ផ្លែដូងស្រស់របស់កម្ពុជានឹងមានវាសនាល្អ ហើយអាចនាំចូលលក់ក្នុងប្រទេសចិនដូចជា ចេក ស្វាយ និងមៀនប៉ៃលិនផងដែរនៅឆ្នាំនេះ បន្ទាប់ពីកម្ពុជា និងចិន បានរៀបចំពិធីអបអរសាទរដល់ផ្លែដូងស្រស់កម្ពុជា ដែលចិនអនុញ្ញាតអោយនាំចូលប្រទេសចិនក្នុងអំឡុងពេលដែលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់២៣ មេសា ឆ្នាំ២០២៤ ។


ការនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិនត្រូវរំពឹងថា នឹងចាប់ផ្តើមក្នុងឆ្នាំនេះ ។ ដូច្នេះនេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាដែលដាំដូងលក់។
គួររំលឹកថា ប្រទេសចិនបានប្រកាសអនុញ្ញាតអោយដូងស្រស់កម្ពុជាចូលទីផ្សារចិនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្លែដូងស្រស់នឹងក្លាយជាផ្លែឈើទីបួនដែលអាចនាំយកទៅលក់នៅប្រទេសចិន បន្ទាប់ពីផ្លែចេក ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន បាននាំទៅលក់នៅទីផ្សារចិនរួចហើយ ។

ដូច្នេះប្រជាជនកម្ពុជា ដែលដាំដូងលក់ គួរតែធ្វើយ៉ាងណាអោយផ្លែដូងស្រស់របស់ខ្លួនគោរពតាមស្តង់ដារនៃការនាំចេញទៅកាន់ប្រទេសចិន ដើម្បីទទួលបានផលប្រយោជន៍ពីការបើកទីផ្សារនេះ ។
ដើម្បីបានទទួលព័ត៌មានលម្អិតទាក់ទងនឹងការនាំដូងស្រស់កម្ពុជាទៅលក់នៅចិន ប្រជាជនដែលដាំដូងលក់គួរតែទាក់ទងនឹងក្រសួងកសិកម្មកម្ពុជា ៕

ចែករំលែកព័តមាននេះ