ទីក្រុងអាប៊ូចា៖ មានករណីអ្នកទោសហែកគុកនៅប្រទេសនីហ្សេរីយ៉ាស្ថិតនៅទ្វីបអាហ្វ្រិកកាលពីពេលថ្មីៗនេះបណ្ដាលឱ្យអ្នកជាប់ឃុំយ៉ាងតិច១១៨នាក់រត់គេចខ្លួនទៅទីកន្លែងណាមិនពិតប្រាកដ។ សមត្ថកិច្ចកំពុងតែតាមប្រមាញ់ពួកគេត្រឡប់មកជាប់គុកវិញយ៉ាងវក់វីរជាទីបំផុត។ សាក្សីនិយាយថាមុនពេលកើតហេតុមានភ្លៀងធ្លាក់ខ្លាំងមួយប្រាវ ហើយធ្វើឱ្យទីតាំងគុកនេះរងការខូចខាត។ ពន្ធនាគារមួយកន្លែងនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីអាប៊ូចានៃប្រទេសនីហ្សេរីយ៉ានោះទេ។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងធ្វើឱ្យពន្ធនាគារដ៏ទ្រុឌទ្រោមដែលមានប្រព័ន្ធការពារសន្តិសុខកម្រិតមធ្យម១កន្លែងនេះចាប់ផ្ដើមលិចលង់បរិវេណពន្ធនាគារ និងបន្ទប់ឃុំឃាំង។ នេះបើយោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។ ក្រោយហេតុការណ៍អ្នកទោសហែកគុកនេះ កងសន្តិសុខជាតិបន្តតាមរកពួកគេយ៉ាងដុតដៃដុតជើង។ រហូតមកដល់ពេលនេះ គេចាប់បានអ្នកទោសដប់នាក់ត្រឡប់មកវិញ។ សមត្ថកិច្ចកំពុងធ្វើការយ៉ាងក្ដៅគគុកដើម្បីតាមចាប់អ្នកទោសហែកគុកដទៃទៀត។

អ្នកនាំពាក្យនីហ្សេរីយ៉ាថ្លែងថាសាធារណជនអាចចូលរួមចំណែកតាមចាប់អ្នកទោសទាំងនោះប្រគល់ទៅឱ្យសមត្ថកិច្ច។ បើរកឃើញករណីគួរឱ្យសង្ស័យក៏អាចរាយការណ៍ទៅសមត្ថកិច្ចករណីផងដែរ។ អ្នកនាំពាក្យរូបនេះមិនបានបកស្រាយលម្អិតថាក្រុមណាដែលចូលដៃ ឬជួយសម្រួលការហែកគុកលើកនេះទេ។ ប៉ុន្តែគេដឹងថាកាលពីពេលកន្លងមកក្រុមឧទ្ទាមជ្រុលនិយមឈ្មោះបូកូហារ៉ាម (Boko Haram) ធ្លាប់ត្រូវសមត្ថកិច្ចយកទៅដាក់ឃុំនៅក្នុងពន្ធនាគារនេះ។ មានន័យថាអាចជាក្រុមនេះហើយដែលចូលទៅរំដោះគ្នារបស់ពួកគេ។

សព្វថ្ងៃនេះនៅប្រទេសនីហ្សេរីយ៉ា បញ្ហាអ្នកទោសហែកគុកបានក្លាយជាកង្វល់ដ៏ធំមួយនៅពេលដែលបន្ទប់ឃុំឃាំងមានទំហំតូចចង្អៀតខ្លាំង ខណៈអ្នកជាប់ឃុំមានចំនួនកាន់តែច្រើនហួសកំណត់ គួបផ្សំនឹងការទទួលបានថវិកាខ្សត់ខ្សោយខ្លាំងសម្រាប់ប្រើប្រាស់ពង្រឹងសន្តិសុខ និងគុណភាពសេវានៅក្នុងពន្ធនាគារ។ ម៉្យាងទៀត ប្រព័ន្ធសន្តិសុខការពារអ្នកជាប់ឃុំក៏មិនសូវរឹងមាំប៉ុន្មានដែរ។ បញ្ហានេះងាយស្រួលធ្វើឱ្យពួកអ្នកទោសមានឱកាសល្អដើម្បីហែកគុករត់គេចខ្លួនបានសម្រេច។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានករណីអ្នកទោសហែកគុករត់គេចខ្លួនរាប់ពាន់នាក់ដោយសារតែអគារឃុំឃាំងអ្នកទោសសាងសង់មិនសូវរឹងមាំ គួបផ្សំនឹងការវាយប្រហារពីពួកកងកម្លាំងប្រដាប់អាវុធដែលប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចដែលគួរកត់សម្គាល់គឺករណីហែកគុករំដោះអ្នកទោសកាលពីខែកក្កដា ឆ្នាំ២០២២ពីសំណាក់ក្រុមឥស្លាមជ្រុលនិយមនៅពន្ធនាគារដែលមានប្រព័ន្ធការពាររឹងមាំកណ្ដាលរដ្ឋធានីអាប៊ូចា។ កាលនោះ អ្នកទោស៤៤០នាក់រត់គេចចេញពីមន្ទីរឃុំឃាំង។

នៅត្រង់ចំណុចនេះអ្នកនាំពាក្យនីហ្សេរីយ៉ាបញ្ជាក់ថាកងសន្តិសុខជាតិមិនមែនព្រងើយកន្តើយ ឬមិនដឹងអំពីសភាពចាស់ទ្រុឌទ្រោមនៃពន្ធនាគារមួយកន្លែងនេះដែលសាងសង់តាំងពីសម័យអាណានិគមអង់គ្លេស។ ដូច្នេះ វាត្រូវតែចាស់ និងទ្រុឌទ្រោមទៅតាមអាយុកាលរបស់វា។ ឥឡូវនេះនីហ្សេរីយ៉ាកំពុងខិតខំធ្វើទំនើបកម្មប្រព័ន្ធពន្ធនាគាររបស់ខ្លួន។ ក្នុងនោះមានការសងសង់ពន្ធនាគារ៦កន្លែងថ្មីទៀត។ មួយកន្លែងៗអាចដាក់អ្នកទោសបានបីពាន់នាក់។ ចំណែកពន្ធនាគារដែលចាស់ទ្រុឌទ្រោមក៏កំពុងជួសជុលកែលម្អផងដែរ៕





ចែករំលែកព័តមាននេះ