ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំមិនទាន់បានបិទសាលាណាមួយទេតែបើក្នុងករណីសីតុណ្ហភាពឡើងខ្លាំង អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេច

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថាមកដល់ពេលនេះមិនទាន់មានការបិទ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថាមកដល់ពេលនេះមិនទាន់មានការបិទសាលារៀនណាមួយទេពាក់ព័ន្ធនឹងអាកាសធាតុក្ដៅនេះ ប៉ុន្តែក្នុងករណីសីតុណ្ហភាពឡើងខ្លាំងអ្នកគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង។

យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ហង់ ជួន ណារ៉ុនឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤បានលើកឡើងពីការអនុវត្តម៉ោងបង្រៀននិងរៀននៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្ដៅខ្លាំងយ៉ាងដូច្នេះថា៖ខ្ញុំសូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថារដូវប្រាំងឆ្នាំ ២០២៤ អាកាស ធាតុក្ដៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សា ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។

ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖

ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០ ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០។

ក្រសួងលើកឡើងថាក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី។គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន។

ក្រសួងបានបញ្ជាក់ថា៖ ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សា​មានសិទ្ធិក្នុងការសម្រេចជាក់ស្តែង ។ អនុវត្ត​តាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ ។

ជាមួយគ្នានោះដែរក្រសួងអប់រំបានលើកឡើងថាយោងតាមសេចក្ដីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធនិងអាកាសធាតុនេះដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថាទាក់ទងនឹងអាកាសធាតុនេះក្រសួងអប់រំតែងតែធ្វើការងារយ៉ាងជិតស្និតជាមួយសាលារៀន ក៏ដូចជាមន្ទីរអប់រំយុវជននិងកីឡា ដោយបានណែនាំទៅសាលារៀនឱ្យមានការបង្ការ និងយកចិត្តចំពោះសុខភាពរបស់កុមារ ពិសេសនោះសិស្សានុសិស្សជាទូទៅក្នុងនោះបានណែនាំទាំងការស្លៀកពាក់ ការហូបចំណីអាហារ ពិសេសនោះឱ្យគាត់ហូបទឹកឱ្យបានច្រើន។ ជាងនេះដាក់វិធានការនានាចាំបាច់ក្នុងស្ថានភាពជាក់ស្តែងនៅពេលសាលានីមួយៗជួបប្រទះ។

លោកស្រីអ្នកនាំពាក្យបានលើកឡើងថាកន្លងមកនេះក្រសួងងប់រំក៏បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមាតាបិតា ក៏ដូចជាសហគមន៍ផងដែរ។ ហើយកន្លងមកនេះក្រសួងឃើញថាមានការចូលរួមពីសហគមន៍មាតា បិតាអាណាព្យាបាលផងដែរហើយសិស្សានុសិស្សក៏បានចូលរួមល្អផងដែរ។

លោកស្រីបញ្ជាក់ថា៖ ក្នុងពេលបច្ចុប្បន្ននេះក្រសួងមើលឃើញ​ថា ការ​ចូលរួមបីគ្រប់ភាគីសហការទាំងអស់មិនថាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង…ហើយក្រសួងក៏នឹងតាមដានយ៉ាងជិតស្និទ្ធទាក់ទងនឹងឧតុនិយម និង​ស្ថានភាពនៅតាមសាលានីមួយៗ និង​ដាក់វិធានការនៅតាមសាលាផងដែរ ។

ទាក់ទិននឹងសំណួរសួរថាតើអាចនឹងបិទសាលាបណ្ដោះអាសន្នឬយ៉ាងណា?អ្នកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា៖ ក្រសួងបានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀនក៏ដូចជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រុងទាំងអស់ ដើម្បី​តាមដានអំពីស្ថានភាពនេះ ហើយនឹងមើលស្ថានភាពជាក់ស្តែងអំពីតម្រូវការជាក់ស្តែង​នៅពេលអនាគត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ