(ថៃ)៖ ថៃរំពឹងថានឹងនាំចេញទុរេនប្រហែល១លានតោនដែលមានតម្លៃប៉ាន់ស្មាន១៣០ពាន់លានបាត (៣.៥៣ពាន់លានដុល្លារ) នៅឆ្នាំនេះ ជាមួយនឹងការនាំចេញភាគច្រើនទៅកាន់ប្រទេសចិន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកThammanat Prompao ។

មន្ត្រីរូបនេះបានណែនាំឲ្យក្រុមប្រឹក្សា ជួបសំណេះសំណាលជាមួយកសិករដាំទុរេន អ្នកតម្រៀប និងកាត់ទុរេន សហគ្រិន ប្រតិបត្តិកររោងចក្រកាត់ និងវេចខ្ចប់ អ្នកនាំចេញ និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ដើម្បីធានាថា ទុរេនសម្រាប់នាំចេញមានគុណភាព តាមស្តង់ដារ និងតម្រូវការ របស់ប្រទេសចិន។
លោកថា មន្ទីរកសិកម្មត្រូវបានស្នើឱ្យពង្រឹងការគ្រប់គ្រងគុណភាព និងចេញវិញ្ញាបនបត្រអនាម័យ ដល់អ្នកពាក់ព័ន្ធក្នុងការនាំចេញទុរេនទៅកាន់ប្រទេសចិន រួមទាំងកសិករ រោងចក្រកាត់ និងវេចខ្ចប់ និងអ្នកនាំចេញដែលបំពេញតាមតម្រូវការ។ ហើយក្រសួងនឹងកាត់បន្ថយថ្លៃដើម នៃថ្លៃជី និងថ្នាំសម្លាប់សត្វល្អិត សម្រាប់កសិករទុរេនថៃ។
នាយកដ្ឋានធារាសាស្ត្រត្រូវបានបញ្ជាឱ្យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបាននូវទឹកគ្រប់គ្រាន់សម្រាប់ដំណាំទុរេនក្នុងខេត្តចាន់ថាបុរី ខេត្តរ៉ាក់យ៉ង និងខេត្តត្រាត ដែលជាតំបន់ផលិតទុរេនសំខាន់ក្នុងប្រទេសថៃ។
យោងតាមលោក Rapeephat Chantarasriwong អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ដំណាំទុរេនជាង ៦៤.០០០ ហិកតានៅខេត្តភាគខាងកើតបានចុះបញ្ជីជាមួយការិយាល័យគយចិន ហើយត្រូវបានចេញវិញ្ញាបនបត្រ GAP ដែលនឹងជួយសម្រួលដល់ការនាំចេញទុរេនរបស់ពួកគេទៅកាន់ប្រទេសចិន៕ ប្រភព៖ vietnamplus.vn


ចែករំលែកព័តមាននេះ