ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅ​សម្រាប់​ការ​ពិភាក្សា​នៅ​កម្ពុជា និង​វៀតណាម ព្រមទាំង​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ នៅ​ពេល​ដែល​មាន ការ​លេច​ព័ត៌មាន​អំពី​ការ​មិន​សប្បាយចិត្ត​របស់​វៀតណាម​ចំពោះ​គម្រោង​នេះ ដោយ ឈរ​លើ​ហេតុផល​ការ​ប៉ះពាល់​ដល់​ទន្លេមេគង្គ និង​ការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន ដោយសារ​ព្រែកជីក​នេះ…

គម្រោង​ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន បាន​ក្លាយទៅជា​ប្រធានបទ​ក្តៅ​សម្រាប់​ការ​ពិភាក្សា​នៅ​កម្ពុជា និង​វៀតណាម ព្រមទាំង​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ នៅ​ពេល​ដែល​មាន ការ​លេច​ព័ត៌មាន​អំពី​ការ​មិន​សប្បាយចិត្ត​របស់​វៀតណាម​ចំពោះ​គម្រោង​នេះ ដោយ ឈរ​លើ​ហេតុផល​ការ​ប៉ះពាល់​ដល់​ទន្លេមេគង្គ និង​ការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន ដោយសារ​ព្រែកជីក​នេះ ។

តើ​គម្រោង​ព្រែកជីក តេ​ជោ ហ្វូ​ណ​ន នេះ​នឹង​ត្រូវធ្វើ​អ្វីខ្លះ? តើ​ហេតុ​អ្វី​កម្ពុជា​ចង់​ធ្វើ​គម្រោង​នេះ? អ្វី​ពិតប្រាកដ​ដែល​វៀតណាម​ព្រួយបារម្ភ​ចំពោះ​គម្រោង​ព្រែកជីក​នេះ​? គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ប្រវែង​១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ។ ផ្លូវទឹក​នេះ​នឹង​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ​៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍​៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព​០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព ។

គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន​៣​កន្លែង​, សាងសង់​ស្ពាន​ចំនួន ១១​កន្លែង​, សាងសង់​ផ្លូវ​អម​សាង​ខាង​ប្រវែង​២០៨​គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា ជំនួយ​នាវាចរណ៍ និង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ការ​សាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ ១,៧០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​រយៈពេល​សាងសង់​ប្រមាណ​៤​ឆ្នាំ ។ គម្រោង​នេះ​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២៤​នេះ ។

តាម​ការ​សិក្សា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​រួម​មាន ៖ ការ​កាត់​បន្ថយ​រយៈពេល​ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន​, ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​, ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន​, ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​, ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា​, ការ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់​ផែ​ផ្សេង​ទៀត​, ការ​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង និង​នគរូបនីយកម្ម​, និង​ការ​ជំរុញ​ការ​រីក​ចម្រើន​ផ្នែក​អចលនទ្រព្យ ។ កម្ពុជា​ចាត់​ទុក​គម្រោង​ព្រែកជីក​តេ​ជោ ហ្វូ​ណ​ន គឺជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​អនាគត កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។

តាម​រយ​:​ការ​បកស្រាយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​ដូច​ជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ពេល​បច្ចុប្បន្ន បាន​ពន្យល់​យ៉ាង​ច្បាស់លាស់​ថា កម្ពុជា​ធ្វើ​គម្រោង​ព្រែកជីក​តេ​ហ្វូ​ណ​ន នេះ គឺ​ក្នុង​គោលបំណង​សេដ្ឋកិច្ច និង​សង្គម​សុទ្ធសាធ​ហើយ មិនមែន​បម្រើ​ដល់​ផលប្រយោជន៍​កងទ័ព​ចិន​ក្នុង​ការ​ចូល​កាន់តែ​កៀក​ព្រំដែន​វៀតណាម​ដូច​ការ​ព្រួយបារម្ភ​ដែរ ។

ម្យ៉ាងទៀត មេដឹកនាំ​កម្ពុជា​ក៏​បាន​ពន្យល់​លើ​ទិដ្ឋភាព​ច្បាប់​ផង​ដែរ​ថា រដ្ឋធម្មនុញ្ញ របស់​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​អោយ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស កម្ពុជា​ឡើយ ។ ចំណែក​ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​ក៏​យល់​ឃើញ​ថា គម្រោង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​វៀតណាម និង​ទឹកទន្លេ​មេគង្គ​ដែរ ។

លោក សុខ ទូច ប្រធាន រាជបណ្ឌិត សភា​កម្ពុជា​ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន​ថា វា​មិន​បាន​ប៉ះពាល់​ដល់​វៀតណាម​ទេ ហើយ​ក៏​អត់​មាន​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ ។ ខ្មែរ​ធ្វើ (​ព្រែកជីក​) នៅ​លើ​ទឹកដី​ខ្មែរ ហើយ​មិនមែន​នៅ​លើ​ទន្លេមេគង្គ​ទេ គឺ​ដៃទន្លេ​មេគង្គ ។ អ​ញ្ចឹ​ង​ខ្មែរ​គ្រាន់តែ​ជូនដំណឹង​ខ្មែរ​អាច​ធ្វើ​បាន ។

បើ​តាម ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​, មូលហេតុ​ដែល​វៀតណាម​បង្ហាញ​កង្វល់ ពាក់ព័ន្ធ​នឹង​ការ​ជីក​ព្រែក​ហ្វូ​ណ​ន តេ​ជោ អាច​ដោយសារ​តែ​កន្លង​ទៅ​វៀតណាម ធ្លាប់​យកចំណេញ​ពី​កម្ពុជា​ពី​ការ​ដឹក​ទំនិញ ចេញ​តាម​ផ្លូវទឹក​ទៅ​កាន់​សមុទ្រ ព្រោះ ត្រូវ​បង់លុយ​ឱ្យ​វៀតណាម ។ ចំណុច​មួយទៀត គឺ​វៀតណាម​អាច​លែង​ដឹង​ពី​កម្លាំង ដឹក​ជញ្ជូន​កម្ពុជា ហើយ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​វៀតណាម​លើ​ផលិតផល កសិកម្ម​នៅ​ទីផ្សារ​បរទេស​ផង​ដែរ ។

ចំណែក​សារព័ត៌មាន​សេដ្ឋកិច្ច​វៀតណាម VnEconomny ក៏​បាន​រាយការណ៍​កាល ពី​ឆ្នាំ​២០២៣​ថា ទំនិញ​រហូត​ដល់​ប្រមាណ​២០​លាន​តោន​បាន​ឆ្លងកាត់​កំពង់​ផែ វៀតណាម ចាប់​តាំង​ដែល​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ផ្លូវទឹក​រវាង​កម្ពុជា និង​វៀតណាម បាន​ចូល​ជា​ធរមាន​នៅ​ខែមករា ឆ្នាំ​២០១១​មក ។ ដោយ​ផ្អែក​ទៅ​លើ​ការ​វិភាគ និង​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​នេះ វៀតណាម​អាច​យល់​ថា ការ​ធ្វើ​ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន​នេះ​នឹង​ធ្វើ​អោយ​បាត់​ចំណូល​មួយ​ផ្នែក​របស់​វៀតណាម ដោយសារ​កម្ពុជា​លែង​ត្រូវការ​ចេញចូល​កំពង់​ផែ​វៀតណាម​ទៀត​នៅ​ពេល​ព្រែកជីក​នេះ​លេច​ចេញ​ជា​រូបរាង ។

ដូច្នេះ​ការ​ព្រួយបារម្ភ​ពិតប្រាកដ​របស់​វៀតណាម គឺ​សេដ្ឋកិច្ច ជា​ជាង​ការ​ប៉ះពាល់​ទន្លេមេគង្គ និង​ការ​ពាក់ព័ន្ធ​របស់​ចិន​ក្នុង​ការ​ប្រើ​ព្រែកជីក​នេះ​សម្រាប់​ហេតុផល​យោធា​នៅ​ពេល​ខាង​មុខ ។ មេដឹកនាំ​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​បាន​ពន្យល់​យ៉ាង​ច្បាស់លាស់​ថា គម្រោង​នេះ គឺ​ដើម្បី​ផលប្រយោជន៍ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ ។ វា​មិន​ប៉ះពាល់​ដល់​ទន្លេមេគង្គ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​សន្តិសុខ ប្រទេស​វៀតណាម​ដែរ ។

ជាមួយនឹង​ការ​ពន្យល់​របស់​កម្ពុជា​ដ៏​ច្បាស់លាស់​នេះ ប្រទេស​វៀតណាម​គួរ​ស្ងប់ចិត្ត ហើយ​អនុញ្ញាត​អោយ​កម្ពុជា​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​លើ​ផ្នែក​សេដ្ឋកិច្ច​ពីព្រោះ​កម្ពុជា និង​វៀតណាម​ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា​ជា​យូរ​មក​ហើយ ។ វៀតណាម​មិន​គួរ​ធ្វើ​អោយ​គម្រោង​ព្រែកជីក​នេះ​ក្លាយជា​រឿង​ល្អក់កករ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ