រាជធានីភ្នំពេញ ៖ វិស័យសំណង់របស់ប្រទេសកម្ពុជា ទំនងជានឹងងើបឡើងវិញទាបនៅឡើយ បើទោះបីជាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនគួរអោយកត់សម្គាល់ នៅឆ្នាំ២០២៤ និង២០២៥ ។
បើយោងតាមឯកសារមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា បានអោយដឹងថា វិស័យសំណង់របស់កម្ពុជា អាចនឹងមានកំណើនទាប នៅឡើយ ដោយសារតែការអូសបន្លាយ នៃការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យនៅប្រទេសចិន ។
គេសង្កេតឃើញថា បញ្ហាកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន និងរវាងអ៊ីស្រាអែល និងពួកហាម៉ាស បានដាក់សម្ពាធខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា និយាយជារួម និងនិយាដោយឡែក លើវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា ។
វិបត្តិសំណង់នេះ បានមើលឃើញច្បាស់ នៅពេលគម្រោងសំណង់ជាង ៣៦០នៅខេត្តព្រះសីហនុ មិនអាចធ្វើចប់សព្វគ្រប់ ដោយធ្វើអោយប៉ះពាល់ដល់សម្រស់ នៃខេត្តជាប់សមុទ្រ មួយនេះ ។
ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយចុះ សេដ្ឋកិច្ចកម្ពុជា ជាទូទៅ នឹងមានការរីកចម្រើនល្អ នៅឆ្នាំ២០២៤ និង២០២៥។ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៥,៨ ភាគរយ នៅឆ្នាំ២០២៤ និង ៦ ភាគរយ នៅឆ្នាំ២០២៥ ៕
ដោយ៖ សា រ៉ាន់





ចែករំលែកព័តមាននេះ