ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដឹកនាំ​សមាជិក ​សមាជិកា ចូល​សច្ចាប្រណិធាន

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៥ អញ្ជើញ​ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូល​សច្ចាប្រណិធាន ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង ។

កាលពី​ព្រឹក​ថ្ងៃពុធនេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ មាន​ព្រះ​បន្ទូល​ថា ព្រឹទ្ធសភា ត្រូវ​រួមចំណែក​ធ្វើ​ឱ្យអំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និង​មាន​តុល្យភាព ដើម្បី​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ ព្រមទាំង​ការពារ​បាន នូវ​រដ្ឋធម្មនុញ្ញ និង​របប​រាជា​និយម ។

មាន​ព្រះរាជ​បន្ទូល​ក្នុង​ឱកាស​បើក​សម័យប្រជុំ​ដំបូង នីតិកាល នៃ​ព្រឹទ្ធសភា ព្រះ​អង្គ​មាន​ព្រះ​បន្ធូ​ល​ថា ថ្ងៃនេះ​ជា​ឱកាស​ដ៏​មហា​វិសេសវិសាល ដែល​ព្រឹទ្ធសភា នីតិកាល​ទី​៥ បាន​ប្រារព្ធ​ពិធី​បើក​សម័យ ប្រជុំ​ដំបូង​របស់​ខ្លួន ស្រប​ទៅ​តាម​កាលកំណត់​របស់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ម្ចាស់​ឆ្នោត​គឺ​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុង​តំណែង ក្នុង​ក្របខ័ណ្ឌ​ភូមិភាគ​ទាំង​៨ បាន សម្តែង នូវ​ឆន្ទៈ និង​ជំនឿ​ទុកចិត្ត​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​អ​សកល សេរី និង​ពហុបក្ស កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លង​មក ។

ព្រះមហាក្សត្រ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា ៖ “​ព្រឹទ្ធសភា ត្រូវ​រួមចំណែក​ធ្វើ​ឱ្យអំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និង​មាន​តុល្យភាព ដើម្បី​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ ព្រមទាំង​ការពារ​បាន​នូវ​រដ្ឋធម្មនុញ្ញ និង​របប​រាជា​និយម​។ សាមគ្គី​ជាតិ​រឹង​មាំ និង​កិច្ច​ការពារ​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា នៃ​សង្គម​ជាតិ​ឱ្យ​ស្ថិត ស្ថេ​រ​គង់វង្ស ត្រូវ​ដើរ​ទន្ទឹម នឹង​ការ​លើកកម្ពស់​កិត្តិយស និង​កិត្យានុភាព​ជាតិ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​” ។

ព្រះ​អង្គ​មាន​ព្រ​ហ​បន្ទូល​ទៀត​ថា ក្នុងអំឡុងពេល នៃ​បួន​នីតិកាល​កន្លង​ទៅ​នេះ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដំណើរ ការ​ដោយ​រលូន ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្រោម​ការ ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម និង​ដឹកនាំ​បន្ត​ដោយ​ភាព វៃឆ្លាត និង​ត្រឹមត្រូវ​ច្បាស់លាស់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ។

តាម​រយៈ​សមិទ្ធផល​ស្នាដៃ និង​វឌ្ឍនភាព ក្នុង​ការ​អនុវត្ត​មុខងារ​ស្នូល​ទាំង​បី ព្រឹទ្ធសភា​សម្រេច​បាន នូវ​លទ្ធផល​វិជ្ជមាន​ជា​ឧត្តម​ប្រយោជន៍​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ ជា​ពិសេស​ពង្រឹង​បាន​ស្ថិរភាព នយោបាយ និង​ការ​ឯកភាព​ជាតិ លើកកម្ពស់ ការ​គោរព​ច្បាប់ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ កំណែទម្រង់​នានា ជា​ពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដែល​ជា​ស្ពាន​ត​ភ្ជាប់​អំណាច រដ្ឋ​ខាងលើ​ទៅ​ថ្នាក់​មូលដ្ឋាន​ខាងក្រោម ដើម្បី​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ចាក់​គ្រឹះ​កាន់តែ​ជ្រៅ​ចាប់ពី​ថ្នាក់ ជាតិ ដល់​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ។
ក្នុង​មុខងារ​សហប្រតិបត្តិការ​អន្តរជាតិ ព្រឹទ្ធសភា​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង ពហុភាគី ដោយ​បាន​ដើរតួ​នាទី​ប្រកបដោយ​កិត្តិយស និង​សក្តានុពល​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង ពិភពលោក ។

ក្នុង​បរិបទ នៃ​កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ការ​រៀបចំ និង​ពិនិត្យ​ច្បាប់​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ជាតិ​យើង និង​មានការ​គោរព​ប្រតិបត្តិ​ច្បាប់​ឱ្យ​បាន​ល្អ​ប្រពៃ ដោយ​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌​ជាតិ ព្រមទាំង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ឱ្យ​បាន​គង់វង្ស គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់ ដល់​ស្ថិរភាព​សង្គម និង​សេដ្ឋកិច្ចជាតិ ។

ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភា​នីតិកាល​ទី​៥ ត្រូវ​បន្ត​រួម ចំណែក​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ពូន​ជ្រំ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​សង្គម​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ដើម្បី​ឱ្យ​មានការ​បែងចែក​មុខងារ ធនធាន​និង​ការ​ទទួលខុសត្រូវ​ច្បាស់លាស់​រវាង​ថ្នាក់ ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​និង​បរិ​យា​បន្ន​។ ទន្ទឹម​នេះ ព្រឹទ្ធសភា​ត្រូវ​ការពារ​ផលប្រយោជន៍​ទូទៅ និង​យុត្តិធម៌​សង្គម ដើម្បី​សមធម៌​សង្គម ការ​គោរព​សិទ្ធិ​សេរីភាព ជំនឿ សេចក្តី​ថ្លៃថ្នូរ សម្រាប់​ប្រជា រាស្ត្រ​គ្រប់​រូប និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ធានា​បាន​នូវ សុភមង្គល ភាព​សុខដុមរមនា​យូរអង្វែង ទាំង​នៅ​ក្នុង​គ្រួសារ សហគមន៍ និង​ក្នុង​សង្គម​ជាតិ​យើង ទាំងមូល ។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា នា​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ រដ្ឋសភា នីតិកាល​ទី​៧ បាន​បើក​នីតិកាល​ថ្មី និង​កំពុង​បន្តការងារ​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រម​គ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​បន្តវេន​ថ្មី ដែល​បាន​និង​កំពុង​ដំណើរការ​ក្នុង​ជំហាន​ដ៏​ស្វាហាប់ មាន​ឆន្ទៈ​មោះមុត​ពិតប្រាកដ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ ។

ខ្មែរ គឺជា​ប្រជាជាតិ​មួយ ដែល​មាន​អរិយធម៌​ដ៏​ថ្លៃថ្លា ថ្កុំថ្កើង​រុងរឿង ហើយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​របស់​យើង​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​វិចារណញ្ញាណ ក្នុង​ស្មារតី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​បម្រើ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ​ពិតប្រាកដ​។ ក្នុង​ន័យ​នេះ ការ​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​ជា​លក្ខខណ្ឌ​សកល និង​ជា​បរិយាកាស​ចម្បង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ធានា​ដល់​ដំណើរ​ជីវិត​ជា​ប្រក្រតី និង​ការ​រីក​ចម្រើន​ជឿនលឿន​របស់​ប្រទេស​ជាតិ គ្រប់​ផ្នែក គ្រប់​វិស័យ រួម​ទាំង​ការ​ផ្តល់​ឱកាស​ដល់ ការ​កែ​លម្អ ឬ​កែទម្រង់​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ជា ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់​រឹង​មាំ​យូរអង្វែង ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា ៖ ” ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​សម្តេច ព្រះ​អង្គ​ម្ចាស់ ឯកឧត្តម លោក​ជំទាវ​សមាជិក សមាជិកា​ព្រឹទ្ធសភា ខិតខំ​បំពេញការងារ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ក្រមសីលធម៌​របស់​ព្រឹទ្ធសភា គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​មាន​គណនេយ្យ​ភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ សម្រេច​នូវ​មុខងារ​ភារកិច្ច​របស់​ខ្លួន ដើម្បី​ផ្តល់​ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ដល់​ប្រជារាស្ត្រ​យើង​” ។

នៅ​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​ប្រសិទ្ធពរ សូម​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដំណើរការ​កាន់ តែ​ល្អ​ប្រសើរ មាន​តម្លាភាព និង​គណនេយ្យ​ភាព​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ស័ក្តិសម ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់ ដើម្បី​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត​ក្នុង​បេស​កម្ម​របស់​ខ្លួន​ជា​ឧត្តម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ