ខេត្តបាត់ដំបង ៖ តំបន់ព្រៃលិចទឹកជាង៥៦០ហិចតានៅក្នុងស្រុកថ្មគោល និងជាង២០ហិកតាទៀត នៅក្នុងស្រុកមោងប្ញស្សីត្រូវបានភ្លើងឆេះអស់គ្មានសល់ ដែលកម្លាំងចម្រុះ តាមបណ្ដាស្រុកទាំងពីរនេះចុះល្បាតប្រទះឃើញ កាលពីថ្ងៃទី០៨ មេសា តែគេមិនទាន់រកឃើញមូលហេតុ ដែលនាំឲ្យមានភ្លើងព្រៃនេះកើតឡើងនោះទេ ។ នេះបើតាមសេចក្ដីរាយការណ៏ពីកម្លាំងសមត្ថកិច្ចដែលបានចុះទៅកាន់កន្លែងកើតហេតុនីមួយៗ។

ប្រភពបានឲ្យដឹងថា មហន្តរាយនៃព្រៃលិចទឹកដោយសារភ្លើងព្រៃដែលគ្មាននរណាបានដឹងពីមូលហេតុនេះបានកើតឡើងស្ទើរព្រមគ្នា រវាងស្រុកថ្មគោល និងស្រុកមោងប្ញស្សី ។ ប្រភពបានឲ្យដឹងទៀតថា តំបន់ព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ហាក់មានសភាពខូចខាតធ្ងន់ធ្ងរជាងតំបន់ព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ ស្រុកមោងប្ញស្សី ។

ហើយព្រៃលិចទឹក ដែលត្រូវភ្លើងឆេះទាំងនោះ ភាគច្រើនស្ថិតនៅក្នងតំបន់៣ ដែលជាតំបន់ត្រូវការពារ សម្រាប់ជាជម្រកត្រីពងកូនក្នុងរដូវវស្សា ។ របាយការណ៍ដែលកោះសន្តិភាពទទូលបានដីព្រៃលិចទឹកដែលត្រូវភ្លើងឆេះនៅក្នុងស្រុកថ្មគោល គឺភាគច្រើនស្ថិតនៅក្នុងតំបន់៣ចាប់ពីចំណុច «ខាំឆាំ» ក្នុងភូមិសាស្ត្រ ភូមិអង់ ឃុំតាម៉ឺន រហូតដល់ចំណុច «បឹងល្ពាក់»ក្នុងភូមិសាស្ត្រ ឃុំជ្រោយស្ដៅ ដែលមានទំហំផ្ទៃដីចំនួន៥៦៦ហិចតា (ទំហំដីព្រៃដែលភ្លើងឆេះ) ។

បើតាមកម្លាំងចម្រុះរបស់រដ្ឋបាលស្រុកថ្មគោលបាននិយាយថា បើតាមការចុះពិនិត្យជាក់ស្ដែង តំបន់ព្រៃលិចទឹកជាង៥៦០ហិកតា ដែលត្រូវភ្លើងឆេះអស់ខ្ទេចខ្ទីរនោះ ទំនងបានកើតឡើងជិតមួយសប្ដាហ៍មុនពេលកម្លាំងចម្រុះចុះពិនិត្យ ។ ប៉ុន្តែគេមិនទាន់ហ៊ានសន្និដ្ឋានបាននៅឡើយទេ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យយ៉ាងអាថ៌កំបាំង ឆេះព្រៃលិចទឹកក្នុងតំបន់៣ខាងលើនេះ ។

ដោយឡែក បើនិយាយពីភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់៣នេះដែរ ដែលបានកើតឡើងនៅក្នុងស្រុកមោងប្ញស្សី នៅក្នងរបាយការណ៍បានឲ្យដឹងថា តំបន់ព្រៃលិចទឹក នៅក្នុងតំបន់៣ ប្រមាណ២០ហិកតា ត្រង់ចំណុចខាងជើង«បឹងភ្លោះ» ស្ថិតក្នុងភូមិសាស្ត្រ ភូមិទូលព្រំ១ ឃុំកកោះ ។

កម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីជលផលបានចេញល្បាតស្វែងរកបទល្មើសតាមតំបន់ទន្លេសាប ហើយបានប្រទះឃើញភ្លើងឆេះព្រៃលិចទឹកខាងលើនេះ ដែលទើបរលត់នៅសល់ផ្សែងហុយៗ ។ ប្រជាសហគមន៍ដែលចុះទៅពិនិត្យតំបន់ភ្លើងឆេះបាននិយាយដែរថា អគ្គិភ័យឆេះព្រៃលិចទឹកខាងលើនេះ ទំនងទើបឆេះរំលងបានមួយថ្ងៃប៉ុណ្ណោះ មុនពេលកម្លាំងចម្រុះចុះទៅឃើញ ព្រោះមានកន្លែងខ្លះរលត់អស់ តែកន្លែងខ្លះនៅមានផ្សែងហុយៗនៅឡើយ តែគេពុំទានដឹងថា តើអគ្គីភ័យដែលលេបត្រាបក់តំបន់ព្រៃលិចទឹក ក្នងតំបន់៣ខាងលើនេះកើតឡើងដោយសារអ្វីនោះទេ ?

ជុំវិញករណីអគ្គិភ័យឆេះព្រៃលិចទឹកក្នុងតំបន់៣ អស់រាប់រយហិចតានៅក្នុងស្រុកថ្មគោល និងស្រុកមោងប្ញស្សីខាងលើនេះ ពុំមានមន្ត្រី ឬអាជ្ញាធរណាម្នាក់ចេញមុខអះអាងពីមូលហេតុឡើយ ។ ការវាយតំលៃរបស់មន្ត្រីភាគច្រើនសុទ្ធតែស្រពិចស្រពិល ហើយមិនហ៊ានបញ្ចេញឈ្មោះទេ ។ មន្ត្រីខ្លះបានសន្និដ្ឋានបែបស្មានៗថា «អគ្គីភ័យនោះអាចបណ្ដាលមកពីអ្នករុករកសត្វឃ្មុំ»។

រីឯមន្ត្រីខ្លះទៀត ហាក់ចាប់អារម្មណ៍ទៅលើក្រុមជនទុច្ចរិកដែលលោភលន់នឹងរឿងវាទយកដីធ្លី ។ ប្រភពនេះបានលើកឡើងថា អគ្គិភ័យដែលឆេះព្រៃលិចទឹកក្នុងតំបន់៣ខាងលើនេះ ទំនងត្រូវជនទុច្ចរិកដុតបំផ្លាញ ដើម្បីងាយឈូសឆាយវាទយកដីតំបន់៣។ ប៉ុន្តែយ៉ាងណាក្ដី ថ្នាក់ដឹកនាំគួតែបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដ ដែលនាំឲ្យមានអគ្គីភ័យឆេះព្រៃលិចទឹក ក្នុងតំបន់៣ នៅក្នុងស្រុកទាំងពីរខាងលើនេះ ៕
ចែករំលែកព័តមាននេះ