ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ ៧៨​នាក់ ចាញ់បោក​មេខ្យល់ នាំ​ទៅ​ធ្វើការ​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ត្រូវបានជួយ​សង្គ្រោះ​​ហើយ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧៨​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧៨​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត នោះ រក​ឃើញ​ទីតាំង ហើយ បាន​និង​កំពុង​រៀបចំ​ជួយ​សង្គ្រោះ​បងប្អូន​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។

ក្រោយ​ការ​ទទួល​បាន​ព័ត៌មាន​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​ដូច​ជា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​មាន​និវេសនដ្ឋាន​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប បាន​ទំនាក់ទំនង​រក​ឃើញ​ទីតាំង​ហើយ កំពុង​រៀបចំ​សំបុត្រ​យន្តហោះ​ជូន​បងប្អូន​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ចំនួន​២៩​នាក់​, នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ ចំនួន​២៧​នាក់​, និង​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ ចំនួន ២២​នាក់ ។

សូម​ជម្រាប​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧៨​នាក់​នេះ មាន​ចំនួន ៥១​នាក់ កំពុង​ស្ថិត​នៅ​ទីក្រុង Jeddah ចំនួន ១៥​នាក់ កំពុង​ស្ថិត​នៅ​រាជធានី Riyadh និង​ចំនួន ១២​នាក់ កំពុង​ស្ថិត​នៅ​ទីក្រុង Dammam នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ។
បច្ចុប្បន្ន បងប្អូន​បាន​ស្ថិត​នៅ​ក្នុង​កន្លែង​ប្រមូលផ្តុំ តាម​ទីក្រុង​នីមួយ​ៗ ដើម្បី​រង់ចាំ​ការ​រៀបចំ​សំបុត្រ​យន្តហោះ ។ ក្នុងអំឡុងពេល​រង់ចាំ​នេះ ឯកឧត្តម អ៊ុ​ក សា​រុន អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នឹង​ទទួល​សម្របសម្រួល​បន្ថែម​ជាមួយ​មន្ត្រី អន្តោប្រវេសន៍ នៃ​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​បំពេញ​ឯកសារ​ផ្សេង​ៗ និង​សម្រួល​លើ​ការ​ហូប​ចុក និង​ស្នាក់​នៅ​របស់​បងប្អូន ។

សម្រាប់​បងប្អូន ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ហើយ​មាន​បំណង​ទាក់ទង​លម្អិត គឺ​អាច​ទំនាក់ទំនង​ទៅ​លោក សុះ ហ៊ី​ម តាម​រយៈ​ទូរ​សព្ទ​លេខ +966 5804 65578 ឬ​ទាក់ទង​ទៅ​ឯកឧត្តម អ៊ុ​ក សា​រុន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្ទាល់ តាម​រយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370 ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​បន្ត​តាមដាន សម្រប​សម្រួលការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​បងប្អូន​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ