បើមិនមានអ្វីប្រែប្រួលក្បាលរថភ្លើងជជុះនៅជប៉ុនគ្រោងនឹងមកដល់កម្ពុជា នៅក្នុងរង្វង់ចុងសប្តាហ៍នេះ នៅក្នុងគោលបំណងប្រកបដោយសុទិដ្ឋិនិយមចំពោះគម្រោងកែលម្អវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាក់ទងនឹងសុវត្ថិភាពល្បឿន និងប្រសិទ្ធភាពសម្រាប់ការដឹក ជញ្ជូនដែលមានតម្លៃទាប ។ នៅក្រោយពេលដែលព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Royal Railway…
បើមិនមានអ្វីប្រែប្រួលក្បាលរថភ្លើងជជុះនៅជប៉ុនគ្រោងនឹងមកដល់កម្ពុជា នៅក្នុងរង្វង់ចុងសប្តាហ៍នេះ នៅក្នុងគោលបំណងប្រកបដោយសុទិដ្ឋិនិយមចំពោះគម្រោងកែលម្អវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាក់ទងនឹងសុវត្ថិភាពល្បឿន និងប្រសិទ្ធភាពសម្រាប់ការដឹក ជញ្ជូនដែលមានតម្លៃទាប ។
នៅក្រោយពេលដែលព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយាល់ហ្គ្រូប បានបង្ហើបភ្លាមសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយព្រោងព្រាតហើយក៏មានមតិចម្រុះ ។ អ្នកដែលរិះគុណដោយសារតែរថភ្លើងដែលយកមកនេះមិនមែនជារថភ្លើងថ្មីនោះទេ វា គឺជា រថភ្លើងដែលប្រើប្រាស់ហើយនៅជប៉ុន ខណៈដែលអ្នកស្វាគមន៍វិញបានបង្ហាញពីការជឿ ជាក់លើគុណភាពនៃគ្រឿងយន្តរបស់ជប៉ុនទោះបីជាវាជាក្បាលរថភ្លើងដែលប្រើប្រាស់ ហើយក៏ដោយ ។
តាមការចុះផ្សាយដោយសារព័ត៌មាននៅក្នុងស្រុករថភ្លើងនេះត្រូវបានគេដឹងថា គឺជាប្រភេទ រថភ្លើង គីហា សេរី ១៨៣ (KiHa 183 series) ។ រថភ្លើងនេះត្រូវបានជប៉ុនដាក់ឲ្យប្រើប្រាស់ តាំងតែពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨០ ហើយមកដល់ពេលនេះនៅជប៉ុនកន្លែងខ្លះគេលែងប្រើ តែកន្លែងខ្លះនៅតែបានបន្តប្រើប្រាស់នៅឡើយ ។ រថភ្លើងប្រភេទនេះ ត្រូវបានគេដឹងថា ប្រើប្រាស់ថាមពលប្រេងម៉ាហ្ស៊ូតដែលអាចរត់បានរហូតដល់ជាង១០០គីឡូនៅក្នុងមួយម៉ោង ។ វាធ្លាប់បានប្រើប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ហើយនិងប្រទេសថៃចាប់តាំងពីឆ្នាំ២០២១ ដល់បច្ចុប្បន្ននេះ ។
ផ្អែកតាមព័ត៌មាននេះ ប្រសិនបើរថភ្លើងដែលក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូបបានបញ្ជាទិញហើយ កំពុងតែដឹកមកកម្ពុជា គឺជាប្រភេទរថភ្លើង គីហា សេរៀ ១៨៣ នេះមែននោះវាទំនងជាមិនអន់ពេកនោះដែរ ទោះបីជាវាជារថភ្លើងជជុះ ឬជប៉ុនប្រើប្រាស់ក៏ដោយចុះ ។
រថភ្លើងនេះតាមពិតទៅ គឺវាមានម៉ូដែលច្បាស់លាស់ ហើយមានប្រភព និងមានការប្រើប្រាស់មានកាលបរិច្ឆេទត្រឹមត្រូវ ដែលអាចនឹងខុសពីរថភ្លើងមួយប្រភេទដែលកម្ពុជាបានទិញពីម៉ិកស៊ីកូ កាលពីឆ្នាំ២០១៩ ដែលបានដាក់ឲ្យប្រើប្រាស់មិនបានប៉ុន្មានខែផងក៏ត្រូវផ្អាក និងបាត់ដំណឹងរហូតដល់បច្ចុប្បន្ន ។
មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងតែជំរុញឲ្យមានការធ្វើទំនើបកម្មប្រព័ន្ធផ្លូវរថភ្លើងដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿនក៏ដូចជាការកសាងផ្លូវរថភ្លើងថ្មីក្នុងស្រុក និងតភ្ជាប់ផ្លូវដែកទៅប្រទេសជិតខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសកម្មភាព ដឹកជញ្ជូនតាមផ្លូវដែកធៀបនឹងផ្លូវដឹកជញ្ជូនឯទៀត ពិសេស គឺផ្លូវថ្នល់ និងអាកាស គឺខុសគ្នាឆ្ងាយណាស់ ។
ដើម្បីស្តារវិស័យដឹកជញ្ជូនផ្លូវដែកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់រាប់ សិបលានដុល្លារដោយថវិកាជាតិកម្ចី និងជំនួយបច្ចេកទេស ក៏ដូចជា សម្ភារៈពីស្ថាប័នក៏ដូចជាប្រទេសមួយចំនួនដោយរួមទាំងធនាគារអភិវឌ្ឈន៍អាស៊ីជាដើម ។
តាមការខិតខំនេះ ផ្លូវដែកភាគខាងជើង មានប្រវែង៣៨៦គីឡូម៉ែត្រ ពីភ្នំពេញទៅប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ បានជួសជុលរួចហើយ ក្រោយពេលដែលវាបានសាងសង់តាំងពីចន្លោះ ឆ្នាំ១៩២៩ ដល់១៩៤២ និងផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ១៩៦០ ដល់១៩៦៩ មានប្រវែង២៦៤គីឡូម៉ែត្រភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ។
ក្រោយការជួសជុលរាជរដ្ឋាភិបាលបានប្រគល់សម្បទានទៅអោយក្រុមហ៊ុន រ៉ូយ៉ាល់ហ្គ្រូប ធ្វើប្រតិបត្តិការរួមជាមួយនឹងក្រុមហ៊ុនអូស្ត្រាលី ហើយក្រោយមកក៏ត្រូវបានក្រុមហ៊ុនអូស្ត្រាលីដកខ្លួន ។ គិតដល់ឆ្នាំ២០២៣ សកម្មភាពមានតិចតួចដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការដឹកជញ្ជូនទំនិញ គឺសម្រេចបានបរិមាណសរុប១,០៥ លានតោនដោយនៅក្នុងនោះទំនិញនាំចេញបាន៣៩ភាគយ ស្មើរនឹង៤១១.០២០ តោន ហើយទំនិញនាំចូលវិញ គឺមាន៦១ភាគរយ ស្មើរនឹង៦៤២.៣៥២តោន ។
ដោយឡែក ការដឹកជញ្ជូន អ្នកដំណើរវិញ គឺបានតិចតួចមែនទែន ពោល គឺត្រឹមតែ ១០៤.២៥០នាក់ ដោយនៅក្នុងនោះការដឹកជញ្ជូនតាមខ្សែផ្លូវភ្នំពេញទៅប៉ោយប៉ែត គឺបានចំនួនសរុប៣១ភាគរយស្មើរនឹង៣១.៩៦២នាក់ និងខ្សែភ្នំពេញទៅព្រះសីហនុ គឺសម្រេចបាន៦៩ភាគរយស្មើនឹង៧២.២៨៨ នាក់ ។
សរុបមកវិញ ប្រសិនរថភ្លើងដែលក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រូប នាំចូលមកជារថភ្លើងគីហា សេរី ១៨៣ មែននោះវាអាចជាជម្រើសប្រសើរមួយសម្រាប់កម្ពុជា ។ ដោយមើលទៅក្បាលរថភ្លើង នេះមានទំហំត្រឹមត្រូវនឹងខ្នាតផ្លូវដែកដែលកម្ពុជាបានខិតខំ និងចំណាយថវិកានៅក្នុងការស្តារ ខណៈដែលអាយុកាលនៃការប្រើប្រាស់ទោះបីជាវាផលិតតាំងពីឆ្នាំ១៩៨០ មែន ប៉ុន្តែជប៉ុននៅតែបន្តប្រើប្រាស់នៅឡើយ ។ ដូច្នេះវាពិតជាសាកសម ហើយសង្ឃឹមថា ពលរដ្ឋនឹងគាំទ្រវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅក្នុងស្រុកយើង ៕
ចែករំលែកព័តមាននេះ