ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេង​ស្ទាវ​ទាស់​គ្នា​តាម​ឆាត ស្ទាក់​គប់​ដុំ​ថ្ម​លើ​គូទំនាស់​របួសធ្ងន់ ២​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន ៣​នាក់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាប​បាន​បន្ដបន្ទាប់ ក្មេង​ស្ទាវ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ទាស់​គ្នា​តាម​ឆាត Chat យុវជន​មួយ​ក្រុម ស្ទាក់​គប់​ដុំ​ថ្ម លើ​គូទំនាស់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាប​បាន​បន្ដបន្ទាប់ ក្មេង​ស្ទាវ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ទាស់​គ្នា​តាម​ឆាត Chat យុវជន​មួយ​ក្រុម ស្ទាក់​គប់​ដុំ​ថ្ម លើ​គូទំនាស់ បណ្ដាល​ដួល​ម៉ូតូ​របួសធ្ងន់​០២​នាក់ នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ។

បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដំរី​ផុង បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ វណ្ណ ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៧​និង​៥០​នាទី ខ្លួន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង មាន​គ្នា​ចំនួន​៤​នាក់ ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​។ លុះ​មក​ដល់​ចំណុច​មណ្ឌល​សុខភាព​ដំរី​ផុង ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ ចំនួន​០៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង យក​ដំ​ថ្ម​ដេញ​គប់​ពួក​ខ្លួន រហូត​ដល់​ចំណុច​អូរ​ស្វារ ភូមិ​ប្រហួ​ត ឃុំ​ដំរី​ផុង​ស្រុក​ឆ្លូង ខេត្តក្រចេះ ក្រុម​ក្មេង​ស្ទាវ​ខាងលើ បាន​គប់​មក​លើ​ពួក​ខ្លួន បណ្តាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង ជិះ​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើម​ស្វាយ ដែល​បើកបរ​ដោយ ឈ្មោះ ហ៊ួ​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួស របកស្បែក​ក្បាល​ខាង​មុខ​លើ​ថ្ងាស់ ដាច់​ចេញ​ឈាម និង​ឈ្មោះ កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាក់​ថ្គាម និង​បែកក្បាល​ផ្នែក​ខាងក្រោយ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆ្លូង​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ក្មេង​ស្ទាវ​ខាងលើ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ស្នើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សុំ​ធ្វើការ​សហការ​ស្រាវជ្រាវ ដោយ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ខាងលើ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លុះ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​១០​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០៣​នាក់ រួម​មាន ៖

ទី​១៖ ឈ្មោះ ស៊ុន ដា​លី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​បុស្ស ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច ភូមិ​ដី​ថ្មី ឃុំ​ព្រែ​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ។
ទី​២៖ ឈ្មោះ លី វុ​ទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​។ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ភូមិ​បុស ឃុំ​ដំរី​ថុ​ង ស្រុក​ឆ្លូង ខេត្តក្រចេះ ។
ទី​៣៖ ឈ្មោះ ណាំ រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​។ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​បឋម ជនសង្ស័យ​ខាងលើ​បាន ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​គប់​ដុំ​ថ្ម ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន មូលហេតុ​ដោយសារ​តែ​ខ្លួន​បាន​ថតរូប​ជាមួយ​សង្សារ​របស់​ជន​រង​គ្រោះ បន្ទាប់​មក​ជន​រង​គ្រោះ ក៏​បាន​ឆាត​មក​ជេរ​ខ្លួន ទើប​ឈាន​ដល់​ការ​ធ្វើ​សកម្មភាព​នេះ​ឡើង ដោយ​មាន​គ្នា​ចំនួន​៦ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ