ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតសំខាន់ៗពីប្រធានាធិបតីស្តីទីអ៊ីរ៉ង់ ជំនួសលោក Raisi ដែលស្លា.ប់ដោយធ្លាក់ឧទ្ធម្ភាគចក្រ

1 អាទិត្យ មុន

ប្រទេសអ៊ីរ៉ង់ ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២០ ខែ ឧសភា

ប្រទេសអ៊ីរ៉ង់ ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៤ កន្លងទៅ បានចេញផ្សាយអត្ថបទបង្ហាញអំពី ការពិតសំខាន់ៗមួយចំនួនអំពីលោក Mohammad Mokhber អាយុ៦៨ឆ្នាំ ដែលជាអនុប្រធានាធិបតីទី១ របស់អ៊ីរ៉ង់ ហើយផ្អែកលើរដ្ឋធម្មនុញ្ញ លោកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ជំនួសលោក Ebrahim Raisi ដែលស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ។

-នៅក្នុងនាមជាប្រធានាធិបតីស្តីទី លោក Mokhber គឺជាផ្នែកមួយនៃក្រុមប្រឹក្សាចំនួន ៣ នាក់ រួមជាមួយប្រធានសភា និងជាប្រធានតុលាការ ដែលនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល៥០ថ្ងៃ បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi ។

-កើតនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៥៥ លោក Mokhber ក៏ដូចជា លោក Ebrahim Raisi ដែរ ដោយត្រូវបានមើលឃើញថាមានភាពស្និទ្ធស្នាលនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei អគ្គមគ្គុទេសក៍សាសនាអ៊ីស្លាម និងជាបុគ្គលមានអំណាចផុតលេខ ដែលសម្រេចរាល់កិច្ចការគ្រប់យ៉ាងរបស់អ៊ីរ៉ង់។ លោក Mokhber បានក្លាយជាអនុប្រធានធិបតីទី១ នៅក្នុងឆ្នាំ ២០២១ នៅពេលដែលលោក Raisi ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់។

-លោក Mokhber គឺជាផ្នែកមួយនៃក្រុមមន្ត្រីអ៊ីរ៉ង់ ដែលបានទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីខែតុលា ឆ្នាំមុន ហើយបានយល់ព្រមផ្គត់ផ្គង់មីស៊ីលបាញ់ចេញពីដី និងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បន្ថែមទៀតដល់យោធារុស្ស៊ី។ ក្រុមនេះ ក៏រួមបញ្ចូលមន្ត្រីជាន់ខ្ពស់ ២ រូបមកពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងមន្ត្រីម្នាក់ទៀត មកពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ផងដែរ។

-លោក Mokhber ធ្លាប់ជាប្រធានក្រុមហ៊ុន Setad ដែលជាមូលនិធិវិនិយោគមានទំនាក់ទំនងជាមួយនឹងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

-នៅក្នុងឆ្នាំ ២០១០ សហភាពអឺរ៉ុប ឬ EU បានរួមបញ្ចូលលោក Mokhber ក្នុងបញ្ជីបុគ្គល និងអង្គភាពដែលខ្លួនកំពុងដាក់ទណ្ឌកម្ម ចំពោះការជាប់ពាក់ព័ន្ធក្នុងសកម្មភាពនុយក្លេអ៊ែរ ឬមីស៊ីលផ្លោង។ ប៉ុន្តែពីរឆ្នាំក្រោយមក EU បានដកលោក Mokhber ចេញពីបញ្ជីនេះវិញ។

-នៅក្នុងឆ្នាំ ២០១៣ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបន្ថែមក្រុមហ៊ុន Setad និងក្រុមហ៊ុនចំនួន ៣៧ ផ្សេងទៀត ដែលខ្លួនបានត្រួតពិនិត្យទៅក្នុងបញ្ជីនៃអង្គភាព ដែលមានទណ្ឌកម្ម។

-ក្រុមហ៊ុន Setad ដែលមានឈ្មោះពេញថា «Setad Ejraiye Farmane Hazrate Emam» ឬ ទីស្នាក់ការកណ្តាល សម្រាប់ប្រតិបត្តិការបញ្ជាទិញរបស់អ៊ីម៉ាម ត្រូវបានបង្កើតឡើងក្រោមការបញ្ជា ដែលចេញដោយស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម ដែលជាអ្នកកាន់តំណែងមុនរបស់លោក Ali Khamenei គឺ លោក Ayatollah Ruhollah Khomeini ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងចេញពីទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ ដែលត្រូវបានរឹបអូសនៅក្រោយបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ហើយបញ្ជូនប្រាក់ចំណូលភាគច្រើនទៅកាន់អង្គការសប្បុរសធម៌៕ (រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ