ទីក្រុងប្រ៊ុចសែល៖ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការណាតូគ្រោងកោះប្រជុំនៅយប់ថ្ងៃពុធដើម្បីពិភាក្សាអំពីការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាមរយៈពេលវែង។ នេះក៏ជាសារនយោបាយផ្ដាំទៅសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសរុស្ស៊ីថាណាតូមិនអាចលែងដៃពីអ៊ុយក្រែនបានឡើយ។ ម៉្យាងទៀត នេះជាសារបង្ហាញថាបើភាគីជម្លោះទាំងពីរមិនអាចចរចាគ្នាបញ្ចប់ជម្លោះឆាប់ៗនេះទេ សង្គ្រាមអ៊ុយក្រែនអាចនឹងអូសបន្លាយជាច្រើនឆ្នាំទៅមុខទៀត។

នៅក្នុងចំណោមកញ្ចប់ជំនួយនោះក៏មានសំណើសុំថវិកា១០០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនប្រើប្រាស់រយៈពេល៥ឆ្នាំផងដែរ។ ផែនការផ្ដល់ជំនួយនេះអាចជាកញ្ចប់ជំនួយកំដរដៃទុកសម្រាប់អ៊ុយក្រែនប្រើការបើលោកត្រាំជាប់ឆ្នោតនៅប្រទេសអាមេរិក ហើយលោកឈប់ផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។ នេះជាការរៀបជើងព្រួលទុកឱ្យហើយ។ បើលោកត្រាំធ្លាក់ឆ្នោតកាន់តែល្អ។ ប៉ុន្តែបើលោកជាប់ឆ្នោត ហើយឈប់ជួយអ៊ុយក្រែនក៏មិនថ្វីដែរ។ អ៊ុយក្រែននៅតែបន្តទទួលជំនួយពីណាតូ។

យោងតាមសំណើដែលផ្ដួចផ្ដើមដោយអគ្គលេខាធិការអង្គការណាតូ លោកជេនស្តុលថឹនបឺក (Jens Stoltenberg)នោះ, ក្រុមបស្ចិមប្រទេសកាន់តែខិតទៅរកការជួយផ្ដល់អាវុធយុទ្ធភ័ណ្ឌ គ្រាប់រំសេវ និងគ្រឿងបរិក្ខារយោធាទៅអ៊ុយក្រែន។ នេះបើយោងតាមការប្រមើលមើលរបស់អ្នកការទូត។ ផែនការផ្ដល់ជំនួយនេះនឹងត្រូវយកទៅពិគ្រោះគ្នានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូរយៈពេល២ថ្ងៃចំថ្ងៃខួបកំណើតទី៧៥ឆ្នាំនៃការបង្កើតអង្គការនេះកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩។

នៅក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាគ្នាអំពីគម្រោងរៀបចំកិច្ចប្រជុំកំពូលណាតូនៅទីក្រុងវ៉ាស៊ីនតោននាខែកក្កដាខាងមុខនេះ។ អគ្គលេខាធិការអង្គការណាតូថ្លែងថាយើងចាំបាច់ត្រូវតែកែសម្រួលរបៀបផ្ដល់ជំនួយរបស់យើងសម្រាប់អ៊ុយក្រែន។ យើងត្រូវតែធ្វើយ៉ាងណាធានាឱ្យបាននូវការផ្ដល់ជំនួយសន្តិសុខជាតិរយៈពេលវែងប្រកបដោយភាពជឿទុកចិត្ត ហើយអាចព្យាករដឹងទុកជាមុន។ លោកយល់ថាបើធ្វើដូច្នេះបាន អង្គការណាតូអាចកែសម្រួលរបៀបផ្ដល់ជំនួយដែលធ្លាប់តែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត (ប្រទេសណាចូលលុយប៉ុន្មានក៏ចូលទៅ) ឆ្ពោះទៅរកការចូលលុយតាមគោលការណ៍ស្មើភាព។

ម៉្យាងទៀត អគ្គលេខាធិការរូបនេះយល់ថាណាតូត្រូវកែសម្រួលពីការផ្ដល់ជំនួយរយៈពេលខ្លីឆ្ពោះទៅផ្ដល់ជំនួយម្ដងៗច្រើនឆ្នាំ។ លោកមិនបាននិយាយពីទំហំទឹកប្រាក់ជំនួយមានចំនួនប៉ុន្មានទេ។ ទុកឱ្យថ្នាក់ដឹកនាំដែលត្រៀមកោះប្រជុំនៅខែកក្កដាជាអ្នកសម្រេចទៅចុះ។ យោងតាមផែនការនេះ កិច្ចការដែលធ្លាប់រ៉ាប់រងធ្វើដោយក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនឹងត្រូវអង្គការណាតូរ៉ាប់រងធ្វើជំនួស។ នេះជាយុទ្ធសាស្ត្រត្រៀមបង្ការខ្លួនទុកជាមុននៅក្នុងករណីដែលរដ្ឋាភិបាលអាមេរិកជំនាន់ក្រោយៗទៀតដែលអត់ពីលោកបៃដិនទៅមិនដឹងថាអាមេរិកមានគោលជំហរបែបណានៅក្នុងការផ្ដល់ជំនួយទៅអ៊ុយក្រែន។

ដូច្នេះ ដើម្បីរៀបជើងព្រួលទុកជាមុន, ណាតូចង់រ៉ាប់រងធ្វើកិច្ចការមួយចំនួនជាបណ្ដើរៗ។ បើមិនអីចឹងទេលោកត្រាំឈ្នះឆ្នោតនៅអាណត្តិថ្មីប្រាកដជាវីវរធំហើយ។ មកដល់ម៉ោងនេះ ណាតូមិនចង់ហក់លោតខ្លាំងពេកទេនៅក្នុងការផ្ដល់ជំនួយ។ ណាតូបារម្ភថាបើខ្លួនលេងដៃធំពេកនៅក្នុងរឿងនេះអាចធ្វើឱ្យរុស្ស៊ី (ជាពិសេសលោកពូទីន)គិតថាណាតូហាក់ដូចជាលូកថ្លើមប្រមាត់របស់រុស្ស៊ីជ្រុលពេកហើយ ហើយរុស្ស៊ីក៏លែងគួរសមតទៅទៀតដែរ៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/world/nato-ministers-mull-eu100-billion-military-fund-ukraine-4239791


ចែករំលែកព័តមាននេះ