សហរដ្ឋអាមេរិក ៖ តុលាការសាលាឧទ្ធរណ៍សហព័ន្ធ បានផ្ដល់សុពលភាពលើការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដាក់ពង្រាយកងទាហានឆ្មាំជាតិនៅក្រុងព័រឡែន។ នេះជាការវាយបកមួយលើអាជ្ញាធរក្រុងនោះ ជាពួកអ្នកប្រជាធិបតេយ្យដែលបរិហារថា ការដាក់ពង្រាយកងទ័ពបែបនោះ ជាគ្រោះថ្នាក់មួយ។

នេះជាជ័យជម្នះខាងផ្នែកច្បាប់ចម្បងមួយដែលលោកត្រាំទទួលបាន កាលពីថ្ងៃទី២០តុលា។ សាលាឧទ្ធរណ៍សហព័ន្ធមួយយល់ថា វាហាក់ដូចជាប្រធានាធិបតី អនុវត្តដោយស្របច្បាប់នូវអំណាចលោក ដោយសម្រេចបញ្ជូនកងកម្លាំងឆ្មាំជាតិ ទៅកាន់ក្រុងព័រឡែនជាទីក្រុងធំមួយនៃរដ្ឋអូរីហ្គោនគ្រប់គ្រងដោយពួកអ្នកប្រជាធិបតេយ្យ។ ក្នុងទីក្រុងនោះកើតមានបាតុកម្មធំៗ ប្រឆាំងនយោបាយអន្តោប្រវេសន៍របស់លោកត្រាំ។
ការសម្រេចនេះរបស់តុលាការសាលាឧទ្ធរណ៍នោះ ជាការវាយបកមួយលើការសម្រេចរបស់តុលាការសាលាដំបូងមួយប្រឆាំងការដាក់ពង្រាយដ៏ចម្រូងចម្រាស់នូវទាហានប្រមាណជា២០០នាក់ ប្រកាសកាលពីដំណាច់ខែកញ្ញាដោយលោកប្រធានាធិបតីត្រាំ។ បណ្ដាចៅក្រមសាលាឧទ្ធណ៍នោះវិនិច្ឆ័យថា ប្រធានាធិបតីអាចសម្រេចលើការបញ្ជូនកងឆ្មាំជាតិ ទៅកន្លែងដែលគេមិនអាចអនុវត្តច្បាប់អាមេរិកបាន។
តាមចៅក្រមទាំងនោះថា កងកម្លាំងឆ្មាំជាតិដែលដាក់ពង្រាយ នឹងចាត់ការចំពោះបណ្ដាមនុស្សដែលលើកគ្នាទៅព័ទ្ធជុំវិញអគារប៉ូលិសអន្តោប្រវេសន៍នៅព័រឡែនកន្លែងដែលពួកបាតុករ រារាំងការងាររបស់ភ្នាក់ងារសហព័ន្ធ៕
ចែករំលែកព័តមាននេះ