ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ថ្មី​៖ ធ្វើបុណ្យ​ជាមួយ​ព្រះ​រស់​អោយ​បាន​ច្រើន

7 ខែ មុន
  • ភ្នំពេញ

ពិធីបុណ្យ​សាសនា​នា​របស់​ខ្មែរ មិន​ថា​បុណ្យចូលឆ្នាំ​ថ្មី​ និង​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ ដូនតា​ខ្មែរ​បាន​បង្ហាត់បង្រៀន​នាំ​ឱ្យ​កូនចៅ​របស់​ខ្លួន​ធ្វើបុណ្យ​ជាមួយ​ឪពុក​ម្តាយ ដែល​គេ​ហៅ​ថា​ ព្រះ​រស់ និង​ធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ​នៅ​ឯ​វត្ត​អារាម​។ ក្រៅពី​នោះ​ពិធីបុណ្យ​នីមួយ​ៗ តែង​ភ្ជាប់​នឹង​ការ​កម្សាន្ត​សប្បាយ​ ។…

ពិធីបុណ្យ​សាសនា​នា​របស់​ខ្មែរ មិន​ថា​បុណ្យចូលឆ្នាំ​ថ្មី​ និង​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ ដូនតា​ខ្មែរ​បាន​បង្ហាត់បង្រៀន​នាំ​ឱ្យ​កូនចៅ​របស់​ខ្លួន​ធ្វើបុណ្យ​ជាមួយ​ឪពុក​ម្តាយ ដែល​គេ​ហៅ​ថា​ ព្រះ​រស់ និង​ធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ​នៅ​ឯ​វត្ត​អារាម​។ ក្រៅពី​នោះ​ពិធីបុណ្យ​នីមួយ​ៗ តែង​ភ្ជាប់​នឹង​ការ​កម្សាន្ត​សប្បាយ​ ។

ចូល​ឆ្នាំ​ជា​ឱកាស​ជួបជុំ​ក្រុម​គ្រួសារ​ខ្មែរ​ ។ ខ្មែរ​ទោះបី​ធ្វើ​ដំណើរ​ទៅ​សិក្សា ទៅ​រស់នៅ ទៅ​រកស៊ី​នៅ​កន្លែង​ណា ឱ្យ​តែ​ដល់​ឱកាស​ចូល​ឆ្នាំ​មក​ដល់ តែងតែ​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដើម្បី​ជួបជុំ​ញាតិ​មិត្ត ធ្វើបុណ្យ​ទាន ​និង​សប្បាយ​រីករាយ​។

វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កូនចៅ​ដើម្បី​ធ្វើបុណ្យ​ជាមួយ​ព្រះរ​ស់ គឺ​ឪពុក​ម្តាយ​និង​ដើម្បី​សម្តែង​ការ​ដឹងគុណដល់​ពួក​គាត់​។ ម្ល៉ោះហើយ កូនចៅ​ក៏​នាំ​គ្នា​ទៅ​កាន់​ស្រុក​ឪពុក​ម្តាយ​។ ប៉ុន្តែ​ទន្ទឹម​នោះ ក៏​មាន បញ្ហា​តូច មួយ​អាច​កើតឡើង ហើយ​ក៏​ជា​ជម្លោះ​ផង​ដែរ​។ នោះ​គឺ​ខាង​ប្រពន្ធ​អាច​ចង់ទៅ​ស្រុក​កំណើត​របស់​ឪពុក​ម្តាយ​ខាង​ប្រពន្ធ ខ​ណះ​ដែល​ខាង​ប្តី​អាច​ចង់ទៅ​លេង​ស្រុក​កំណើត​ឪពុក​ម្តាយ​ខាង​ប្តី​។

អ្នក​ខ្លួន​មួយ​ ឬ​ជា​មនុស្ស​នៅ​លីវ ងាយស្រួល ឱ្យ​តែ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី មក​ដល់​គឺ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជួប​ម៉ែឪ បងប្អូន​។ ប៉ុន្តែ​មាន​អ្នក​គូ ជា​ប្តី​ប្រពន្ធ ពេល​ខ្លះ​ការ​សម្រេចចិត្ត​ទៅ​ស្រុក​ជា​រឿង​មួយ​លំបាក និង​អាច​ឈាន ដល់​មាន ជម្លោះ​ទៀត​ផង​។ ជម្លោះ​អាច​កើត​មាន​ដោយសារ​ប្រពន្ធ​ចង់ទៅ​ស្រុក​ខ្លួន ចំណែក​ស្វាមី ក៏​ចង់ទៅ​ស្រុក​ខ្លួន​។

ឆ្នាំ​នេះ លោក​អ្នក​សម្រេចចិត្ត​ទៅ​ណា សម្រាប់​អ្នក​គួ​ទៅ​ស្រុក​ខ្លួន ​ឬ​ស្រុក​ប្រពន្ធ?

ចម្លើយ​មួយ ដែល​មិន​អាច​ឱ្យ​មាន​ជម្លោះ គឺថា​បើ​ឆ្នាំ​មុន​បាន​ទៅ​ស្រុក​ខាង​ស្វាមី ឆ្នាំ​នេះ​ប្រាកដ​ណាស់​គឺ​ទៅ ស្រុក​ភរិយា​ម្តង​។ ឬថា បើ​ឆ្នាំ​នេះ​យើង​ទៅ​ស្រុក​ភរិយា គួរ​ជជែក​គ្នា​ឱ្យ​ស្រេច​ថា​ឆ្នាំ​ក្រោយ​ទៅ​ស្រុក​ខាង​ស្វាមី​វិញ​ម្តង​។

រឿង​តូចតាច​ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​គូ​ស្វាមីភរិយា​មិន​សប្បាយចិត្ត​ដែរ​។ បើ​មិន​បាន​និយាយ​គ្នា ឬ​ម្នាក់​ៗ​មានះ​រៀង​ៗ​ខ្លួន​នោះ​។ កុំ​មានះ​តែ​យោគយល់​គ្នា​ម្តង​ទៅ​ខាង​នេះ ម្តង​ទៅ​ខាង​នោះ ជីវិត​គូស្រករ​នឹង​មាន​សេចក្តីសុខ ឪពុក​ម្តាយ​សប្បាយចិត្ត​រីករាយ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី​នឹង​ឱ្យ​ពរ​ជ័យ​ដល់​លោក​។

នៅ​ពេល​ចូល​ឆ្នាំ​ថ្មី តាម​ទម្លាប់​ខ្មែរ​និយាយ​លេងល្បែង​ប្រជាប្រិយ​ដ៏​ច្រើន​សម្បូរ​បែប​របស់​ខ្លួន មាន​ល្បែង ចោល​ឈូង លោតអន្ទាក់ ស្តេចចង់ ចាប់កូនខ្លែង លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ជាដើម​។

ការ​សប្បាយ​រីករាយ​ពិធី​បុណ្យចូលឆ្នាំ​បច្ចុប្បន្ន មានការ​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​គ្នា តាម​ការ​និយម​ពលរដ្ឋ នៅ​ក្នុង​តំបន់​នីមួយ​ៗ​។ ខេត្ត​ខ្លះ​ចូល​ចិត្ត​រាំវង់ ខេត្ត​ខ្លះ​ចូល​ចិត្ត​លេង​ប៉ាត​ម្សៅ បាញ់​ទឹកជា​ដើម​។

ក្រៅពី​ការ​សប្បាយ ពលរដ្ឋ​ខ្មែរ​តែងតែ​ជួបជុំ​គ្នា​ទទួលទាន​អាហារ​តាម​គ្រួសារ​នីមួយ​ៗ​ផង​ដែរ​។ ចូល​ឆ្នាំ​នេះ ដែល​ត្រូវ​នឹង​ឆ្នាំរោង​នោះ មាន​រយៈពេល​៤​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ខែមេសា​ឆ្នាំ​២០២៤​។ អាជ្ញាធរ​បាន អំពាវនាវ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ថែរក្សា​សុ​វត្ថ​ភាព សណ្តាប់​ធ្លាប់​សង្គម​។ ដើម្បី​បង្ក​បរិយាកាស​កាស់​តែ​សប្បាយ​រីករាយ​គេ​មិន​គួរ​លេងល្បែង​ណា​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​និង​អ្នក​ដទៃ​នោះ​ទេ​។

កោះសន្តិភាព​សូម​បូ​ង​ដល់​ទេវតា​ឆ្នាំ​ថ្មី ប្រទាន​ពរ​ជ័យ​និង​តាម​ថែរក្សា​បីបាច់​ដល់​ពលរដ្ឋ​ខ្មែរ គ្រប់​រូប ទទួល បាន​នូវ​សេចក្តីសុខ សប្បាយ​រីករាយ​គ្រប់​ក្រុម​គ្រួសារ មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ទី​ឆ្ងាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ