បរទេស ៖ ត្រីចិញ្ចឹមក្នុងដៃទន្លេរបស់ពលរដ្ឋវៀតណាមបានងាប់យ៉ាងរង្គាលជាង៣០០តោន ដោយអ្នកជំនាញព្រមានថា វិនាសកម្មនេះនឹងបន្តកើតមានដោយមិនអាចបញ្ឈប់បានឡើយ ។
តំបន់វារីវប្បកម្មតាមដងទន្លេដ៏ល្បីល្បាញមួយប្រចាំប្រទេសវៀតណាម ត្រូវបានរាយការណ៍ពីវិនាសកម្មត្រីងាប់អណ្តែតពណ៌សពាសពេញផ្ទៃទឹកក្នុងចំនួនរាប់រយតោន។

យោងតាមសារព័ត៌មានវៀតណាម VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា បានឱ្យដឹងថា ត្រីចញ្ចឹមរាប់រយតោនដែលងាប់ យ៉ាងរង្គាលនេះ គឺជាត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋវៀតណាមប្រមាណ៥១គ្រួសារ ក្នុងចំណោមអ្នកចិញ្ចឹមត្រីរាប់ពាន់គ្រួសារតាមដងទន្លេ Thai Binh ក្នុងខេត្ត Hai Duong ស្ថិតក្នុងតំបន់ដីសណ្ដទន្លេក្រហម ភាគខាងជើងវៀតណាម។

បច្ចុប្បន្ន នៅក្នុងខេត្ត Hai Duong មានបែចិញ្ចឹមត្រីជិត៧៤០០កន្លែងនៅតាមដងទន្លេ ហើយបាតុភូតត្រីងាប់ត្រូវបានរាយការណ៍ថា បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី២០ មីនា បន្តរហូតមកដល់ពេលនេះ នៅតាមបណ្តាស្រុកក្រុងចំនួន៥ ដែលសរុបត្រួសៗត្រីរាប់រាប់លានក្បាលនេះ ស្មើនឹងប្រមាណ៣០០តោនដោយគ្រួសារខ្លះបានអះអាងពួកគេបានបាត់បង់ត្រីប្រហែល១៥តោន ហើយត្រីងាប់ទាំងនោះត្រូវគេបោះចោលក្នុងទន្លេ ដែលបង្ករឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ។

ជុំវិញមូលហេតុដែលបណ្តាលឱ្យកើតមានបាតុភូតត្រីងាប់រាប់រយតោន ត្រូវបានមន្ទីរបរិស្ថាន និងនាយកដ្ឋានជលផលបានបើកការស៊ើបអង្កេត ដោយយកគំរូទឹកទន្លេទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ ។

លោកស្រី Pham Thi Dao អនុប្រធានមន្ទីរកសិកម្មខេត្ត Hai Duong បាននិយាយប្រាប់អ្នកសារព័តមាននារសៀលថ្ងៃទី៨ មេសា ថា លទ្ធផលនៃការធ្វើតេស្តលើគុណភាពទឹកនៅទីតាំងដែលមានត្រីងាប់ជាច្រើនបានរកឃើញថា អុកស៊ីហ្សែនក្នុងទឹកមានកម្រិតទាបណាស់ ហើយកំហាប់ឧស្ម័នពុលមានកម្រិតខ្ពស់»។

ដោយឡែក មន្ត្រីមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា ត្រីងាប់ដោយសារខ្វះអុកស៊ីហ្សែន ប៉ុន្តែមូលហេតុនៃកង្វះអុកស៊ីហ្សែនមិនទាន់កំណត់បានច្បាស់លាស់នៅឡើយទេ តែការសន្និដ្ឋានបឋមដោយសារតែការប្រែប្រួលអាកាសធាតុ និងលំហូរមិនគ្រប់គ្រាន់។

បើតាមម្ចាស់បែចិញ្ចឹមត្រីបាននិយាយដោយស្រងូតស្រងាប់ថា «ត្រីកាហោ ត្រីកាប និងត្រីទីឡាពយ៉ាក្រហម ទម្ងន់ពី ២ ទៅ ៦គីឡូក្រាម រាប់ម៉ឺនក្បាលបានងាប់អស់គ្មានសល់ ហើយត្រីងាប់ច្រើនបែបនេះបណ្តាលឱ្យមានការខូចខាតរាប់សិបពាន់លានដុង។ ពួកគេសង្ស័យថា ទឹកទន្លេ Thai Binh រងការការបំពុល។

ឆ្លើយតបនឹងការខាតបង់របស់ពលរដ្ឋ លោក Bui Van Thang ប្រធាននាយកដ្ឋានកសិកម្ម ខេត្តHai Duong បានជំរុញអ្នកចិញ្ចឹមត្រីឱ្យតាមដានយ៉ាងដិតដល់នូវការព្យាករណ៍អាកាសធាតុ និងការប្រែប្រួលអាកាសធាតុ។ លោកថា នៅពេលដែលគុណភាពទឹកមានការប្រែប្រួល ត្រីនឹងបង្ហាញសញ្ញាមិនចង់ស៊ីចំណី ហែលយឺតៗ ឬអណ្តែតលើផ្ទៃទឹក ដែលចំណុចនេះចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដូចជាការបង្កើនអុកស៊ីហ្សែន ការផ្លាស់ប្តូរទឹក និងសម្អាតបែចិញ្ចឹមត្រីឱ្យបានទៀងទាត់។

ជាពិសេស នៅពេលកម្ពស់ទឹកទន្លេធ្លាក់ចុះ អ្នកចិញ្ចឹមត្រីទាំងអស់ត្រូវទម្លាក់បែត្រីចុះ ដើម្បីកាត់បន្ថយកម្តៅ ចៀសវាងកង្វះអុកស៊ីហ្សែន ហើយត្រូវកាត់បន្ថយបរិមាណចំណី តែបន្ថែមវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗ។

បញ្ហាមួយទៀត មន្ត្រីបរិស្ថានអំពាវនាវថា សូមបងប្អូនយកត្រីងាប់ទាំងអស់ទៅកប់ ដោយចៀសវាងបោះក្នុងទន្លេដែលធ្វើឱ្យការបំពុលបរិស្ថាន និងការរីករាលដាលនៃជំងឺ។ ទោះជាបែបនេះក្តី ត្រីដែលងាប់ត្រូវបានគេប្រទះឃើញអណ្តែតពាសពេញទន្លេ Thai Binh ហើយបានរសាត់អណ្តែតទៅបណ្តាចូលទន្លេផ្សេងៗ ជំរុញក្រុមមន្ត្រីបរិស្ថានជាច្រើននាក់ត្រូវបានបញ្ជូនទៅប្រមូលយកសាកសពត្រីទាំងនោះចេញពីទន្លេ។

ដើម្បីជួយដល់អ្នកចិញ្ចឹមត្រីដែលរងការខាតបង់ អាជីវករ និងប្រជាជនជាច្រើននៅក្នុងតំបន់ បានចុះទៅប្រមូលទិញត្រីដែលមិនទាន់ងាប់ ដើម្បីយកមកលក់នៅលើទីផ្សារ ប៉ុន្តែទោះយ៉ាងណាក៏ដោយត្រីរាប់ពាន់តោនត្រូវបានគេជឿថា នឹងបន្តងាប់ជាបន្តបន្ទាប់ព្រោះតែស្ថានភាព ជាក់ស្តែងមិនមានសញ្ញាប្រសើរនិងវិធានការណាអាចទប់ស្កាត់វិនាសកម្មនេះបានឡើយ៕





ចែករំលែកព័តមាននេះ