រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានប្រកាសទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំង ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ជូនលោក ជា ប៉ូច ។ ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។
សម្តេចតេជោ សូមយកឱកាសនេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងសូមលើកលែងទោសឲ្យពួកគេ តែយើងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តដើរតាមជនក្បត់ជាតិនេះ ជាដាច់ខាត។ យើងនឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀត ដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឲ្យបានទេ ចំពោះជនណា ឬក្រុមណាក៏ដោយ មិនថា ខ្មែរ ឬបរទេស ដែលចង់ដុតផ្ទះយើង ដើម្បីចម្អិនពងមាន់របស់អ្នកបានឡើយ» ។
សូមជម្រាបថា សរសេលិខិតពីប្រទេសអូស្ត្រាលី លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង ដោយសុំទោសសម្តេចតេជោ ហ៊ុន សែន ។
យោងតាមលិខិតមួយច្បាប់របស់លោក ជា ប៉ូច ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទ ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ពិតជាមានការសោកស្តាយ ដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សម្តេចតេជោ ។
លោក ជា ប៉ូច បានបញ្ជាក់ថា ៖ “ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នៅក្នុងន័យនេះដែរ ខ្ញុំបាទសូមជម្រាបជូនសម្តេចតេជោ ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួនពីលោក សម រង្សី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្ស ភ្លើងទៀន និងគណបក្ស ដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមូលបង្កាច់ ការជេរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន” ។
លោកបានបន្ថែមថា អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការលើកលែងការចោទប្រកាន់ដល់រូបខ្ញុំបាទ ចំពោះទង្វើ ដែលខ្ញុំបាទ បានប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ សូមផ្តល់ឱកាសឲ្យរូបខ្ញុំបាទ បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ៕

ចែករំលែកព័តមាននេះ