ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលបង្ហាញមោទកភាពរបស់ខ្លួនយ៉ាងខ្លាំងដែលខ្លួនអាចទប់ស្កាត់ដោយជោគជ័យចំពោះការវាយប្រហាររបស់អ៊ីរ៉ង់កាលពីព្រឹកមិញដោយប្រើប្រាស់យន្តហោះដ្រូនជាង៣០០គ្រឿង និងមីស៊ីលមិនចេះតិចគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអែល។ និយាយរួម អ៊ីរ៉ង់ប្រើស្ទីលរបៀបក្រុមហាម៉ាស់វាយប្រហារដោយគ្រាប់រ៉ុកកែតជាង៥០០០គ្រាប់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែលើកនេះជាអ៊ីស្រាអែលទំនងជាបានត្រៀមខ្លួនដល់កម្រិតកំពូលទើបអាចបន្ទច់បង្អាក់អាវុធទាំងនេះមិនឱ្យវាយប្រហារគោលដៅរបស់ខ្លួនបានសម្រេច។ អ៊ីស្រាអែលថាខ្លួនអាចបាញ់ធ្លាក់ដ្រូន និងមីស៊ីល៩៩%។
ប៉ុន្តែបញ្ហាមិនទាន់បញ្ចប់ត្រឹមហ្នឹងទេ។ គេបារម្ភថាភ្នក់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងឆេះរាលដាលកាន់តែខ្លាំង។ អ្នកខ្លះរហូតដល់ទៅនិយាយថាសង្គ្រាមមជ្ឈិមបូព៌ាទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ ឥឡូវនេះ កម្រិតភាគរយស្ថិតនៅ៥០-៥០ចំពោះលទ្ធភាពដែលថាអ៊ីស្រាអែលអាចនឹងចាត់វិធានការវាយបកវិញទៅលើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់។
នៅយប់នេះ លោកបៃដិនត្រៀមកោះប្រជុំបន្ទាន់នៃក្រុមប្រទេសដែលមានឧស្សាហកម្មធំៗទាំង៧ ឬជីប្រាំពីរ (G7)ដើម្បីចាត់វិធានការផ្នែកការទូតចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ នេះជាសញ្ញាបង្ហាញថារដ្ឋបាលរបស់លោកបៃដិនចង់ឱ្យអហោសិកម្មនឹងគ្នាត្រឹមហ្នឹងទៅចុះ។ លោកមិនចង់ឃើញការវាយប្រហារសងសឹកគ្នាទៅវិញទៅមកជាបន្តទៀតទេ។
តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ អ៊ីរ៉ង់ពន្លះអ៊ីស្រាអែលមួយក្ឌាំងដោយបាញ់មីស៊ីលបណ្ដែត (cruise missile) ជាង៣០គ្រាប់, មីស៊ីលផ្លោង (ballistic missile) ជាង១២០គ្រាប់ និងយន្តហោះដ្រូន១៧០គ្រឿងវាយសង្គ្រប់លើអ៊ីស្រាអែល។ តាមពិត ប្រទេសទាំង២សង្គ្រឺតធ្មេញដាក់គ្នាយូរហើយ។ គ្រាន់តែថាកាលពីពេលកន្លងមក ពួកគេច្រើនធ្វើសង្គ្រាមប្រយោល ឬសង្គ្រាមខ្ចីដៃ (proxy war) ដោយប្រើប្រាស់កូនចៅរបស់ខ្លួន។ ជាពិសេស អ៊ីរ៉ង់ប្រើប្រាស់កូនចៅរបស់ខ្លួនដូចជាក្រុមហេស្បូឡានៅប្រទេសលីបង់, ក្រុមហ៊ូទីនៅប្រទេសយេម៉េន, ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា និងក្រុមដទៃទៀតដើម្បីវាយប្រហារអ៊ីស្រាអែល។
ប៉ុន្តែកាលពីព្រឹកមិញជាលើកទី១ដែលអ៊ីរ៉ង់វាយអ៊ីស្រាអែលដោយផ្ទាល់ធ្វើឱ្យអ៊ីស្រាអែលភ័យផ្អែមមាត់ខ្លះៗដែរ។ អ៊ីស្រាអែលបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នស្រែកកងរំពងពាសពេញផ្ទៃប្រទេស។ អ៊ីស្រាអែលទំនងជាបានព្យាករតាំងពីយូរមកហើយថានឹងមានថ្ងៃនេះ។ ដូច្នេះ អ៊ីស្រាអែលបានរៀបជើងព្រួលប្រព័ន្ធការពារដែនអាកាសជាច្រើនស្រទាប់ក្រោមការជួយជ្រោមជ្រែងពីប្រទេសអាមេរិកដើម្បីទប់ស្កាត់គ្រាប់មីស៊ីលផ្លោងពីចម្ងាយ, គ្រាប់មីស៊ីលបណ្ដែត, ដ្រូន និងគ្រាប់រ៉ុកកែត។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់បាញ់មីស៊ីល និងយន្តហោះដ្រូនជាង៣០០គ្រឿង។ ប៉ុន្តែអ៊ីស្រាអែលបាញ់ទម្លាក់៩៩%។ ចំពោះសំណួរថាតើអ៊ីស្រាអែលនឹងវាយសងសឹកវិញទេ? អ្នកនាំពាក្យរូបនេះថ្លែងថាអ៊ីស្រាអែលនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារប្រជាជនរបស់ខ្លួន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ បង្ហោះសារនយោបាយខ្លីមួយនៅលើទ្វីតថឺថា «យើងបានបាញ់ស្ទាក់។ យើងបានបិទខ្ទប់ (ការវាយប្រហារ)។ បើយើងរួមកម្លាំងគ្នា យើងនឹងមានជ័យជម្នះ»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏អបអរសាទរនឹងការទទួលជោគជ័យលើកនេះផងដែរ។ លោកអរគុណប្រទេសអាមេរិក និងប្រទេសដទៃទៀតដែលជួយជ្រោមជ្រែងអ៊ីស្រាអែលក្នុងការទប់ទល់នឹងការវាយប្រហារ។ ប៉ុន្តែលោកបញ្ជាក់ថាបញ្ហាមិនទាន់បិទបញ្ចប់ត្រឹមហ្នឹងទេ។ មានន័យថាអ៊ីរ៉ង់អាចនឹងវាយប្រហារថែមទៀត ឬមិនអីចឹងទេ អ៊ីស្រាអែលអាចនឹងវាយបកវិញ។
លោកថ្លែងថាអ៊ីស្រាអែលខូចខាតបន្តិចបន្តិចនៅមូលដ្ឋានអាកាសរបស់ខ្លួន។ ប៉ុន្តែមិនថ្វីទេ ទីនេះអាចដំណើរការបានជាធម្មតា។ ក្រៅពីនេះ កុមារីម្នាក់អាយុ៧ឆ្នាំរងរបួសធ្ងន់។ ដូច្នេះ ការវាយប្រហារកាលពីព្រឹកមិញនោះមិនបានសម្លាប់ជីវិតមនុស្សសូម្បីតែម្នាក់។ តាមមើលទៅ អ៊ីស្រាអែលទំនងជាមានមោទកភាពរហូតដល់ញញឹមបិទមាត់មិនជិតទេក្រោយការទទួលជោគជ័យលើកនេះ។ បើប្រៀបធៀបនឹងការវាយប្រហាររបស់ហាម៉ាស់កាលពីខែតុលា ឆ្នាំ២០២៣គឺខុសគ្នាឆ្ងាយណាស់។
កាលណោះ ជនស៊ីវិលអ៊ីស្រាអែលស្លាប់១២០០នាក់ធ្វើឱ្យអ៊ីស្រាអែលខ្មាសគេមិនស្ទើរទេ។ ហាម៉ាស់ជាចលនាប្រដាប់អាវុធតូចខ្លាំងណាស់បើប្រៀបធៀបជាមួយអ៊ីស្រាអែលដែលមានកម្លាំងការពារជាតិលេខ១នៅមជ្ឈិមបូព៌ា។ ហាម៉ាស់អាចវាយទម្លុះខ្សែការពាររបស់អ៊ីស្រាអែលនៅតាមព្រំដែន។ ទោះបីអ៊ីស្រាអែលសាងសង់ប្រព័ន្ធការពារព្រំដែនដែលបំពាក់សុទ្ធតែរបងលួសបន្លា និងចរន្តអគ្គិសនីឆក់ ប៉ុន្តែនៅទីបំផុត ក្រុមហាម៉ាស់អាចវាយឆ្មក់តាមជើងគោក ជើងទឹក និងជើងអាកាស។
ដូច្នេះ ការដែលអ៊ីស្រាអែលអាចការពារខ្លួនខ្លាំងដល់កម្រិតព្រឹកមិញអាចជួយស្ដារកិត្តិយសរបស់អ៊ីស្រាអែលបានឡើងវិញ។ ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិកំពុងតែផ្អែមមាត់នៅឡើយទេព្រោះមិនដឹងថាតើអ៊ីស្រាអែលនឹងចាត់វិធានការវាយបកបែបណាទៀត។ នៅវ៉ាស៊ីនតោន លោកបៃដិនថ្លែងថាអាមេរិកជួយឱ្យអ៊ីស្រាអែលបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ភាគច្រើនបំផុត។ លោកសន្យាថានឹងកោះប្រជុំក្រុមប្រទេសសម្ព័ន្ធមិត្តដើម្បីចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហារនេះ។
លោកបៃដិនតមសម្ដីគ្នាជាមួយលោកណឺតាន់យ៉ាហ៊ូជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកទាំង២បានសន្ទនាគ្នាតាមទូរស័ព្ទ។ លោកបៃដិនប្រាប់លោកណឺតាន់យ៉ាហ៊ូថាការដែលអ៊ីស្រាអែលអាចការពារខ្លួនបានដល់កម្រិតនេះជាសារនយោបាយប្រាប់ទៅក្រុមប្រទេសបច្ចាមិត្តថាពួកគេមិនអាចគំរាមកំហែងសន្តិសុខជាតិរបស់អ៊ីស្រាអែលបានឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថារដ្ឋាភិបាលរបស់លោកមិនចង់ពង្រីកបញ្ហាឱ្យកាន់តែធំទេ៕
ចែករំលែកព័តមាននេះ