ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​រត់​ទៅ​ពឹង​លោក​បៃដិន​ព្រោះ​ខ្លាច​ ICC ចេញ​ដីកា​ចាប់​ខ្លួន

3 អាទិត្យ មុន

ពាក្យ​ចាស់​ពោល​ថា​ «ប្អូន​អ្ហើយ​កុំ​សើច​បង​ក្រែង​ពៀរ​ឆ្លង​ម្ដង​ម្នាក់​»។ កាល​ពី​មុន​​នេះ, ក្រុម​បស្ចិម​ប្រទេស​នាំ​គ្នា​សើច​ពេប​ជ្រាយ​ឱ្យ​ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ ដែល​ត្រូវ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ អាយ​ស៊ីស៊ី (ICC) នៅ​ទី​ក្រុង​ឡាអេ​​ចេញ​ដីកា​ចាប់​ខ្លួន​ដើម្បី​​​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​​រង្វង់​ក្រចក​សេះ​ពី​បទ​សង្ស័យ​​ប្រព្រឹត្ត​​​អំពើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ឥឡូវ​នេះ…

ពាក្យ​ចាស់​ពោល​ថា​ «ប្អូន​អ្ហើយ​កុំ​សើច​បង​ក្រែង​ពៀរ​ឆ្លង​ម្ដង​ម្នាក់​»។ កាល​ពី​មុន​​នេះ, ក្រុម​បស្ចិម​ប្រទេស​នាំ​គ្នា​សើច​ពេប​ជ្រាយ​ឱ្យ​ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ ដែល​ត្រូវ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ អាយ​ស៊ីស៊ី (ICC) នៅ​ទី​ក្រុង​ឡាអេ​​ចេញ​ដីកា​ចាប់​ខ្លួន​ដើម្បី​​​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​​រង្វង់​ក្រចក​សេះ​ពី​បទ​សង្ស័យ​​ប្រព្រឹត្ត​​​អំពើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ឥឡូវ​នេះ បញ្ហា​នេះ​កំពុងតែ​តាម​លង​បន្លាច​សម្ព័ន្ធ​មិត្ត​របស់​​ក្រុម​បស្ចិម​ប្រទេស​វិញម្ដង​។ នោះ​គឺ​គម្រោង​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​រដ្ឋា​ភិ​បាល​អ៊ីស្រាអែល​​ពី​បទ​សង្ស៏័យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​យុទ្ធ​នា​ការ​​បោស​សម្អាត​ក្រុម​ហាម៉ាស់ដែល​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ស្លាប់​យ៉ាង​រង្គាល។​​


ទី​ក្រុង​យេរូសាឡឹម៖ ថ្មី​ៗ​នេះ​ សារ​ព័ត៌​មាន​លោក​ខាង​លិច​ផ្សាយ​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​កំពុង​តែ​រត់​រក​ជំនួយ​ពី​លោក​បៃដឹន​​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​យុទ្ធ​នា​ការ​​សង្គ្រាម​នៅ​​ហ្កាហ្សា​។ ខាង​លើ​នេះ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​២​រូប​ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​។

សំណួរ​សួរ​ថា​តើ​រឿង​នេះ​ធំ​ដល់​ថ្នាក់​ណា​ទើប​បាន​ជា​ធ្វើ​ឱ្យ​លោក​ណឺតាន់យ៉ាហ៊ូ​ស្នើ​សុំ​អន្តរា​គមន៍​ពី​លោក​បៃដិន? សព្វ​ថ្ងៃ​នេះ​ គេ​លេច​ឮ​ល្ហៀង​ៗ​ថា​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​កំពុង​តែ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​​​​អស់​រយៈ​ពេល២​​អាទិត្យ​មក​ហើយ​​បន្ទាប់​ពី​​ពួកគេ​ដឹង​ថា​អាយ​ស៊ីស៊ី (ICC) កំពុង​រៀប​ចំ​ដីកា​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ​ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​អ៊ីស្រាអែល​រួម​​ទាំង​​​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​​ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ​ និង​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ីស្រាអែល​​ម្នាក់​ទៀត​។

ដូច្នេះ នៅ​ពី​ក្រោយ​វាំង​នន​នយោបាយ​នេះ លោក​ណឺតាន់​យ៉ាហ៊ូ​បាន​លួច​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ស្ងាត់​​ៗ​​ជា​មួយ​​លោក​បៃដិន​កាល​ពី​ថ្ងៃ​អាទិត្យ​។ កាល​នោះ លោក​ទាំង​ពីរ​​មិន​ត្រឹម​តែ​និយាយ​ពី​បញ្ហា​អាយ​ស៊ីស៊ី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​និយាយ​ពី​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​​ និង​ការ​រៀប​ចំ​​យុទ្ធ​សាស្ត្រ​​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​នា​ពេល​អនា​គត ហើយ​និង​ការ​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ជន​ស៊ីវិល​នៅ​តំបន់​ហ្កាហ្សា​។

បើ​ដូច្នេះ​មែន​ ល្បែង​នយោបាយ​នេះ​កាន់​តែ​ល្អ​មើល​ហើយ​។ កាល​ពី​មុន​នេះ លោក​ណឺតាន់យ៉ាហ៊ូ​ហាក់​ដូច​ជា​ប្រកាន់​គោល​ជំហរ​រឹង​ត្អឹង​សម្បើម​ណាស់​នៅ​ចំពោះ​មុខ​ការ​អំពាវ​នាវ​ និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរ​ជាតិ​។ លោក​ថែម​ទាំង​ចង់​លើក​កង​ទ័ព​ជើង​គោក​វាយ​ចូល​តំបន់​រ៉ាហ្វា​​ថែម​ទៀត​​ដើម្បី​អ្វី​ដែល​លោក​ហៅ​ថា​ការ​បោស​សម្អាត​ក្រុម​ហាម៉ាស់​ឱ្យ​ដល់​ឫស​គល់​។

ឥឡូវ​នេះ ​ករណី​ដែល​អាយ​ស៊ីស៊ី​អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ​គឺ​ជា​ទម្ងន់​នយោបាយ​មួយ​ ឬ​ជា​សន្លឹក​បៀរ​អាត់​សម្រាប់​ត​ថ្លៃ​ជា​មួយ​អ៊ីស្រាអែល​។ មាន​ន័យ​ថា​បើ​លោក​ណឺតាន់​យ៉ាហ៊ូ​ចង់​បាន​ការ​ធ្វើ​អន្តរា​គមន៍​នៅ​ក្នុង​រឿង​នេះ​លុះ​ត្រា​តែ​​​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោ​កណឺតាន់​យ៉ាហ៊ូ​ត្រូវ​តែ​បន្ធូរ​ដៃ​ខ្លះ,​ ហើយ​ត្រូវ​តែ​ស្ដាប់​គេ​ស្ដាប់​ឯង​ខ្លះ​ផង​។​​

អាយ​ស៊ីស៊ី​ដែល​មាន​ទី​ស្នាក់​ការ​​ធំ​នៅ​​ប្រទេស​ហូឡង់​​កំពុង​​​បន្ត​ស៊ើប​អង្កេត​​ករណី​សង្ស័យ​ថា​អាច​នឹង​មាន​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រព្រឹត្ត​ឡើង​ដោយ​កង​ទ័ព​អ៊ីស្រាអែល និង​ពួក​យុទ្ធ​ជន​ប៉ាឡេស្ទីន​។ ពោល​គឺ​រាប់​ថយ​ក្រោយ​ទៅ​រក​ឆ្នាំ​២០១៤​ដែល​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​​។ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​អំពី​បញ្ហា​​អាយ​ស៊ីស៊ី។ ​​ពួក​គេមិន​​​ដឹង​​ថា​អាយ​ស៊ីស៊ី​នឹង​ចេញ​ដីកា​ចាប់​ខ្លួន ​ឬ​យ៉ាង​ណា​ទេ​។ ប៉ុន្តែ​ច្បាស់ណាស់​ថា​​អាយ​ស៊ីស៊ី​ត្រូវ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ អឹន​ជីអូ (NGO) និង​រដ្ឋ​ជា​សមាជិក​អាយ​ស៊ីស៊ី​ជា​ច្រើន​កំពុង​តែ​​និយាយ​ដុក​​​ឱ្យ​​ចេញ​ដីការ​ចាប់​ខ្លួន។

​តប​ទៅ​នឹង​​ការ​និយាយ​ដុក​នេះ លោ​កណឺតាន់​យ៉ាហ៊ូ​បង្ហោះ​​តាម​បណ្ដាញ​ទ្វីត​ថឺ​ថា​​​លោក​​មិន​​​បណ្ដោយ​ឱ្យ​អាយ​ស៊ីស៊ី​ចូល​មក​កកូរ​កកាយ​សិទ្ធិ​ស្វ័យ​ការ​ពារ​ខ្លួន​របស់​អ៊ីស្រា​អែល​​ជា​ដាច់​ខាត​​។ លោ​ក​​ទទួល​ស្គាល់​​ថា​ចំណាត់​ការ​របស់​អាយ​ស៊ីស៊ី​​ធ្វើ​ការ​ដោយ​ឯក​រាជ្យ​ពិត​មែន​ហើយ​។ ប៉ុន្តែ​​ចំណាត់​ការ​របស់​ស្ថាប័ន​នេះ​អាច​​នឹង​គំរាម​កំហែង​អាយុ​ជីវិត​របស់​​កង​ទ័ព និង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​និយម​ប្រជា​ធិប​តេយ្យ​នានា​ដែល​​កំពុង​ខិត​ខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​ និង​អំពើ​ឈ្លាន​ពាន​។​​

ចំពោះ​សំណួរ​ថា​តើ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​​​កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ លោក​ណឺតាន់​យ៉ាហ៊ូ​​ពិត​ជា​បាន​ស្នើ​សុំ​ឱ្យ​លោ​កបៃដិន​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​អាយ​ស៊ីស៊ី​ចាប់​ខ្លួន​លោក​ ឬ​យ៉ាង​ណា? ​អ្នក​នាំ​ពាក្យ​សេត​វិមាន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​​បង្ការ​ទុក​​ជា​មុន​​ថា​ «បើ​ទុក​ជា​អាយ​ស៊ីស៊ី​ចង់​ចេញ​ដីកា​ចាប់​ខ្លួន​ក៏​មិន​អាច​ទៅ​រួច​ដែរ​ព្រោះ​អាយ​ស៊ីស៊ី​គ្មាន​ដែន​សមត្ថ​កិច្ច​នឹង​ធ្វើ​រឿង​ហ្នឹង​​នៅ​ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​​នេះ​ទេ​។ ម៉្យាង​ទៀត​ សេត​វិមាន​នឹង​មិន​គាំទ្រ​ចំណាត់​ការ​នេះ​ជា​ដាច់​ខាត​​​»។ ដូច្នេះ បើ​សេត​វិមាន​ចេញ​មុខ​ធានា​ប៉ុណ្ណេះ​ហើយ​ គេ​ជឿ​ជាក់​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​អាច​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ខ្លះ​ជា​មិន​ខាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ