ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសេដ្ឋកិច្ចឈរទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០នៅតំបន់អាស៊ី

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មែន ប៉ុន្តែ​សេដ្ឋកិច្ច​បាន​ឈរ​លំដាប់​ទី​១ ក្នុង​តំបន់​អាស៊ាន និង​ទី​៣​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ទាំង​២០ ។ ឯកឧត្តម ប៉ែន បូ​ណា…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មែន ប៉ុន្តែ​សេដ្ឋកិច្ច​បាន​ឈរ​លំដាប់​ទី​១ ក្នុង​តំបន់​អាស៊ាន និង​ទី​៣​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ទាំង​២០ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា កម្ពុជា​ឈរ​លំដាប់​ទី​១ ក្នុង​តំបន់​អាស៊ាន និង​ទី​៣​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ទាំង​២០​ក្នុង​តំបន់​អាស៊ី ជាមួយ​កំណើនសេដ្ឋកិច្ច​៦,១% ក្នុង​ឆ្នាំ​២០២៤ ។ នេះ គឺជា​ចំណាត់ថ្នាក់​ស្តី​ពី​កំណើនសេដ្ឋកិច្ច​ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​ស្ថិតិ​ឥណ្ឌូ​នេ​ស៊ី Seasia stats ដោយ​យោង​លើ​មូលដ្ឋាន​នៃ​ការ​ព្យាករណ៍​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ។

ឯកឧត្តម​លើក​ឡើង​ទៀត​ថា លទ្ធផល​បែប​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ ប៉ុន្តែ​វា គឺជា​ផ្លែផ្កា​នៃ​ការ​ដាក់​ចេញ​គោលនយោបាយ ការ​ដឹកនាំ និង​ចាត់ចែង​បាន​ល្អ​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ចន្ទល់​នៃ​កំណើនសេដ្ឋកិច្ច​ដោយ​មិន​អាច​ប្រកែក​បាន ។ គេ​នៅ​ចាំ​បាន​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ក្នុង​រង្វង់​៧% រយៈពេល​រាប់​ទសវត្សរ៍ ។

នេះ គឺជា​កាលានុវត្តភាព​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ស្គាល់​ការ​អភិវឌ្ឍ​យ៉ាង​លឿន​រហ័ស បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​នា​ឆ្នាំ​១៩៩៨ ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ទៀត​ថា កូ​វី​ដ​-១៩ បាន​ចូល​មក​បង្អាក់ និង​ទាញ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​យ៉ាង​គំហុក​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់ ។ កម្ពុជា​ក៏​មិន​អាច​ចៀស​ផុត​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​មហន្តរាយ​នេះ​ដែរ ។ ប៉ុន្តែ​ក្រោម​ការ​ចាត់ចែង និង​ដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​ប្រមុខ​ដឹកនាំ​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍ រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយ​ផល​ប៉ះពាល់​ឱ្យ​នៅ​កម្រិត​ទាប​ជាង​ទំហំ​នៃ​មហន្តរាយ​ពិត និង​បាន​អូស​ទាញ​ប្រទេស និង​ប្រជាពលរដ្ឋ​ឱ្យ​ចាក​ចេញពី​កូ​វី​ដ​-១៩​ជា​បណ្តើរ​ៗ​បាន​យ៉ាង​ឆាប់រហ័ស​ជាង​បណ្តា​ប្រទេស​នានា​ជា​ច្រើន​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា ក្នុង​ពិភពលោក ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​អះអាង​ថា ទោះបីជា​វិបត្តិ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នៅ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក​ក្តី ក៏​រាជរដ្ឋាភិបាល​បន្តវេន​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចេញដំណើរ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ថាមពល​ក្លៀវក្លា​និង​ចក្ខុវិស័យ​យ៉ាង​ច្បាស់លាស់ ។

ប្រមុខ​រាជរដ្ឋាភិបាល​វ័យក្មេង​របស់​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ប្រកបដោយ​មហិច្ឆតា​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ។ ឯកឧត្តម​ប៉ែន បូ​ណា​បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​នេះ កម្មវិធី​គោលនយោបាយ​អាទិភាព​៦​ចំណុច​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​ជា​បន្ទាន់ ដោយ​គ្រប់​ចំណុច​ទាំងអស់​សុទ្ធតែ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ។

ទន្ទឹម​នឹង​នោះ «​ការទូត​សេដ្ឋកិច្ច​»​ក៏​ជា​នយោបាយ​ការ​បរទេស​ដ៏​សំខាន់​មួយ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្តោត​ទៅ​លើ​ការ​ទាក់ទាញ​វិនិយោគ និង​ទេសចរណ៍ ។ នយោបាយ​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស​ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម ។

ឯកឧត្តម​គូសបញ្ជាក់​ថា​៖«​សរុប​ទៅ កម្ពុជា គឺជា​ប្រទេស​តូច​មែន​តែ​ពិតជា​អាច​ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​មោ​ទ​នៈ ។ ងើប​ពី​កូ​វី​ដ​-១៩ ភ្លាម កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​យ៉ាង​លឿន​លើសគេ​ក្នុង​អាស៊ាន ។ លទ្ធផល​ដ៏​ល្អ​បែប​នេះ​មិន​អាច​សម្រេច​បាន​ឡើយ​ប្រសិនបើ​គ្មាន​ថ្នាក់ដឹកនាំ​ខ្លាំងពូកែ និង​ប្រសិនបើ​គ្មាន​គោលនយោបាយ​ត្រឹមត្រូវ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​ទេ​នោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ