ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេសង្ស័យបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនីបានលេបត្របាក់លំនៅឋានមួយខ្នងរបស់តន្ត្រីករម្នាក់ រួមទាំងទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះផង ដែលខាតបង់គិតជាទឹកប្រមាណ៨០លានរៀល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៤ មេសា នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

តាមរយៈរបាយការណ៍អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ខាំ លាភ ភេទប្រុស អាយុ៦៣ឆ្នាំ មានមុខរបរតន្ត្រីករ រស់នៅចំណុចកើតហេតុ ។ លោកអធិការបានបញ្ជាក់ថា ពេលកើតហេតុ លោក ខាំ លាភ មិនបាននៅផ្ទះ តែនៅភារិយាគាត់និងចៅម្នាក់ ។ បើតាមសេចក្ដីរាយការណ៍បឋមពីអគ្គិភ័យនេះបានកើតហេតុ ដោយមូលហេតុទុស្សេខ្សែចរន្តអគ្គិសនី ហើយបានឆេះអស់ស្ទើរទាំងស្រុងតែម្ដង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានដែលត្រូវភ្លើងឆេះនេះមានទំហំ៧ម៉x៩ម៉ ធ្វើអំពីថ្មក្រោម ឈើលើប្រក់ស័ង្កសី ។ របាយការណ៍បានឲ្យដឹងទៀតថា អគ្គិភ័យបានលេបត្របាក់យ៉ាងលឿនបំផុតក្នុងស្ថានភាពក្ដៅហួតហែង ។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក និងស្នងការខេត្ត សរុប០៤គ្រឿងបានចេញជួយអន្តរាគមន៍ តែមិនអាចបង្ក្រាបឥទ្ធិពលភ្លើងបានទាំងស្រុងឡើយបានត្រឹមទប់ស្កាត់កុំឲ្យឆ្លងរាលដាលតែប៉ុណ្ណោះ សូម្បីតែទ្រព្យសម្បត្តិ ឬសម្ភារផ្សេងៗនៅក្នុងផ្ទះ ក៏ពុំអាចជួយសង្គ្រោះបានផង ព្រោះអគ្គីភ័យនេះមានកម្លាំងខ្លាំងពេក ។

ជុំវិញករណីអគ្គិភ័យលេបត្របាក់លំនៅឋានអ្នកតន្ត្រីករដៃ«សូឡូ»ខាងលើនេះ ទាំងម្ចាស់ផ្ទះ ទាំងសាក្សីមួយចំនួនផងបានអះអាងប្រហាក់ប្រហែលគ្នាថា អគ្គិភ័យនេះអាចបណ្ដាលមកពីការ«ទុស្សេខ្សែភ្លើង» ។ ការទុស្សេខ្សែភ្លើងនេះ បើតាមប្រភពខ្លះថា ផ្ដើមចេញពីចៅម្ចាស់ផ្ទះ ដែលយកឌុយដោតចូលហ្វ្រីភ្លើង ហើយក៏ទុស្សេ រហូតដល់ផ្ទុះអំពូលភ្លើងបែកធ្លាក់លើពួក ទើបបណ្ដាលឲ្យឆេះរាលដាលសន្ធោរសន្ធៅភ្លាមៗតែម្ដង។ ប៉ុន្តែយ៉ាងណា ម្ចាស់ផ្ទះគ្រាន់តែបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យដែលឆេះផ្ទះគាត់ គឺបណ្ដាលមកពការទុស្សេខ្សែភ្លើងតែប៉ុណ្ណោះ ។

ចំពោះតុល្យការនៃការខូចខាត បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ការខូខាតរួមមានលំនៅឋានខូចខាតអស់៨០%គ្រែចំនួន០៣ ទូដាក់ខោអាវចំនួន០២ ស្រូវចំនួន៤០បាវ និងសម្ភារនៅក្នុងផ្ទះជាច្រើនទៀត ដែលគិតជាទឹកប្រាក់អស់ប្រមាណ៨០លានរៀន ។ ប៉ុន្តែយ៉ាងណា ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ឬ អ្នកចូលជួយអន្តរាគមន៍ទេ ៕


ចែករំលែកព័តមាននេះ