ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន០៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤កន្លែងផ្សេងគ្នា រវាងរថយន្ត និងម៉ូតូ និងរវាងម៉ូតូ និងម៉ូតូ មូលហេតុបើកបរល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ។
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង១និង០៤នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចស្ពានបូម ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប អ្នកបើកម៉ូតូ រ៉ឺម៉កដឹកគោ ទំនងស្រវឹង មកដល់កន្លែងកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលចរាចរណ៍ ក្រឡាប់រ៉ឺម៉កផ្ងាជើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ ត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ករណីទី២ ៖ កើតឡើងនៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី១១ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៩/១៥០ ស្ថិតនៅភូមិកម្ពោធជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដួលម៉ូតូបោកក្បាលរបួសក្បាលធ្ងន់ធ្ងរ សន្លប់ឈឹង ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យជីភូ ។
ករណីទី៣ ៖ កើតឡើងនៅវេលាម៉ោង៣និង៥៦នាទីរសៀលថ្ងៃទី១១ ខែមេសា នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ មូលហេតុបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនមកមន្ទីរពេទ្យស្រុកស្វាយទាប ដើម្បីសង្គ្រោះ ។
ករណីទី០៤ ៖ កើតឡើងនៅវេលាម៉ោង៥និ១៧នាទីល្ងាចថ្ងៃទី១១ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិច វត្តខ្ជាយ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប រវាងរថយន្តក្រុង និងម៉ូតូ បុកពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូប៉ើងចម្ងាយ ៥០ម៉ែត្រ ធ្លាក់ទៅលើថ្នល់បែកក្បាលដាច់មុខរបួសធ្ងន់ធ្ងរ ឈាមហូរតាមច្រមុះ សន្លប់ស្តូកស្តឹង នៅនឹងកន្លែង ចំណែករថយន្តក្រុង បានបន្ថែមល្បឿន បើកទៅទិសខាងលិច ចូលក្រុងស្វាយរៀងបាត់ស្រមោល។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសាម៉ុយ ដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ គ្រូពេទ្យប្រាប់ថា សង្ឃឹមតិច ។ សូមបើកបរប្រុងប្រយត្ន័ បើស្រវឹងសូមកុំបើកបរ ៕


ចែករំលែកព័តមាននេះ