ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ចិន៤​នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធជម្រិ.ត​ទារប្រាក់​ជាង៥ម៉ឺនដុល្លារពីជនជាតិចិនដូចគ្នា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែឧសភា

រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចាប់បញ្ជូនជន សង្ស័យជាជនជាតិចិនចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទ.ចាប់ជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នា ។

ជនសង្ស័យទាំង៤ នាក់នោះ ៖ ១-ឈ្មោះ WANG YONG ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន MENG SHENG ស្នាក់នៅបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

២-ឈ្មោះ QIN HUI ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ស្នាក់នៅអាគារមួយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

៣-ឈ្មោះ ZHENG YONG ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

៤-ឈ្មោះ CHU ZHUANG ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅអាគារមួយកន្លែង កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ការចាប់បញ្ជូនខ្លួនជនជនសង្ស័យទាំង៤ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីចាប់ជម្រិត​ទារប្រាក់មួយនៅចំណុចខារ៉ាអូខេយីហោ NUMBER9 ស្ថិតនៅផ្លូវសុធារស សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា៦​នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាព ជិះរថយន្តចំនួន២គ្រឿង បានចូលទៅក្នុងបរិវេណខារ៉ាអូខេយីហោ​NUMBER9នោះ ហើយចាប់បង្ខំ ដោយប្រើហិង្សាទៅលើជនរងគ្រោះម្នាក់ឈ្មោះ WANG JIE ភេទប្រុស អាយ២៩ ឆ្នាំ ជាជនជាតិចិនដូនគ្នា រុញបញ្ចូលទៅក្នុងរថយន្តម៉ាកអាល់ហ្វាត ដែលមានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ បិទគូថពីក្រោយ បើកគេចខ្លួនចេញទៅបាត់ គឺយកជនរងគ្រោះទៅជម្រិតទារប្រាក់ជាង៥ ម៉ឺនដុល្លារអាម៉េរិក ។ បន្ទាប់ពីកើតហេតុមានមិត្តភក្ដិជនរងគ្រោះ ដែលនៅស្ថិតទីនោះផ្ទាល់បានទៅដាក់ពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិមូលដ្ឋានចតុមុខ ភ្លាមៗ ស្ដីពីករណីចាប់ជម្រិតទារប្រាក់នោះ ។

ដោយទទួលបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ដែលមានលោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ចាប់ ខ្លួនជនសង្ស័យជាជនជាតិចិនទាំង៤ នាក់ ជាបន្តបន្ទាប់តាំងពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ពីជនរងគ្រោះជាជនជាតិចិនដូចគ្នានោះ ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង៤ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដែលសំណុំរឿងនេះបានស្ថិតនៅលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ