ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកំពុងទំនាក់ទំនងគ្រប់ទីកន្លែង ដើម្បីស្វែងរកមុខម្ចាស់ម៉ូតូដែលជិះមកឈប់ក្បែរវិមានឯករាជ្យរួចបង្ហូរសាំងដុតចោល ហើយដើរធ្វើព្រងើយគេចខ្លួនបាត់ ទុកឱ្យមន្ត្រីចរាចរណ៍នាំគ្នាបាញ់ពន្លត់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០២ មេសា នៅចំកណ្ដាលបេះដូងក្រុងបាត់ដំបង ដោយពុំមាននរណាម្នាក់ដឹងពីមូលហេតុ ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកZoomer ពណ៌. ស មកពីខាងជើងតាមផ្លូវលេខ១ ។ ពេលមកជិះមកដល់ក្បែរវិមានឯករាជ្យក៏ឈប់ចម្ងាយប្រហែល៣០ម៉ែត្រ ហើយបុរសក៏ចុះពីលើម៉ូតូ រួចបង្ហូរសាំងទាញដែកកេះដុតហុយទ្រលោមភ្លាមរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ប្រភពដដែលបាននិយាយថា ក្រោយដុតឆេះបុរសម្នាក់ដូចមានសតិមិនប្រក្រតីនោះបានដើរចេញទៅបាត់ តែគេមិនបានចាប់អារម្មណ៍ទៅលើបុរសមិនប្រក្រតីនោះទេ ព្រោះគេសម្លឹង និងព្រួយបារម្ភពីអគ្គិភ័យដែលកំពុងលេបត្របាក់ម៉ូតូច្រើនជាង ហើយជននោះក៏បានគេចខ្លួនបាត់ទៅ ។

ជុំវិញករណីជនម្នាក់ដុតម៉ូតូចោលក្បែរវិមានឯករាជ្យចំកណ្ដាលក្រុងបាត់ដំបងនេះ មានការលើកឡើងផ្សេងៗគ្នា ។ សាក្សីដែលបានឃើញហេតុការណ៍នេះបាននិយាយថា បើតាមពិនិត្យលើចរិតអ្នកដុតម៉ូតូខាងលើនេះ អាចជាមនុស្សមានសតិមិនប្រក្រតីលួចជិះម៉ូតូគេ ឬលួចយកម៉ូតូបងប្អូនជិះយកមកដុតចោល ។ ប៉ុន្តែប្រភពខ្លះបានសន្និដ្ឋានផ្ទុយពីនេះថា ជននោះទំនងមានជម្លោះ ឬមានរឿងអ្វីមួយ ទើបខឹងក៏ជិះម៉ូតូយកមកដុតចោល ដើម្បីឱ្យគេឯងបានឃើញ ។

យ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានតាមការយល់ឃើញពីមហាជនតែប៉ុណ្ណោះ។ ពេលនេះសមត្ថកិច្ចកំពុងតាមរកមុខបុរសម្នាក់នោះហើយ ។ ហើយលុះត្រាតែសមត្ថកិច្ចតាមរកឃើញអ្នកដុតម៉ូតូនោះឱ្យឃើញ ទើបដឹងថា ជននោះឆ្កួតឬជា លួចម៉ូតូគេយកមកដុតចោល ឬ ដុតម៉ូតូខ្លួនឯង និង ដឹងពីមូលហេតុ ជននេះដុតម៉ូតូចោល ៕





ចែករំលែកព័តមាននេះ