ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការកងឯកភាពស្រុកឯកភ្នំបានចុះបង្ក្រាបបទល្មើសនេសាទ និងបានកាប់កម្ទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ចំនួន០៥ករណី កាលពីថ្ងៃទី០២ មេសា នៅក្នុងតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។ នេះបើតាមសេចក្ដីរាយការណ៏ពីមន្ត្រីមូលដ្ឋាន។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងចម្រុះដែលមានសមាសភាពមន្ត្រីជលផល មន្ត្រីរដ្ឋបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រតិបត្តិការចុះល្បាតនៅតាមតំបន់ទន្លេសាប ដែលសំបូរទៅដោយបទល្មើសនេសាទ ។ កម្លាំងចម្រុះបានប្រទះឃើញបទល្មើសច្រើនស្អេកស្កះ ហើយបានរុះរើកាប់បំផ្លាញចំនួន០៥កន្លែង ។

បើតាមរបាយការណ៍ទីតាំងបទល្មើសចំនួន០៥កន្លែងនោះ សមត្ថកិច្ចបានកាប់កម្ទេចចោលរួមមានសាច់មងប្រវែង២៣០០ម៉ែត្រ បង្គោលឈើចំនួន៧០០ដើម និងឡុកចាប់ត្រីចំនួន១៥ឡុក ។ កាលពីថ្ងៃទី ៣១ មីនា កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះដដែលនេះ ក៏បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងអតីតដែនឡូត៏នេសាទលេខ១ក្នុងទឹកដី ឃុំកោះជីវាំង ស្រុកឯកភ្នំនេះដែរ ដោយបង្ក្រាបបានចំនួន០២ករណី ។

បើតាមរបាយការណ៍កម្លាំងសមត្ថកិច្ច បានកាប់បំផ្លាញចោលនូវឧបរកណ៏នេសាទខុសច្បាប់ដូចជា សាច់បងប្រវែង៣១៥០ម៉ែត្រ បង្គោលឈើចំនួន៧៦០ដើម និងឡុកចាប់ត្រីចំនួន១៦ឡុក ។ តាមការកត់សម្គាល់របស់សមត្ថកិច្ច ដោយយោងលើការពិនិត្យ និងចុះបង្ក្រាបជាក់ស្ដែង បទល្មើសនេសាទ ដែលជនល្មើសប្រើប្រាសឧបរកណ៍ខុសច្បាប់ដូចខាងលើនេះ ហាក់មិនមានការថមថយទេ បើទោះជាកម្លាំងចម្រុះ ចុះបង្ក្រាបជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃក្ដី ។

ត្រង់ចំណុចនេះ សមត្ថកិច្ចបានលើកឡើងថា មូលហេតុចម្បងដែលបទល្មើសចេះតែកើនឡើងគ្មានសញ្ញាថមថយ គឺដោយសារតែកម្លាំងសមត្ថកិច្ចបង្ក្រាប កាប់បំផ្លាញចោលតែឧបករណ៏នេសាទខុសច្បាប់ រីឯជនប្រព្រឹត្តចាប់ខ្លួនមិនបាន។ ដូច្នេះហើយ ទើបជនល្មើសដែលមានការឃុមឃិតគ្នាជាមួយមន្ត្រីខិលខូចមួយចំនួនផង នៅតែមានឪកាសធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ពាសពេញតំបន់ទន្លេសាបបានយ៉ាងគគ្លើនដដែល ៕





ចែករំលែកព័តមាននេះ