ឡាំង​បានចូល​កាន់​កាប់​​ទី​ក្រុង​មីយ៉ាវ៉ាឌី​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ថៃ​។ ប៉ុន្តែ​​ក្រោយ​មក លោក​មីន​អុង​ឡាំង​បញ្ជូន​កង​ទ័ព​ជើង​គោក​​ជា​ច្រើន​កង​ពល និង​វាយ​ផ្គួប​គ្នា​ពី​លើ​អាកាស​ដណ្ដើម​បាន​ទី​ក្រុង​នេះ​មក​វិញ។ ពួក​​​យុទ្ធ​ជន​ការ៉េន​​បាន​ដក​ថយ​ទៅ​តំបន់​ខ្សែ​ក្រវាត់​ក្រុង​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចូ​លកាន់​កាប់​មួយ​ចម្អិន​កំពិស​នេះ​​បង្ហាញ​ថា​សង្គ្រាម​​​ឆាប​ឆេះ​ដល់​ព្រំ​ដែន​ថៃ​ហើយ​​ ហើយ​​ធ្វើ​ឱ្យ​លោក​មីន​អុង​ឡាំង​ពិបាក​​ទប់​ទល់​ម្ដង​ៗ។​

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ថៃ​អះ​អាង​ថា​ជន​ស៊ីវិល​ភូមា​បី​ពាន់​នាក់​ឆ្លង​​ចូល​ដី​ថៃ​។ ទើប​តែ​ឥឡូវ​នេះ​ទេ​ដែល​ពួកគេ​ត្រឡប់​ទៅ​វិញ​ភាគ​ច្រើន​ ​ហើយ​នៅ​សល់​ប្រហែល​​១រយ​នាក់​ទៀត​​​​។ អ្ន​កនាំ​ពាក្យ​ថៃ​ថ្លែង​ថា​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុ​មប្រឆាំង​ និង​របប​សឹក​នេះ​បាន​រីក​រាល​ដាល​ទៅ​ដល់​ទី​ក្រុង​មីយ៉ាវ៉ាឌី​ដែល​ជា​ទី​តាំង​ស្ថិត​នៅ​កៀក​នឹង​ប្រទេស​ថៃ​ខ្លាំង​មែន​ទែន​។ អាស៊ាន​ត្រូវ​តែ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

ប្រទេស​ថៃ​បាន​ស្នើ​សុំ​កោះ​ប្រជុំ​អាស៊ាន​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​​ ហើយ​ចូល​រួម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​មុន,​ ឡាវ​ដែល​ជា​ប្រធាន​ឆ្នាំ​នេះ និង​ម៉ាឡេស៊ី​ជា​ប្រធាន​នៅ​​ឆ្នាំ​ក្រោយ​។​ យោង​តាម​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​ដែល​ព្រម​ព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០២១​នោះ​ ប្រធាន​អាស៊ាន​ជា​អ្នក​តែង​តាំង​អ្នក​តំណាង​ពិសេស​របស់​ខ្លួន​ដើម្បី​តាម​ដាន​ថា​ការ​អនុវត្ត​ផែន​ការ​នេះ​វិវត្ត​ដល់​ណា​ហើយ​។​ ប្រទេស​ឡាវ​មិន​សូវ​និយាយ​លម្អិត​ពេក​ទេ​អំពី​សកម្ម​ភាព​របស់​បេសក​ជន​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ