រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស នាព្រឹកថ្ងៃទី២១ ខែតុលានេះថា ៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចជូនគណៈកម្មាធិការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មាធិការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់សេចក្តីព្រាងច្បាប់ស្តីពី ៖

១. ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២. ការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់រូបវន្តបុគ្គល។
៣. ការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤. ការអនុម័តយល់ព្រម លើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
៥. ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕
ចែករំលែកព័តមាននេះ