(អាមេរិក)៖ បច្ចុប្បន្នមានមហាសេដ្ឋីជិត ២,៨០០នាក់នៅទូទាំងពិភពលោក កើនឡើងចំនួន ១៤១នាក់បើធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណាត់ថ្នាក់មហាសេដ្ឋីថ្មីលោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុន LVMH Group គឺជាអ្នកមានបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី FORBES។
១. លោក Bernard Arnault គឺជាប្រធានក្រុមហ៊ុន LVMH ដែលជាក្រុមទំនិញប្រណិតដ៏ធំបំផុតរបស់ពិភពលោក ដែលមានម៉ាកសំលៀកបំពាក់ និងគ្រឿងសំអាងប្រហែល ៧៥ម៉ាក។ ទ្រព្យសម្បត្តិរបស់អ្នកជំនួញជនជាតិបារាំងវ័យ ៧៥ឆ្នាំរូបនេះបានឈានដល់ ២៣៣ពាន់លានដុល្លារអាមេរិក កើនឡើង ២២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ នេះជាលើកទីពីរហើយដែលមហាសេដ្ឋីរូបនេះបានជាប់ក្នុង បញ្ជីអ្នកមានបំផុតរបស់ពិភពលោករបស់ ទស្សនាវដ្ដី Forbes ។
២. ចំណាត់ថ្នាក់ទី២ គឺ លោក Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗជាច្រើនដូចជា Tesla, SpaceX ទ្រព្យសម្បត្តិរបស់កើនដល់ ១៩៥ពាន់លានដុល្លារ ។
៣. Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ១៩៤ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី៣ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។ អ្នកជំនួញវ័យ៦០ឆ្នាំរូបនេះធ្លាប់ជាអ្នកមានជាងគេបំផុតនៅលើពិភពលោកពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។
៤. គួរកត់សម្គាល់ថានៅឆ្នាំនេះ ថៅកែ Facebook លោក Mark Zuckerberg បានឡើងដល់ចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជី ដែលមានទ្រព្យសម្បត្តិ ១៧៧ពាន់លានដុល្លារ ។
៥. ចំណាត់ថ្នាក់ទី៥ គឺ លោក Larry Ellison ដែលជាស្ថាបនិកក្រុមហ៊ុនកម្មវិធី Oracle ។ អ្នកជំនួញជនជាតិអាមេរិករូបនេះក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ពីឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ ២០២២ ផងដែរ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចុប្បន្នមានចំនួន១៤១ពាន់លានដុល្លារអាមេរិក។
៦. លោក Warren Buffett ជាអ្នកវិនិយោគដ៏ជោគជ័យបំផុត មហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះបច្ចុប្បន្នមានទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារអាមេរិក កើនឡើង ២៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ យោងតាម ទស្សនាវដ្តី Forbes គាត់បានសន្យាថានឹងបរិច្ចាគច្រើនជាង ៩៩% នៃទ្រព្យសម្បត្តិរបស់គាត់។ រហូតមកដល់បច្ចុប្បន្ន គាត់បានបរិច្ចាគជាង ៥៦ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនតាមរយៈមូលនិធិ Gates និងមូលនិធិសប្បុរសធម៌របស់កូនៗរបស់គាត់។
៧. លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់ទី ៧។ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវ័យ ៦៨ឆ្នាំរូបនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១២៨ពាន់លានដុល្លារ ។ បន្ទាប់ពីចាកចេញពីការងារជានាយកប្រតិបត្តិនៅក្រុមហ៊ុន Microsoft លោក Bill Gates បានបន្តស្វែងរកអាជីវកម្ម និងគម្រោងសប្បុរសធម៌នានា។
៨. លោក Steve Ballmer គឺជាមិត្តរួមថ្នាក់របស់ Bill Gates នៅ Harvard ។ មហាសេដ្ឋីអាមេរិករូបនេះក៏បានកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់ឈានដល់ ១២១ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង៤០ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២៣។
៩. មានទ្រព្យសម្បត្តិចំនួន ១១៦ពាន់លានដុល្លារអាមេរិក មហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani បច្ចុប្បន្នគឺជាអ្នកមានបំផុតទី០៩ នៅលើពិភពលោក។ គាត់កំពុងដំណើរការក្រុមហ៊ុន Reliance Industries Group ដែលជាអាជីវកម្មមួយដែលកំពុងប្រតិបត្តិការក្នុងវិស័យជាច្រើន រួមទាំង ឥន្ធនៈ ប្រេង និងឧស្ម័ន ទូរគមនាគមន៍ ក៏ដូចជាការលក់រាយផងដែរ។
១០. លោក Larry Page មានទ្រព្យសម្បត្តិចំនួន ១១៤ពាន់លានដុល្លារអាមេរិក និងជាសហស្ថាបនិកក្រុមហ៊ុន Google រួមជាមួយលោក Sergey Brin ។ ក្នុងឆ្នាំ២០១៩ មហាសេដ្ឋីវ័យ ៥១ឆ្នាំរូបនេះបានលាលែងពីតំណែងជា CEO នៃ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ប៉ុន្តែនៅតែជាសមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន៕
ចែករំលែកព័តមាននេះ