ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមវ៉ាដាច់ថៃ ឡើងឈរតំណែងកំពូលជាប្រទេសនាំចេញទុរេនទៅកាន់ចិន

3 អាទិត្យ មុន

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ នៅក្នុងនាមប្រទេសកំពូលនាំចេញ

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ នៅក្នុងនាមប្រទេសកំពូលនាំចេញទុរេនទៅកាន់ប្រទេសចិន ដោយបានដឹកជញ្ជូនចំនួន ៣២,៧៥០តោន នៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ដែលស្មើនឹង ៥៧% នៃការនាំចូលរបស់ប្រទេសចិន ពោលកើនឡើងពី ៣២% បើធៀបនឹងឆ្នាំមុន។

បើយោងតាមទិន្នន័យពីគយប្រទេសវៀតណាម និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន VnExpress នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការនាំចេញផ្លែទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនកើនឡើង ២,៤ដង បើធៀបនឹងឆ្នាំមុន។ ប្រទេសថៃបានមើលឃើញការនាំចេញរបស់ខ្លួនធ្លាក់ចុះរហូតដល់ពាក់កណ្ដាល មកនៅត្រឹម ១៩,០០០តោន ខណៈនៅក្នុងតម្លៃ ៤,៩១៦​ដុល្លារអាម៉េរិកក្នុងមួយកុងតឺន័រ តម្លៃនាំចេញរបស់វៀតណាមគឺទាបជាងថៃជិត ២០% ឯណោះ។

លោក Dang Phuc Nguyen អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមបានលើកឡើងថា អាកាសធាតុនៅប្រទេសវៀតណាមអនុញ្ញាតឱ្យដំណាំទុរេនអាចដាំដុះបានពេញមួយឆ្នាំ បូកផ្សំនឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយប្រទេសចិន ដែលផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការដឹកជញ្ជូន។

កសិករបាននឹងកំពុងដំឡើងថ្លៃទុរេនក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែតម្រូវការខ្ពស់ពីប្រទេស​ចិន។ កាលពីខែមីនាកន្លងទៅ តម្លៃពូជទុរេនម៉ាន់ថង (Monthong) ដែលមានគុណភាពខ្ពស់បំផុតនៅតំបន់ដីសណ្ដទន្លេមេគង្គបានកើនឡើង ១៥% ធៀបនឹងឆ្នាំមុន រហូតដល់ពី ៨.៧ ទៅ ៩.២ ដុល្លារក្នុងមួយគីឡូក្រាម។

ដោយមកជាមួយនឹងលក្ខខណ្ឌអំណោយផលនៃការដាំដុះ ក៏ដូចជាតម្រូវការខ្ពស់ពីសំណាក់ប្រទេស​ចិន ការនាំចេញទុរេនរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ ៣.៥​ពាន់​លានដុល្លារ នៅឆ្នាំនេះ ពោលគឺកើនឡើងរហូតដល់ ៦៦% បើធៀបនឹងឆ្នាំមុន៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ