«ចិននឹងជាអ្នកគាំទ្រខ្លាំងបំផុត និងជាដៃគូដែលគួរទុកចិត្តបំផុតរបស់កម្ពុជា»នេះ គឺជាសម្តីរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលបានបំពេញទស្សនកិច្ច នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ។…
«ចិននឹងជាអ្នកគាំទ្រខ្លាំងបំផុត និងជាដៃគូដែលគួរទុកចិត្តបំផុតរបស់កម្ពុជា»នេះ គឺជាសម្តីរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលបានបំពេញទស្សនកិច្ច នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ។ សម្តីរបស់លោកវ៉ាងយី ខាងលើនេះ គឺយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារ័ពត៌មានចិនស៊ីន ហួរ កាលពីថ្ងៃទី២២ ខែមេសា ។
ចំណែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃខុទ្ទការល័យនាយករដ្ឋមន្ត្រីកម្ពុជាបានអោយដឹងផងដែរថា លោក វ៉ាង យី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មីអោយលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ។
អនាគតរួមគ្នា គឺមានន័យថា បេះដូងកម្ពុជា និងចិននឹងលោតក្នុងចង្វាក់តែមួយ ។ ចិនមានការអភិវឌ្ឍ កម្ពុជាក៏មានការអភិវឌ្ឍដែរ ។ បញ្ហារបស់កម្ពុជាក៏ជាបញ្ហារបស់ចិន ហើយបញ្ហារបស់ចិនក៏ជាបញ្ហារបស់កម្ពុជា ។ នៅពេលយន្តហោះបាននាំលោកវ៉ាង យី ចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ដើម្បីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា លោកបានបន្សល់ទុកនូវការសន្យាដ៏កក់ក្តៅបំផុតសម្រាប់រដ្ឋាភិបាល និងមេដឹកនាំកម្ពុជា ។
«អ្នកគាំទ្រខ្លាំងបំផុត» គឺពិតជាសម្តីដែលគេមិនបានលឺចេញពីប្រមុខការទូត ណាមួយបានិយាយប្រាប់កម្ពុជាឡើយ ។ សម្តីនេះ គឺជាការសន្យាថាចិននឹងជួយដល់កម្ពុជាគ្រប់បែបយ៉ាងតាមដែលខ្លួនអាចធ្វើទៅបានលើគ្រប់វិស័យពិសេសដូចជា វិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យាជាដើម ។
ការគាំទ្រទាំងអស់របស់ចិនមានចេតនាមួយ គឺសម្រេចអោយបានសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នា ។ លោក វ៉ាង យី បានអោយដឹងថា ការអភិវឌ្ឍរបស់ចិននឹងក៏ផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍកម្ពុជា ។ ចិនមានគោលបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដើម្បីសម្រេចបានការអភិវឌ្ឍរួមគ្នា ហើយបន្តថែរក្សាការបង្កើតសហគមន៍កម្ពុជា-ចិន វាសនារួមគ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រាប់ដល់ភាគីចិនវិញថា កម្ពុជាវាយតម្លៃយ៉ាងខ្ពស់ចំពោះគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) ដែលបានចូលរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជានៅក្នុងការកសាងហេត្ថារចនាស័ម្ពន្ធដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាដើមដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
សម្តេចធិបតីក៏សម្តែងការសប្បាយរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាពកាលពីឆ្នាំ២០២៣ ។ សម្តេច ធិបតី ក៏បានមានប្រសាសន៍ផងដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន-ប្រជាជន សម្តេចមានជំនឿថារំហូរវិនិយោគ និងអ្នកទេសចរមកពីប្រទេសចិននឹងកើនឡើងថែមទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបជាមួយ លោក វ៉ាង យី កាលពីថ្ងៃទី២២ ខែមេសា សម្តេចធិបតី ក៏បានស្នើអោយភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតក្នុងប្រទេសកម្ពុជា ។
រហូតមកទល់ពេលនេះ ចិនជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ជាងគេបំផុតសម្រាប់កម្ពុជារហូតដល់មានអ្នកវិភាគខ្លះថា កម្ពុជាពឹងផ្អែកខ្លាំងពេកលើប្រទេសចិន ហើយអាចធ្វើអោយកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិន ។ សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយកដ្ឋមន្ត្រីបានឆ្លើយតបវិញថា បើសិនជាកម្ពុជាមិនពឹងចិនអោយកម្ពុជាពឹងនរណា ខណ:សម្តេចក៏អះអាងផងដែរថា កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការ និងមានបំណងធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ។ ខណៈដែលចិនបានសន្យាតាំងចិនក្លាយជាខ្នងបង្អែកដ៏រឹងមាំបំផុតសម្រាប់កម្ពុជានោះ តើចិនចង់បានអ្វីពីកម្ពុជា?
នៅក្នុងពិភពលោកដែលកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងរវាងប្រទេសមហាអំណាចនោះ ប្រទេសមហាអំណាចទាំងចិន និងអាមេរិក សុទ្ធតែត្រូវការមិត្ត និងអ្នកគាំទ្រពីប្រទេសនានា មិនថាតូច ឬធំឡើយ ទៅលើនយោបាយជាតិ និងអន្តរជាតិរបស់ពួកគេ ។ ក្នុងន័យនេះ ចិនត្រូវការកម្ពុជា ដើម្បីគាំទ្រដល់គោលនយោបាយជាតិ និងអន្តរជាតិរបស់ខ្លួនផងដែរ ជាពិសេសទាក់ទងនឹងគោលនយោបាយចិនតែមួយបញ្ហាកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ព្រមទាំងបញ្ហាតំបន់ និងពិភពលោកផ្សេងៗទៀត ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាទាក់ទងនឹងលទ្ធផលទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជានោះក៏បានបង្ហាញផងដែរថា កម្ពុជាបញ្ជាក់ឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងអោយប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិនប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពតៃវ៉ាន់គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ ។
ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាក៏បានបញ្ជាក់ប្រាប់ភាគីចិនថា កម្ពុជារួមជាមួយចិនលើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដើម្បីអោយវាឆាប់បានបញ្ចប់ ។
ការសន្យារបស់កម្ពុជានៅក្នុងការគាំទ្រទាំងនេះធ្វើអោយលោក វ៉ាង យី វិលត្រឡប់ទៅកាន់ប្រទេសចិនវិញជាមួយនឹងការសប្បាយរីករាយហើយមានទំនុកចិត្តកាន់តែខ្លាំងចំពោះមិត្តកម្ពុជា ។ ចំណែកមេដឹកនាំកម្ពុជាវិញក៏ញញឹមបិទមាត់មិនជិតដែរ ចំពោះការធានារបស់ចិនក្នុងការផ្តល់ខ្នងបង្អែក ដ៏រឹងមាំបំផុតសម្រាប់កម្ពុជាទៅលើវិស័យនានារបស់កម្ពុជាពិសេសវិស័យការពារជាតិ សេដ្ឋកិច្ច វប្បធម៌ និបច្ចេកវិទ្យា។
ជាសន្និដ្ឋាន កម្ពុជា និងចិនបានសន្យា ដើម្បីប្តេជ្ញាចិត្តធ្វើជាមិត្តនឹងគ្នាគ្រប់ពេលវេលា ។ កម្ពុជានឹងចិននឹងធ្វើដំណើរឆ្ពោះទៅកាន់ជោគវាសនារួមគ្នា ។ ចិន និងកម្ពុជាប្រៀបដូចជារៀងកាយពីរតែជីវិតតែមួយ ៕
ចែករំលែកព័តមាននេះ