តម្លៃមាសដែលកំពុងតែឡើងស្រឺតៗត្រូវបានអ្នកព្យាករណ៍លើកឡើងថា អាចនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងខែមេសា និងខែឧសភា មុនពេលសភាពការណ៍ទីផ្សារអាចនឹងស្រុតចុះនៅខែមិថុនា ។
ការព្យាករណ៍រយៈពេលមធ្យមដែលកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពបានស្រាវជ្រាវ បានឲ្យដឹងថា ប្រសិនបើសភាពការណ៍នានាដែលពាក់ព័ន្ធនៅមិនទាន់មានការប្រែប្រួលជាដុំកំភួនទេនោះតម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងបន្តរឹងមាំបន្ថែមទៀតនៅខែមេសា និងខែឧសភា ប៉ុន្តែដល់ខែមិថុនាអាចនឹងស្រុតចុះវិញ ។

នៅលើទីផ្សារអន្តរជាតិ តម្លៃមាសនៅក្នុងខែមីនា មួយអោនតម្លៃប្រមាណជា ២.៣០០ដុល្លារ ឬប្រមាណជា៣.០៦០ ដុល្លារនៅក្នុងមួយតម្លឹង តែគេបានព្យាករណ៍ថា វាអាចនឹងឡើងដល់២.៤៨០ ដុល្លារនៅក្នុងមួយអោន ឬ៣.៣០០ ដុល្លារ នៅក្នុងមួយតម្លឹងនៅខែមេសា ហើយដល់ខែឧសភា គឺអាចនឹងឡើងដល់ ២.៥០០ដុល្លារនៅក្នុងមួយអោនឬ៣.៣៥០ ដុល្លារនៅក្នុងមួយតម្លឹងនៅខែឧសភា ។
ស្ថានភាពអាចនឹងប្រែប្រួលស្រុតចុះវិញ នៅខែមិថុនា ដោយការស្រុតចុះ ឬឡើងថ្លៃនេះអាចកំណត់ដោយយោងទៅតាមស្ថានភាពនៃការសម្រេចរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ទាក់ទងនឹងបញ្ហាអត្រាការប្រាក់ដែលមកដល់ពេលនេះ អត្រាការប្រាក់ គឺនៅក្នុងរង្វង់ពី៥,២៥ភាគរយ ទៅ ៥,៥ ភាគរយ ដែលជាអត្រាការប្រាក់ដ៏ខ្ពស់ ។ នេះ គឺជាការព្យាករណ៍តម្លៃមាសនៅទីផ្សារអន្តរជាតិ ប៉ុន្តែនៅក្នុងស្រុកវិញ ទំនងជាមិនខុសគ្នានឹងស្ថានភាពនៅទីផ្សារអន្តរជាតិឡើយ ។
លោក ជា រ៉ា ដែលជាជាងមាសមួយរូបបានប្រាប់កម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពថា តម្លៃមាសជាទូទៅនៅកម្ពុជា គឺមិនលម្អៀងខ្លាំងពីទីផ្សារអន្តជាតិឡើយ ។ លោកបានអះអាងថា ពីមុនតម្លៃហាងឆេងមាសនៅក្នុងស្រុកអាចប្រែប្រួលយឺត អាស្រ័យដោយការរង់ចាំហាងឆេងយឺត ប៉ុន្តែពេលនេះហាងឆេងមាសនៅទីផ្សារអន្តរជាតិ និងនៅកម្ពុជា មិនសូវខុសគ្នាឡើយ ។
លោកបានបន្តថា មិនចាំបាច់មានអ្នកណាក្រឡុកតម្លៃ ឬហាងឆេងដូចពីមុនឡើយ ដោយសារតែពេលនេះតម្លៃហាងឆេងនៅលើទូរស័ព្ទដូចៗគ្នា បើកទៅឃើញហើយ មិនបាច់ភគេ ឬកុហកគេទេ ។

គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ តម្លៃហាងឆេងមាសគីឡូនៅកម្ពុជានៅក្នុងមួយតម្លៃប្រមាណជា២.៧០០ដុល្លារនៅក្នុងមួយតម្លឹង ហើយផ្លាទីន ឬមាសទឹក៧៥ គឺមួយតម្លៃប្រមាណជា២.០២០ដុល្លារនៅក្នុងមួយតម្លឹង ។ នេះគឺជាតម្លៃមាសនៅកម្ពុជា ដោយឡែកតម្លៃមាសនៅវៀតណាម ជាពិសេសគឺមាសសម្រាប់គ្រឿងអលង្ការមួយតម្លឹង ប្រមាណជា ៣.២៥៩ ដុល្លារ ។
ពាក់ព័ន្ធនឹងការប្រែប្រួលនៃតម្លៃមាស នៅក្នុងឆ្នាំ២០២៤នេះ អ្នកវិភាគបានអះអាងថា វាអាចមានហេតុផលមួយចំនួនដែលតម្លៃមាសអាចកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ។ កតា្តដែលអាចបណ្តាលតម្លៃមាសប្រែប្រួលខុសពីការព្យាករណ៍នៅពេលនេះវាអាចមកពីកត្តាខាងក្រោមៈ
១ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច
មាសតែងតែត្រូវបានគេមើលឃើញថា ជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ឬអស្ថិរភាព ។ ប្រសិនបើមានការព្រួយបារម្ភអំពីកត្តាដូចជាអតិផរណា ភាពតានតឹងភូមិសាស្ត្រនយោបាយ ឬការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល អ្នកវិនិយោគអាចនឹងសម្រុកទៅរកមាសជាឃ្លាំងតម្លៃ ដែលជំរុញឱ្យតម្លៃរបស់វាឡើង ។

២ ការព្រួយបារម្ភអំពីអតិផរណា
អតិផរណាបំផ្លាញអំណាចទិញនៃរូបិយប័ណ្ណ ហើយវានឹងធ្វើឱ្យហាងឆេងវត្ថុមានម្លៃដូចជា មាសកាន់តែទាក់ទាញ ។ ប្រសិនបើមានការព្រួយបារម្ភអំពីការកើនឡើងនៃអត្រាអតិផរណាវិនិយោគិនអាចងាកទៅរកមាសដែលជាការការពារប្រឆាំងនឹងអតិផរណាដែលនាំឱ្យតម្លៃរបស់វាកើនឡើង ។
៣ គោលនយោបាយរូបិយវត្ថុ
គោលនយោបាយរបស់ធនាគារកណ្តាល ដូចជា អត្រាការប្រាក់ទាប ឬការបន្ធូរបន្ថយបរិមាណអាចប៉ះពាល់ដល់តម្លៃមាស ។ នៅពេលដែលអត្រាការប្រាក់ទាប តម្លៃឱកាសនៃការកាន់កាប់មាស គឺទាបជាងដែលធ្វើឱ្យវាកាន់តែទាក់ទាញដល់អ្នកវិនិយោគ ។ ដូចគ្នានេះដែរ ប្រសិនបើធនាគារកណ្តាលកំពុងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុតាមរយៈការបន្ធូរបន្ថយបរិមាណនោះវាអាចកាត់បន្ថយតម្លៃរូបិយប័ណ្ណ និងជំរុញឱ្យតម្លៃមាសកើនឡើង ។
៤ ការទម្លាក់តម្លៃរូបិយប័ណ្ណ
ប្រសិនបើមានការព្រួយបារម្ភអំពីការធ្លាក់ថ្លៃរូបិយប័ណ្ណសំខាន់ៗ អ្នកវិនិយោគអាចនឹងងាកទៅរកមាសដើម្បីការពារហានិភ័យរូបិយប័ណ្ណ ។ នេះអាចនាំឱ្យមានការកើនឡើងនូវតម្រូវការមាស និងតម្លៃកាន់តែខ្ពស់ ។

៥ សក្ដានុពលនៃការផ្គត់ផ្គង់ និងតម្រូវការ
ការប្រែប្រួលនៃការផ្គត់ផ្គង់ និងតម្រូវការមូលដ្ឋានក៏អាចមានឥទ្ធិពលលើតម្លៃមាសផងដែរ ។ ជាឧទាហរណ៍ ប្រសិនបើមានការរំខានដល់ការជីកយករ៉ែមាស ឬការកើនឡើងនៃតម្រូវការ ឧស្សាហកម្មសម្រាប់មាស វាអាចប៉ះពាល់ដល់តម្លៃរបស់វាផងដែរ ។
៦ មនោសញ្ចេតនាទីផ្សារ
មនោសញ្ចេតនាទីផ្សារ និងចិត្តសាស្ត្រវិនិយោគិនដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃមាស ។ ប្រសិនបើមានជំនឿទូទៅក្នុងចំណោមវិនិយោគិនថា តម្លៃមាសនឹងបន្តកើនឡើងវាអាចបង្កើតវដ្តនៃការពង្រឹងខ្លួនឯងក្នុងការទិញដែលជំរុញឱ្យតម្លៃកាន់តែខ្ពស់។
សរុបមកវិញ ការតាមដានហាងឆេងមាសវាចាំបាច់ណាស់ ក្នុងការពិចារណាថាតម្លៃមាសត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នានៃកត្តាទាំងនេះ ហើយហេតុផលពិតប្រាកដសម្រាប់ការកើនឡើងយ៉ាងឆាប់រហ័សរបស់វានៅឆ្នាំ ២០២៤ នឹងអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាក់លាក់ដែលកំពុងមាននៅពេលនោ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ