ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការពារ​ការ​ជាតិ ៖ វត្តមាន​នាវា​យោធា​ចិន ២​គ្រឿង នៅ​មូលដ្ឋាន​សមុទ្រ​រាម ដើម្បី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ថ្មី​ៗ​ដល់​កងទ័ពជើងទឹក​កម្ពុជា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ វត្តមាន​នាវា​ចិន ២​គ្រឿង នៅ​កម្ពុជា ជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួងការពារជាតិ​កម្ពុជា​-​ចិន ដោយ​ចិន នឹង​បណ្តុះបណ្តាល​អំពី​ជំនាញ​បច្ចេកទេស ក្នុង​ការ​ប្រើប្រាស់​នាវា ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មី​ៗ​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ ៖ វត្តមាន​នាវា​ចិន ២​គ្រឿង នៅ​កម្ពុជា ជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួងការពារជាតិ​កម្ពុជា​-​ចិន ដោយ​ចិន នឹង​បណ្តុះបណ្តាល​អំពី​ជំនាញ​បច្ចេកទេស ក្នុង​ការ​ប្រើប្រាស់​នាវា ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មី​ៗ​ផ្សេង​ទៀត ដល់​កងទ័ពជើងទឹក​កម្ពុជា ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ពជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា នេះ​បើ​តាម​នាយ​ឧត្តមសេណីយ៍ ឈុំ សុ​ជាតិ អ្នក​នាំពា​ក្រសួងការពារជាតិ ។

អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​ថា នា​ថ្មី​នេះ​ៗ មាន​វិទ្យុ​បរទេស​មួយ បាន​បន្ត​ផ្សព្វផ្សាយ​បំផ្លើសការពិត​ទាំងស្រុង ជា​ថ្មី​ម្តងទៀត ចំពោះ​វត្តមាន​នាវា​យោធា​ចិន ២​គ្រឿង ដែល​បាន​ចូល​ចត នៅ​មូលដ្ឋាន​សមុទ្រ​រាម កងទ័ពជើងទឹក​កម្ពុជា ដោយ​ពួក​គេ​បាន​ចោទប្រកាន់​ថា «​ជា​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ទី​២ នៅ​លើ​ពិភពលោក​»​។

ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​បរទេស​នេះ គឺជា​ការ​មួលបង្កាច់​ទាំងស្រុង ចំពោះ​សភាពការណ៍​ជាក់ស្តែង និង​មាន​ចេតនា​បំភាន់​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ ឱ្យ​មានការ​យល់​ច្រឡំ​ចំពោះ​សកម្មភាព និង​អធិបតេយ្យ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​វត្តមាន​នាវា​យោធា​របស់​ចិន ដែល​បាន​ចូល​មក​ជួយ​ហ្វឺ​ក​ហ្វឺ​ន​បណ្តុះបណ្តាល​កងទ័ពជើងទឹក​កម្ពុជា និង​ត្រៀមខ្លួន ដើម្បី​ធ្វើ​សមយុទ្ធ​នាគ​មាស ដែល​ជា​លំ​ហាត់​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ចិន លើក​ទី​៦ នៅ​ពាក់កណ្តាល​ខែឧសភា​នេះ ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការ​សង្គ្រោះ​មនុស្សធម៌​» ។

វត្តមាន​នាវា​ចិន​២​គ្រឿង​ខាងលើ នៅ​កម្ពុជា ជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួងការពារជាតិ​កម្ពុជា​-​ចិន ដោយ​ចិន នឹង​បណ្តុះបណ្តាល​អំពី​ជំនាញ​បច្ចេកទេស ក្នុង​ការ​ប្រើប្រាស់​នាវា ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មី​ៗ​ផ្សេង​ទៀត ដល់​កងទ័ពជើងទឹក​កម្ពុជា ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ពជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា ខណៈ​ដែល​ប្រទេស​ទាំង​ពីរ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កំពុង​កសាង​សហគមន៍​ជោគវាសនា​រួម ហើយ​ការ​ចូល​នៃ​នាវា​ចិន​នេះ ក៏​ជា​ការ​តេស្ត​សាកល្បង​ចំពោះ​កំពង់​ផែ​រាម ដែល​ភាគី​ចិន​កំពុង​ជួយ​សាងសង់​ឱ្យ​កម្ពុជា ហើយ​កម្ពុជា​ក៏​គ្រោង​នឹង​ទិញ​នាវា​បែប​នេះ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​យោធា​នៅ​ពេល​ខាង​មុខ​ផង​ដែរ មិនមែន​ជា​ការ​តាំង​មូលដ្ឋានទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​សារព័ត៌មាន​បរទេស​ដែល​មាន​និន្នាការ​នយោបាយ​មួយ​ចំនួន​ចុះ​ផ្សាយ​ឡើយ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពី​មូលដ្ឋាន​កងទ័ព​បរទេស​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​ទៅ​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​បន្ត​ដឹកនាំ​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ម្តង​ហើយ ម្តងទៀត ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ហើយ​កម្ពុជា ក៏​មិន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជា​ដាច់ខាត ។

កាលពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​កម្ពុជា ក៏​បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ជុំវិញ​ករណី​នេះ ដោយ​កម្ពុជា មិន​មាន​ភាព​ចាំបាច់ ដែល​ត្រូវ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នោះ​ឡើយ​។ សម្តេច​បាន​ចោទសួរ​ថា «​តើ​កម្ពុជា ត្រូវការ​កងទ័ព​ចិន មក​ធ្វើ​អ្វី ? និង​ដើម្បី​អ្វី ? តើ​កម្ពុជា​ឆោតល្ងង់​រហូត​ដល់​យក​កងទ័ព​ចិន មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​វា​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ឬ ? និង​តើ​ចិន​ឆោតល្ងង់​រហូត​យក​កងទ័ព​ខ្លួន​មក​នៅ​កម្ពុជា ដែល​វា​ផ្ទុយ​ជាមួយ​គោលការណ៍​គោរព​ឯករាជ្យ​ភាព​កម្ពុជា ពី​សំណាក់​ចិន ឬ ?​» ។

សូម​ជម្រាប​ថា ក្នុង​ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ គិរី​សួគ៌ ស្ថិត​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បញ្ជាក់ ២​ចំណុច​ផង​ដែរ នោះ​គឺ ៖ «​ទី​១៖ រដ្ឋធម្មនុញ្ញ​កម្ពុជា គ្មាន​ឱ្យ​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ទេ ហើយ​កម្ពុជា​គ្មាន​មហិច្ឆតា ឬ​គ្មាន​គោល​គំនិត ហើយ​គ្មាន​ភាព​ក្លាហាន ក្នុង​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​នោះ​ទេ យើង​មិន​ឱ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ និង​ទី​២៖ យើង​មិន​ឱ្យ​ប្រើប្រាស់​ប្រទេស​យើង​ជា​មូលដ្ឋាន​ប្រឆាំង​នឹង​ប្រទេស​ណា​នោះ​ទេ កុំ​ថា​ដល់​មូលដ្ឋានទ័ព សូ​ម្បី​តែ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ប្រឆាំង​ប្រទេស​ណាមួយ ក៏​យើង​មិន​ឱ្យ​នោះ​ដែរ​» ។

អ្នកនាំពាក្យ បាន​គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​សង្ឃឹមថា ការ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ម្តង​ហើយ ម្តងទៀត​របស់​កម្ពុជា នឹង​អាច​លុប​បំបាត់​ការ​បំភ្លៃ ការ​បំផ្លើស​ព័ត៌មាន​របស់​សារព័ត៌មាន​បរទេស និង​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ព​បរទេស​នេះ​តទៅ​ទៀត​” ៕

អត្ថបទសរសេរ ដោយ