ខេត្តសៀមរាប ៖ ការខូចខាតពីករណីអគ្គិភ័យឆេះស្ថានីយប្រេងសាំង និងទីតាំងលក់ភេសជ្ជៈ ដែលម្ចាស់ទាំង២ត្រូវជាបងប្អូនបង្កើតនឹងគ្នាដែលពួកគេបម្រុងមានគំនិតគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ក្នុងពេលភ្លើងកំពុងត្របាក់យ៉ាងសន្ធោសន្ធៅនេះ ដោយការខូចខាតបើគិតជាទឹកប្រាក់អស់ប្រមាណរាប់លានដុល្លារឯណោះ ។
ម្ចាស់រងគ្រោះមានឈ្មោះឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្ន ទៅធ្វើការនៅប្រទេសញូហ្សេឡិន ស្ថិតនៅក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ បណ្ដាលឱ្យរងការខូចខាតទាំងស្រុង និងរងរបួសមនុស្សម្នាក់ឈ្មោះរាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុខាងលើ បច្ចុប្បន្ន រស់នៅភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប រងរបួសស្រាល ។
បើតាមសមត្ថកិច្ចឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ជាបងប្អូនបង្កើត បម្រុងសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនឯងទៀត តែត្រូវបានឪពុកម្ដាយ និងអ្នកជិតជិតខាង និងឯកឧត្តមអភិបាលខេត្ត និងលោក អភិបាលស្រុកពួក បានចូលសម្របសម្រួល និងលើកទឹកចិត្តដល់២នាក់បងប្អូនបង្កើតកុំឱ្យគិតខ្លី ។
សូមបញ្ជាក់ថា ករណីឆេះនេះ គឺក្រោយពីមានបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច SVM Petroleum ដឹកប្រេងចំណុះ៣២០០០លីត្រចូលដាក់ប្រេងបានបានប្រហែល៨០០០លីត្រ ស្រាប់តែខុសបច្ចេកទេសក៏បានឆេះខ្ទេចគ្មានសល់ ដោយភ្លើងបន្តឆ្លងដល់ផ្ទះអ្នកជិតខាងទៀតផង ។
ករណីឆេះនេះ បណ្ដាលឱ្យមានមនុស្សរបួសស្រាលម្នាក់ដែលជាកម្មករការ៉ាសសាំងចិនខ្មៅ ។ ចំណែក អ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សាវី ម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួននាំទៅសាកសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញបន្តនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាត់ការទៅតាមផ្លូវច្បាប់ ។
សូមរំលឹកទៀតថា ហេតុការណ៍អគ្គិភ័យឆេះការ៉ាស់សាំង និងផ្ទះលក់ភេសជ្ជៈ:គឺអស់ទាំងស្រុង ស្ថិតនៅក្រោយផ្សារពួក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី០២ មេសា ហើយបានរលត់ទៅវិញនៅវេលាម៉ោង២២និង៣៥នាទីយប់ថ្ងៃដដែល ស្ថិតនៅផ្លូវទៅស្រុកអង្គរជុំ ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
បើតាមលោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នេះថា ករណីអគ្គិភ័យឆេះការ៉ាស់សាំងអស់នោះ មានយីហោ «ចិនខ្មៅ» ។ សរុបការខូចខាតទាំងស្រុងគិតជាទឹកប្រាក់ប្រមាណរាប់លានដុល្លារ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ