ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនជិត១០០លាននាក់! វៀតណាមមានមហាសេដ្ឋី៦នាក់ នៅក្នុងបញ្ជី Forbes

3 អាទិត្យ មុន

ប្រទេសវៀតណាម ៖ មហាសេដ្ឋីវៀតណាមចំនួន៦រូប បានជាប់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់

ប្រទេសវៀតណាម ៖ មហាសេដ្ឋីវៀតណាមចំនួន៦រូប បានជាប់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដីពាណិកម្មសហរដ្ឋអាមេរិក Forbes នៅឆ្នាំនេះ ដោយ៤នាក់ក្នុងចំណោម៦នាក់ បានបង្កើនទ្រព្យសុទ្ធរបស់ពួកគេគួរឱ្យកត់សម្គាល់។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ដែលចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

គិតតាមលំដាប់លំដោយនៃចំនួនទ្រព្យសម្បត្តិ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ឈរនៅលំដាប់លេខ១ប្រចាំប្រទេសវៀតណាម លោកស្រី Nguyen Thi Phuong Thao នាយកប្រតិបត្តិក្រុមហ៊ុន VietJet Air ឈរនៅលេខ២ លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat ឈរនៅលេខ៣ លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank ឈរនៅលេខ៤ លោក Tran Ba Duong ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco ឈរនៅលេខ៥ និងលោក Nguyen Dang Quang ប្រធានក្រុមហ៊ុនលក់រាយ Masan ឈរនៅលេខ៦។

លោក Pham Nhat Vuong ស្ថាបនិកក្រុមហ៊ុន Vingroup ដែលជាមហាសេដ្ឋីមានបំផុតរបស់វៀតណាម មានទ្រព្យសរុបចំនួន ៤.៤ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ២.៣% បើធៀបនឹងឆ្នាំមុន។ បុរសវ័យ៥៥ឆ្នាំរូបនេះ បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី ៧១២ ពិភពលោក និងជាប់ក្នុងបញ្ជីទស្សនាវដ្តី Forbes សម្រាប់ឆ្នាំទី១២។

ដោយឡែក លោកស្រី Nguyen Thi Phuong Thao ដែលជាអនុប្រធានធនាគារ HDBank មានទ្រព្យសុទ្ធសរុបចំនួន ២.៨ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ២៧% ។ លោក Tran Dinh Long មានទ្រព្យសរុបចំនួន ២.៦ពានលានដុល្លារអាមេរិក កើនឡើង ៤៤%។ លោក Ho Hung Anh ជាប់ក្នុងបញ្ជីទស្សនាវដ្តី Forbes ជាលើកទី ៦ ដោយមានទ្រព្យសរុបចំនួន ១.៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៣%។

ចំណែកឯលោក Nguyen Dang Quang និងលោក Tran Ba Duong ដោយលោកទាំងពីរមានទ្រព្យសរុបចំនួន ១.២ពាន់លានដុល្លារអាមេរិកដូចគ្នា បន្ទាប់ពីទ្រព្យរបស់មហាសេដ្ឋីទាំងពីររូបនេះបានធ្លាក់ចុះ ដោយលោក Quang ៨% និងលោក Duong ២០%។ ទស្សនាវដ្តី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវៀតណាមទាំង៦រូបខាងលើ ផ្អែកលើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បញ្ជីទស្សនាវដ្តី Forbes មានមហាសេដ្ឋីសរុបចំនួន ២,៧៨១នាក់ ទូទាំងពិភពលោក ពោលកើនឡើង ១៤១នាក់ បើធៀបនឹងឆ្នាំមុន ជាមួយនឹងទ្រព្យសកម្មរួមបញ្ចូលគ្នា នៅកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឺចំនួន ១៤.២ទ្រីលានដុល្លារអាម៉េរិក បើទោះបីជាពិភពលោកជួបប្រទះវិបត្តិ​អតិផរណា ការប្រែប្រួលភូមិសាស្ត្រនយោបាយ ក៏ដូចជាទីផ្សារភាគហ៊ុនសកលយ៉ាងណាក៏ដោយ។

បច្ចុប្បន្ននេះ មហាសេដ្ឋីបារាំង លោក Bernard Arnault ស្ថាបនិកក្រុមហ៊ុនទំនិញប្រណីត LVMH គឺជាបុគ្គលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសរុប ២២២.៤ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ