ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន ទម្រង់​ថ្មី មាន​បំពាក់ QR Code ទប់ស្កាត់​ការ​ក្លែងបន្លំ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ដើម្បី​គ្រប់គ្រង​ចំនួន​អ្នក​សារព័ត៌​មាននៅ​កម្ពុជា ឱ្យ​បាន​ច្បាស់លាស់ ក្រសួង​បាន​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​ទម្រង់​ថ្មី…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ដើម្បី​គ្រប់គ្រង​ចំនួន​អ្នក​សារព័ត៌​មាននៅ​កម្ពុជា ឱ្យ​បាន​ច្បាស់លាស់ ក្រសួង​បាន​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​ទម្រង់​ថ្មី ប្រកប​គុណភាព​ខ្ពស់ ដោយ​មានការ​បំពាក់ QR Code និង​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់ ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ទប់ស្កាត់​ការ​ក្លែង​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​អំឡុង​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ច្រក​ចេញចូល​តែ​មួយ​នៅ​ទីស្តីការក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៤ ។

ឯកឧត្តម បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន​បាន​រៀបចំ​បច្ចេកទេស រួចរាល់​ក្នុង​ការ​ផ្តល់​បណ្ណ​សម្គាល់​អត្តសញ្ញាណ និង​បាន​អំពាវនាវ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ នា​ពេល​កន្លង​មក សូម​អញ្ជើញ​មក​ទទួលយក​នៅ​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រសួង​ព័ត៌មាន នៅ​រៀងរាល់ថ្ងៃ​ធ្វើការ ពេល​ទទួល​បានការ​ទាក់ទង​ពី​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ក្រសួង​នឹង​ចេញ​បណ្ណ​សម្គាល់​អត្ត​សញ្ញា​អ្នក​សារព័ត៌មាន​នេះ ជូន​ដល់​គ្រប់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​ចង់បាន​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកកាសែត ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដោយ​មិន​កំណត់​ចំនួន តាម​ស្ថាប័ន​តូច ឬ​ធំ​ដូច​ពី​មុន​ទេ ។

ឯកឧត្តម បាន​ថ្លែង​ថា ចំពោះ​អង្គភាព​សារព័ត៌មាន ដែល​បន្ត​ចេញ​បណ្ណ​សម្គាល់​ខ្លួន ជូន​អ្នកកាសែត​ខ្លួន អាច​បន្ត​ធ្វើ​បាន ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​ស្នើ​សុំ​យក QR Code ពី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ ដើម្បី​បំពាក់​លើ​បណ្ណ ដែល​ខ្លួន​ចេញ​។ ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​រំឭក​ថា ករណី​ការ​បោះពុម្ព ដោយសា​ម៉ី​អង្គភាព មិន​មានគុណ​ភាពល្អ អាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់ QR Code​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​បងប្អូន​អ្នក​សារព័ត៌មាន ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ចេញ​ដោយ​ក្រសួង ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់ និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ។

ជាមួយ​គ្នា​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​អ្នក​សារព័ត៌មាន អង្គភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​ផ្តល់​នូវ​ការ​សហការ​ល្អ ។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​ថា នៅ​កម្ពុជា​អង្គភាព​សារព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនើប​មាន​ជាង ២,០០០ ហើយ​អ្នក​សារព័ត៌មាន​មាន​ប្រមាណ​ជិត ១​ម៉ឺន​នាក់ ហើយ​គិត​ត្រឹម​ដំណាច់​ខែមីនា មាន​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ៥,០០០​នាក់ ដែល​បាន​ដាក់​ពាក្យសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​ពី​ក្រសួង​ព័ត៌មាន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា​ក្រសួង​ព័ត៌មាន នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ព​ន្លឿ​ន​ការ​ចេញ​បណ្ណ​សម្គាល់​អត្តសញ្ញាណ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវា​ជូន​បងប្អូន​អ្នក​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ