ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ករណី​ឆបោក ក្រោម​រូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ទៀត​ហើយ ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ករណី​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​តេ​ឡេ​ក្រាម ក្រោម​រូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ត្រលប់​មក​វិញ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ទៀត​ហើយ ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ករណី​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​តេ​ឡេ​ក្រាម ក្រោម​រូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ត្រលប់​មក​វិញ​ច្រើន ។

យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស ឃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ទៀត​ថា ជា​លទ្ធផល ជនសង្ស័យ​ជា​សហចារី ដែល​ប្រើប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់ ជា​មធ្យោបាយ​សម្រាប់​ទទួល​ប្រាក់​ឆបោក​ពី​អ្នក​វិនិយោគ​ផ្សេង​ៗ រួច​ផ្ទេរ​ប្រាក់​ទាំងនោះ ទៅ​ឱ្យ​បក្ខពួក​របស់​ខ្លួន តាម​រយៈ​គណនី​ធនាគារ​ជា​ច្រើន​។ បក្ខពួក​របស់​ជនសង្ស័យ ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ដាក់​តាំង​រូប​ក្នុង​ប្រូ​ហ្វា​ល់ (Profile) ក្លែង​ជា​រូប​ស្រី​ស្អាត តាម​គោលដៅ ដែល​ពួក​គេ​តាម​ប្រមាញ់ ដោយ​និយាយ​លួងលោម​ជន​រង​គ្រោះ ឱ្យ​ជឿជាក់​ព្រម​ដាក់​ប្រាក់​វិនិយោគ ។

បច្ចុប្បន្ន នាយកដ្ឋាន​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គួរ​រម្លឹក​ដែរ​ថា នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ជំនាញ បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ត​.​ម​.​រ ភេទ​ប្រុស ជា​សហចារី ធ្វើការ​ទិញ​-​លក់ គណនី​ធនាគារ យក​ទៅ​ឱ្យ​បក្ខពួក ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ពី​ជន​រង​គ្រោះជា​ច្រើន​នាក់ ហើយ​ករណី​នេះ គឺ​នៅ​មាន​ជនសង្ស័យ​មួយ​ចំនួន​ទៀត ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អោយ​ដឹង​បន្ត​ថា ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​លើ​បទល្មើស​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​ត្រលប់​មក​វិញ ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Telegram ធ្វើ​ជា​មធ្យោបាយ និង​បង្ហូរ​ប្រាក់​តាម​រយៈ​គណនី​ធនាគារ​នៅ​កម្ពុជា ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ឈ្មោះ ង​.​ស​.​ន អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​អូស​ទាញ ប្រមូល​ទិញ​គណនី​ធនាគារ (ABA) ពី​ប្រជាពលរដ្ឋ ដើម្បី​លក់​បន្ត​អោយ​បក្ខពួក​។ ការ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​រូប​នេះ ក្រោយ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ពាក់ព័ន្ធ នឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម (Telegram) ធ្វើការ​ឆបោក​ប្រាក់​ដោយ​ប្រើ​មធ្យោបាយ​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ចូល​គណនី ABA ។ ស្ត្រី​សង្ស័យ​ខាងលើ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ ។

កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខ​.​ស​.​ភ ភេទ​ប្រុស ជា​សហចារី ធ្វើ​សកម្មភាព​ទទួល​ប្រាក់​ឆបោក​ពី​ជន​រង​គ្រោះជា​ច្រើន​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់ ក្រោម​រូបភាព​វិនិយោគ​រយៈពេល​ខ្លី ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​ត្រលប់​មក​វិញ ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Telegram ធ្វើ​ជា​មធ្យោបាយ និង​បង្ហូរ​ប្រាក់​តាម​រយៈ គណនី​ធនាគារ នៅ​កម្ពុជា ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជនសង្ស័យ ត្រូវ​បាន​ចៅក្រម​ឃុំខ្លួន​ពី​បទ​ឆបោក ដាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ ព្រៃ​.​ស ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរម្លឹក​ដល់​ជន​ទូទៅ កុំឱ្យ​ចូលរួម​សកម្មភាព​ទទួល និង​ដក​ប្រាក់​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ប្រមូល​ទិញ​-​លក់ គណនី​ធនាគារ យក​ទៅ​ឱ្យ​តតិយជន ដែល​អំពើ​នេះ គឺជា​បទល្មើស​ធ្វើ​ឱ្យ​សាមីខ្លួន ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ