ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រចិនបារម្ភកាន់តែខ្លាំងលើវិស័យបាល់ទាត់ខ្លួន ក្រោយការបរាជ័យនៅ U23 Asian Cup

3 ខែ មុន

ប្រទេសចិន ៖ បន្ទាប់ពីចាញ់២ប្រកួតនៅក្នុងវគ្គចែកពូល ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុ

ប្រទេសចិន ៖ បន្ទាប់ពីចាញ់២ប្រកួតនៅក្នុងវគ្គចែកពូល ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចេញពីពានរង្វាន់ជើងឯកអាស៊ីយុវជនអាយុក្រោម២៣ឆ្នាំ ឆ្នាំនេះ (AFC U-23 Asian Cup 2024) ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកគាំទ្របង្ហាញការខកចិត្តយ៉ាងខ្លាំង។

ក្រុម U-23 ចិន បានធ្វើដំណើរទៅប្រកួតពានរង្វាន់ AFC U-23 Asian Cup 2024 នៅប្រទេសកាតា ជាមួយការរំពឹងទុកខ្ពស់ថានឹងឆ្លងផុតវគ្គចែកពូល បន្ទាប់ពីការធ្វើមិនបានល្អពីការប្រកួតមុនៗជាច្រើនដង។ ប៉ុន្តែទោះយ៉ាងក៏ដោយ ការរំពឹងទុកត្រូវបានរលាយសូន្យ បន្ទាប់ពីឆ្លងកាត់៣ប្រកួតក្នុងពូល B ចាញ់២ និងឈ្នះ១ ដោយចាញ់ជប៉ុនលទ្ធផល ១-០ និងចាញ់កូរ៉េខាងត្បូងលទ្ធផល ២-០ នៅ២ប្រកួតដំបូង មុនពេលឈ្នះអារ៉ាប់រួមលទ្ធផល ២-១ នៅប្រកួតចុងក្រោយ និងបានហាលអាវជាមួយអារ៉ាប់រួម ត្រឹមវគ្គចែកពូល។

ជាមួយនឹងការបរាជ័យនេះ គេហទំព័រព័ត៌មានចិន 163 មិនបានលាក់បាំងអារម្មណ៍ខកចិត្តរបស់ខ្លួននោះទេ ហើយបានហៅលទ្ធផលមិនល្អរបស់ U-23 ចិនក្នុងការប្រកួតពានរង្វាន់ AFC U-23 Asian Cup 2024 ថា «ពិតជាគួរឱ្យអស់សំណើចណាស់» ហើយបានបង្ហាញការបារម្ភយ៉ាងខ្លាំងអំពីអនាគតបាល់ទាត់ចិន ដោយបន្តលើកឡើងថា «ក្រឡេកមើលលទ្ធផល U-23 ចិន វាជារឿងអកុសលណាស់ក្នុងការទទួលស្គាល់ថា បាល់ទាត់ចិននៅឆ្ងាយពីការដើរក្នុងទិសដៅត្រឹមត្រូវ។

នៅដើមឆ្នាំនេះ ក្រុមបាល់ទាត់ជម្រើសជាតិចិន (ឈុតធំ) បានធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup 2023 ត្រឹមវគ្គចែកពូលដូចគ្នា ជាមួយនឹងស្ថិតិដ៏អាក្រក់ស្មើ២ និងចាញ់១ ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីសូម្បី១គ្រាប់លើគូប្រកួត ហើយបើមកមើលលើទម្រង់លេងក្រុម U-23 វិញ គឺកាន់តែអាក្រក់​ថែមទៀត។ ត្រង់ចំណុចនេះ គេហទំព័រព័ត៌មានចិន 163 បានបន្ថែមថា «អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតពីលើនេះទៀតគឺថា នៅប៉ុន្មានឆ្នាំខាងមុខ កីឡាករទាំងនេះនឹងក្លាយជាកម្លាំងស្នូលនៃក្រុមឈុតធំ»។

ដោយឡែក កាសែតចិន Sina ឯណោះវិញ បានលើកឡើងថា «វាជាលទ្ធផលគួរឱ្យខកចិត្ត។ ក្នុងរយៈពេល៦ខែកន្លងមកនេះ ការបង្ហាញទម្រង់លេងរបស់ក្រុម U-23 ចិន មិនទាន់ដល់ស្ដង់ដារទេ។

ពួកគេចាញ់ការប្រកួតមិត្តភាពច្រើនពេក ជាពិសេសចាញ់ក្រុម U-23 ម៉ាឡេស៊ី និងជាលើកទី១ ហើយដែលចិនចាញ់ម៉ាឡេស៊ី។ នៅពេលនោះ មានការព្រួយបារម្ភថា ក្រុមនឹងខកខានការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះ ហើយឥឡូវនេះវាបានក្លាយជាការពិតហើយ»។

ជាមួយនឹងការចែករំលែកទស្សនៈដូចគ្នានេះ ក្រឡេកទៅកាសែត Sohu ឯណោះវិញ បានរិះគន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូររបស់គ្រូបង្វឹកក្រុម U-23 ចិន លោក Cheng Yaodong ដោយបានដាក់អ្នកចាំទីកម្ពស់២ម៉ែត្រ Yu Jinyong លេងជាខ្សែប្រយុទ្ធ។ កាសែតនេះបានសរសេរថា «ចិនបានចាញ់ ១៣ប្រកួត ហើយបានធ្លាក់ចេញពីវគ្គចែកពូលពានរង្វាន់ U23 Asian Cup ជាលើកទី៥ជាប់ៗគ្នា។ លទ្ធផលដ៏អាម៉ាស់នេះ លែងជាបញ្ហារបស់កីឡាករ ឬគ្រូបង្វឹកតែ២-៣នាក់ទៀតហើយ»។

អ្នកគាំទ្រចិននៅតែរង់ចាំ និងចង់ឃើញការអភិវឌ្ឍនៃវិស័យបាល់ទាត់ចិន ដូចទៅនឹងកម្រិតប្រទេសធំៗ ដែលខ្លាំងលើវិស័យកីឡាដ៏មានប្រជាប្រិយភាពបំផុតរបស់ពិភពលោកមួយនេះ ក៏ដូចជាឱ្យសក្តិសមនឹងចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២របស់ពិភពលោក។ ស្របពេលដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានពណ៌នាថា លោកជាអ្នកគាំទ្របាល់ទាត់ម្នាក់ ហើយមានសុបិនចង់ឱ្យប្រទេសចិនធ្វើម្ចាស់ផ្ទះ និងឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃណាមួយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ការប្រកួតពានរង្វាន់ AFC U-23 Asian Cup 2024 បានរកឃើញ៦ក្រុមហើយ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដែលរួមមាន ម្ចាស់ផ្ទះកាតា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ