ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី៤ មិថុនា កន្លងទៅថ្មីៗនេះ មន្ទីរកសិកម្មខេត្ដព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យកសិកម្ម ស្រុករវៀង ស្ថិតក្នុងទីរួមស្រុករវៀង និងមានការចែកទុនសម្ភារកសិកម្ម ជូនដល់ប្រជាកសិករក្នុងស្រុកនោះ សម្រាប់ជាទុនប្រើប្រាស់ក្នុងការផលិតដំណាំកសិកម្មនារដូវវស្សានេះ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ដ និងលោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្ដ និងមានការចូលរួមពីមន្ដ្រីរាជការជុំវិញខេត្ដ មន្ដ្រីសាលាស្រុករវៀង និងឃុំទាំងបួន ដែលស្ថិតនៅជុំវិញសាលាស្រុករវៀង ព្រមទាំងប្រជាពលរដ្ឋក្រុមកែលំអជីវភាពចំនួន១២ភូមិ ដែលមានប្រមាណ៣០០គ្រួសារផងដែរ។
លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ដបានធ្វើចំណាប់អារម្មណ៍ដោយបានលើកឡើងថា ពេលនេះគឺជាលើកទី១ ហើយដែលនៅក្នុងស្រុករវៀងក៏ដូចជានៅទូទាំង៧ស្រុកក្នុងខេត្ដដែរ ដែលមានការិយាល័យកសិកម្មសម្រាប់ធ្វើការបានសមរម្យ និងពេលនេះបានធ្វើការផ្ដល់ទុនសម្ភារកសិកម្មដល់កសិករក្រុមកែលំអជីវភាព ដែលមកពីឃុំចំនួន៣ ក្នុងនោះមានឃុំរហ័ស (ភូមិអន្លង់ស្វាយ ភូមិកំពង់ចម្លង) ឃុំរស្មី (មានភូមិចំបក់ផ្អែម ភូមិទំពាំងឫស្សី) ឃុំរតនៈ (មានភូមិខ្នា ភូមិកេរ្ដិ៍) តាមរយៈការផ្ដល់ថវិកាពីមូលនិធិអន្ដរជាតិ ហៅកាត់ថា អាយហ្វាត ។ លោកប្រធានមន្ទីរកសិកម្មខេត្ដបានលើកឡើងពីមូលនិធិអន្ដរជាតិជាច្រើន ដែលមន្ទីរកសិកម្មខេត្ដទទួលបានកន្លងមក ហើយមូលនិធិទាំងនេះត្រូវបានយកមកជួយលើកស្ទួយវិស័យកសិកម្មដោយបានអនុវត្ដគម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ ហៅកាត់ RULIP ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា មកទល់ពេលនេះ គឺមានរយៈពេលជាង៣ឆ្នាំហើយដែលម្ចាស់គម្រោងបានជួយជាសម្ភារកសិកម្មក៏ដូចជាផ្នែកបច្ចេកទេស ជាពិសេសអាយហ្វាត បានជួយសាងសង់អគារការិយាល័យកសិកម្មតាមបណ្ដាស្រុកគោលដៅរបស់គម្រោងទាំង៧ សម្រាប់បម្រើសេវាកម្មកសិកម្មជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ងាយស្រួលក្នុងការទំនាក់ទំនងក្នុងវិស័យកសិកម្ម។ លោកបានបញ្ជាក់ថា អគារការិយាល័យកសិកម្មស្រុក គឺជាសមិទ្ធផលដ៏ថ្លៃថ្លាក្រោមកិច្ចសហប្រតិបត្ដិការរវាងដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យអាទិភាពផលិតស្បៀងរបស់កម្ពុជា ។
លោកប្រធានមន្ទីរកសិកម្មខេត្ដបានបញ្ជាក់ឱ្យដឹងទៀតថា អគារដែលកំពុងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺបានចំណាយទឹកប្រាក់អស់២២.៤០០ដុល្លារអាមេរិក ក្នុងនោះក៏មានថវិការាជរដ្ឋាភិបាលចូលរួម២.៤០០ដុល្លារ និងប្រើរយៈពេលជាង៥ខែក្នុងការសាងសង់។ នៅពេលដែលធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មន្ទីរបានចំណាយថវិកាក្នុងការបំពាក់សម្ភារការិយាល័យ និងកុំព្យូទ័រមួយកំប្លេរផងដែរ។ លោកប្រធានមន្ទីរក៏បានពន្យល់ដល់ប្រជាកសិករទាំងអស់ត្រូវមានការយល់ដឹងអំពីបច្ចេកទេសថ្មី ដើម្បីធ្វើយ៉ាងណាឱ្យការផលិតដំណាំកសិកម្មទទួលបានទិន្នផលកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព លើសពីនេះគម្រោងបានផ្ដល់ការបណ្ដុះបណ្ដាលពីអាជីវកម្មខ្នាតតូចសម្រាប់រកចំណូលបន្ថែមលើប្រាក់ចំណូលប្រចាំថ្ងៃបានស្រួលទៀតផង ។
លោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្ដ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាកសិករក្រោយពេលបានស្ដាប់ការណែនាំ និងបានទុនទៅដល់ដៃហើយ សូមយកចិត្ដទុកដាក់ក្នុងការផលិតដំណាំកសិកម្មតាមបែបបច្ចេកទេសថ្មីឱ្យបានទៀងទាត់ដើម្បីទទួលបានទិន្នផលខ្ពស់ និងមិនត្រូវយកពូជដ៏ល្អដែលទទួលបានពីគម្រោងទៅធ្វើឱ្យមានការខាតបង់ឡើយ។
លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ដបានមានប្រសាសន៍សំណេះណាលទៅកាន់ប្រជាកសិករថា ពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានការជួយឧបត្ថម្ភគាំទ្រពីម្ចាស់ជំនួយអន្ដរជាតិតាមរយៈការអំពាវនាវរកដៃគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។ លោកប្រធានក្រុមប្រឹក្សាខេត្ដ បានរំលឹកដល់ប្រជាកសិករទាំងអស់ត្រូវយកចិត្ដទុកដាក់ខ្ពស់ក្នុងការងារបង្កបង្កើនផល ដាំដំណាំគ្រប់ប្រភេទដែលជាមុខរបរ និងជាដង្ហើមរស់របស់បងប្អូន មិនត្រូវធ្វេសប្រហែសធ្វើឱ្យយឺតយ៉ាវក្នុងការដាំដុះឡើយ ព្រោះរដូវវស្សាមិនចាំយើងទាំងអស់គ្នាទេ ដូច្នេះត្រូវតែរួសរាន់។
គណៈអធិបតីបានប្រគល់ជូននូវពូជដំណាំនិងសម្ភារដែលគម្រោងបានផ្ដល់នូវទុនផលិតកម្ម កសិកម្មដល់ក្រុមប្រជាកសិករកែលំអជីវភាព តាមជនបទចំនួន៣ឃុំ មានចំនួន៣០០គ្រួសារក្នុងមួយគ្រួសារទទួលបានស្រូវពូជ១០គីឡូក្រាម កូនឈើហូបផ្លែ៤ដើម ចបកាប់១ រនាស់ដៃ១។ ធនាគារស្រូវចំនួន១២ក្រុមក្នុងមួយក្រុមទទួលបានថវិកា៣៥០ដុល្លារ ក្នុងឆ្នាំនេះសម្រាប់៣០០គ្រួសារផងដែរ៕
ចែករំលែកព័តមាននេះ