ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ឲ្យ​ក្រសួង​អប់រំ ពិនិត្យ​មើល​ករណី​ការ​បង្កើត​កាតព្វកិច្ច ឲ្យ​អាណាព្យាបាល​សិស្ស​បង់​ថវិកា​មក​សាលា ក្រៅពី​ការ​ស្ម័គ្រចិត្ត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ផ្តែផ្តាំ ក៏​ដូច​ជា​រំលឹក​ជា​ថ្មី ដល់​ថ្នាក់ដឹកនាំ​សាលា​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ផ្តែផ្តាំ ក៏​ដូច​ជា​រំលឹក​ជា​ថ្មី ដល់​ថ្នាក់ដឹកនាំ​សាលា​ទូ​ទាំង​ប្រទេស ត្រូវ​ពិនិត្យ​មើល​ឲ្យ​មែនទែន ធ្វើ​យ៉ាងណា ជៀស​ឲ្យ​ផុត​សកម្មភាព ប្រមូល​ថវិកា ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិស្ស ដែល​តម្រូវ​ជា​កាតព្វកិច្ច បង់​ឲ្យ​សាលា ។

ប៉ុន្តែ​ករណី​នេះ សម្តេច​ថា ចំពោះ​ទឹកចិត្ត កើត​ចេញពី​ការ​ពេញចិត្ត អាណិត​ស្រា​លញ់ ផ្តល់​ដោយ​ស្ម័គ្រចិត្ត​អាច​បាន តែ​កុំ​ឲ្យ​មាន​រូបភាព​ជា​ការ​ចាប់បង្ខំ ឬ​តម្រូវ​ណាមួយ​ឲ្យ​សោះ ។

ការ​ណែនាំ​របស់​សម្តេច​ធិ​បតី ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត បូក​សរុប​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​២០២២~២០២៣ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​សិក្សា​២០២៤ ក្រោម​ប្រធានបទ “​ឧត្ដ​មា​នុ​វត្ត​ន៍​នៃ​កំណែទម្រង់​គ្រឹះស្ថានសិក្សា​” នា​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ដោយសារ​មានការ​បង្ហោះ​សារ​ពេល​កន្លង​មក ដោយ​មិន​បាន​ជួប​ជជែក និង​ស្តាប់​ការ​ពន្យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ទៅ​ជា​បាតុភាព​ផ្សេង នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អប់រំ​តែ​ម្តង ។

ដោយហេតុ​នេះ សម្តេច​ធិ​បតី បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា “​ពេល​ដែល​ទៅ​ធ្វើ​ទាញ​ការ​គាំទ្រ របស់​ឪពុក​ម្តាយ ដាច់ខាត កុំ​ដាក់​កាតព្វកិច្ច​ជូន​គាត់​។ មិ​ញ​ខ្ញុំ​ឃើញ​ថា ការ​បង្កើត​មូលនិធិ​ក​សមធម៌ លើក​យោបល់ តែ​កុំ​បង្ខំ​ឲ្យ​បង្កើត​។ បង្កើត​មិន​ស្រួល​គាត់​ច្រឡំ​ថា ទាមទារ​កាតព្វកិច្ច ឲ្យ​គាត់​ត្រូវ​បង់​ចូល​ទៀត ដាច់ខាត​គឺ​កុំ​ឲ្យ​បង្ខំ​ឪពុក​ម្តាយ ក្នុង​ការ​បង់ ធ្វើ​មិច​ឲ្យ​តែ​សាលា​ល្អ ឪពុក​ម្តាយ​ស្រលាញ់​កូន គាត់​ជួយ​ឯង​ហើយ បើ​ទោះ​គាត់​អត់​ថវិកា ក៏​គាត់​ជួយ​កម្លាំងចិត្ត ជួយ​ណែនាំ​កូន​បាន​ដូច​គ្នា​” ។

ក្នុង​នោះ សម្តេច ក៏​មិន​បាន​ហាម​ជា​ដាច់ខាត​ក្នុង​ការ​អនុវត្ត សកម្មភាព​បែប​នេះ​ដែរ តែ​សម្តេច​ចង់​ឲ្យ​កើត​ចេញពី​ទឹកចិត្ត របស់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិ​ស្សា​នុ​សិ​ស្សិ ដោយ​ខ្លួនឯង ហើយ​តាម​លទ្ធភាព​របស់​ពួក​គាត់ ដោយ​មិន​ចាំបាច់ មានការ​តម្រូវ​នោះ​ឡើយ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា “​ធ្វើ​មិច​ជៀស​ឲ្យ​ផុត ពី​ការ​ដាក់​កាតព្វកិច្ច​ណាមួយ ដែល​ជា​ពិសេស កាតព្វកិច្ច​ហិរញ្ញវត្ថុ គឺ​ជៀស​ឲ្យ​ផុត​កន្លែង​នឹង កុំ​ឲ្យ​មាន​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា “​មូលនិធិ​ក​សមធម៌ ឬ​មួយ​អី គឺ​ខ្ញុំ​ថា គួរ​យោបល់ កុំ​ត្រូវ​តែ​បង្កើត ទុក​ឲ្យ​លោកគ្រូ​អ្នកគ្រូ ជាមួយ​អាណាព្យាបាល​គេ​ធ្វើ​ទៅ បើ​គាត់​ចង់​បង្កើត បង្កើត​ទៅ គាត់​ចង់​ដាក់​អី​ដាក់​ទៅ គាត់​ចង់​ចូល​ជា​បដិភាគ​” ។

សូម​រំលឹក​ថា កន្លង​មក មានការ​បង្ហោះ​សារ​ពី​សំណាក់ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិស្សានុសិស្ស មួយ​ចំនួន លើ​បណ្តាញ​សង្គម​ហ្វេ​ស៊​បុក ដែល​បង្ហាញ​ការ​មិន​គាំទ្រ ឬ​មិន​ពេញចិត្ត ចំពោះ​ការ​តម្រូវ​ឲ្យ​ពួក​គាត់ បង់​ជា​ថវិកា នូវ​ចំនួន​ណាមួយ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សាលា លើ​សកម្មភាព​មួយ​ចំនួន តួរ​យ៉ាង​ជុំវិញ​ការ​ប្រើប្រាស់​កង្ហា​ល អំ​ពូ​ល​ភ្លើង​ជាដើម ដើម្បី​បើក​ឲ្យ​សិស្សានុសិស្ស​ត្រជាក់ ក្នុង​ម៉ោង​សិក្សា ក្នុង​រដូវ​ប្រាំ ឬ​មួយ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ