ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តស្ទឹងត្រែង​ជំរុញ​អ្នក​ផលិត និង​អាជីវករ​បង្កើន​ភាព​ស្មោះត្រង់​លើកកម្ពស់​ផលិត​​ផល​កសិកម្ម

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​ទូច គង្គា អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ណែនាំ​អ្នក​ផលិត និង​អាជីវករ​ទាំងអស់​ឱ្យ​បង្កើន​ភាព​ស្មោះត្រង់ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ជំរុញ​និង​លើកកម្ពស់​ផលិតផល​កសិកម្ម​នាំ​ទៅ​កាន់​ទីផ្សារ​ឲ្យ​បាន​បរិមាណ​ច្រើន ។…

ខេត្តស្ទឹងត្រែង ៖ លោក​ទូច គង្គា អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ណែនាំ​អ្នក​ផលិត និង​អាជីវករ​ទាំងអស់​ឱ្យ​បង្កើន​ភាព​ស្មោះត្រង់ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ជំរុញ​និង​លើកកម្ពស់​ផលិតផល​កសិកម្ម​នាំ​ទៅ​កាន់​ទីផ្សារ​ឲ្យ​បាន​បរិមាណ​ច្រើន ។

ការ​ណែនាំ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​លក់​ផល​ដំឡូង​មី ដែល​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​។ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិតផល​កសិកម្ម​ស្តី​ពី​ការ​ផលិត និង​ផ្គត់ផ្គង់​ដំឡូង​មី​ស្រស់ រវាង​សហគមន៍​កសិកម្ម និង​ដេប៉ូ​លាង ប៊ុ​ន​ហ៊ា​ង នៅ​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​នា​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ លោក​ទូច គង្គា បាន​គូសបញ្ជាក់​ថា នេះ​ជា​គោលការណ៍​ច្បាប់ សម្រាប់​ធ្វើ​ឲ្យ​អ្នក​ផលិត និង​អាជីវករ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ជំរុញ​លើកកម្ពស់​តម្លៃ និង​ទីផ្សារ​លក់​ផលិតផល​កសិកម្ម ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ពិគ្រោះ​យោបល់​គ្នា និង​កំណត់​យក​គោលដៅ​រួម ដើម្បី​ផលប្រយោជន៍​និង​ភាព​ជោគជ័យ​ទាំងអស់​គ្នា​។

ជាមួយ​គ្នា​នេះ​ដែរ លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ការ​ចុះ​កិច្ចសន្យា​នេះ ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​លើកកម្ពស់​ផលិតផល​កសិកម្ម ហើយ​វា​ក៏​ជា​យន្តការ​មួយ​ដែល​មន្ទីរ​កសិកម្ម​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​។ បច្ចុប្បន្ន ខេត្តស្ទឹងត្រែង​បាន​បង្កើត​សហគមន៍​កសិកម្ម​បាន​ចំនួន​៤៥​សហគមន៍​ហើយ ដើម្បី​រួម​គ្នា​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​កសិករ ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែម​ថា ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ទាំង​ថ្នាក់​ក្រសួង ថ្នាក់​ខេត្ត ក៏​ដូច​ជា​មន្ទីរ​កសិកម្ម មិន​ចង់​ឃើញ​ភាព​បរាជ័យ​របស់​បងប្អូន​កសិករ​ដែល​ខិតខំ​ដាំ​ដុះ ហើយ​ពេល​បាន​ផល​គ្មាន​ទីផ្សារ​ត្រឹមត្រូវ​នោះ​ទេ ។ លោក​បន្ត​ថា បច្ចុប្បន្ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ដាក់​នូវ​គោល​នយោបាយ​ថ្មី​ៗ​ជំរុញ​ឲ្យ​អ្នក​ផលិត​ទាំងអស់ ធ្វើ​ឲ្យ​មាន​ផ្នែក​សន្តិសុខ​ស្បៀង គឺ​មាន​ហូប មាន​ប្រើ និង​មាន​សេដ្ឋកិច្ច​រហូត​ជា​និរន្ត​ផង​ដែរ ។

ចំណែក​លោក លាង ប៊ុ​ន​ហ៊ា​ង ម្ចាស់​ដេប៉ូ​ទទួល​ទិញ​ផល​កសិកម្ម បាន​គាំទ្រ​គោលនយោបាយ​ដ៏​ចម្បង​នេះ ព្រោះ​វា​បាន​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម និង​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​តាម​ជនបទ​ផង​ក្នុង​ពេល​ដែល​កិច្ចព្រមព្រៀង​អនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព ។

ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិតផល​កសិកម្ម​ស្តី​ពី​ការ​ផលិត និង​ផ្គត់ផ្គង់​ដំឡូង​មី​ស្រស់ រវាង​សហគមន៍​កសិកម្ម និង​ដេប៉ូ​លាង ប៊ុ​ន​ហ៊ា​ង​នេះ គឺជា​យន្តការ​ដ៏​មាន​សារសំខាន់សម្រាប់​លើកកម្ពស់​​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​បាន​បង្កើន​ភាព​ស្មោះត្រង់ រវាង​អ្នកលក់ និង​អ្នកទិញ ដើម្បី​រួម​គ្នា​លើកកម្ពស់​ផ្នែក​ទីផ្សារ​ផលិតផល​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ