ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០១ មេសា លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង តំណាងឲ្យឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប ចុះទៅពិនិត្យទីតាំងដីបឹងបិទបាយ ស្ថិតនៅក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ សារជាថ្មី ក្រោយមានការស្នើសុំពីព្រះគ្រូចៅអធិការវត្តព្រះវិហារធំ។

ព្រះតេជគុណ ម៉ៅ ធន់ ព្រះគ្រូចៅអធិការវត្តព្រះវិហារធំបានមានសង្ឃដីការថា ការជីកដីបឹងបិទបាយនេះ គឺព្រះតេជគុណបានស្នើសុំ និងមានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយអនុញ្ញាតឲ្យជីកដីជម្រៅ3ម៉ែត្រកន្លះ ទទឹង150ម៉ែត្រ និងបណ្ដោយ290ម៉ែត្រ ដើម្បីយកអាចម៍ដីពីទីតាំងនេះទៅចាក់បំពេញពង្រីកទីធ្លាវត្តផង និងដើម្បីស្ដារស្រះឲ្យជ្រៅបានជាប្រភពទឹកសម្រាប់ស្រោចស្របដីស្រែប្រជាពលរដ្ឋប្រមាណជាង60ហិកតានៅជុំវិញបឹងនេះផង។

ព្រះតេជគុណ ម៉ៅ ធន់ បានបញ្ជាក់ប្រាប់ថា សកម្មភាពជីកស្រះនាពេលកន្លងមក មានសារព័ត៌មានបានចុះផ្សាយដោយយល់ច្រឡំថា ឈ្មួញម្ចាស់គ្រឿងចក្រ បានលួចជីកយកអាចម៍ដីទៅលក់ តែការពិតគឺមិនដូច្នោះទេ គឺដោយសារខាងវត្តត្រូវការតែដីល្អ ដោយឡែក ដីខ្មៅដីស្អុយមិនអាចប្រើការបាន ទើបអនុញ្ញាតឱ្យខាងគ្រឿងចក្រ ដឹកយកទៅលក់ឱ្យអ្នកស្រុកនៅក្នុងភូមិ ហើយដីស្អីទាំងនោះមានចំនួនតិចតួចប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលចុះពិនិត្យដោយផ្ទាល់ នៅលើទីតាំងដីបឹងបិទបាយនោះលោក ហ៊ី ធួក អភិបាលរងខេត្តបានមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្ដែងពីមន្ត្រីជំនាញបច្ចេកទេស ការជីកស្ដារដីបឹងបិទបាយនេះ គឺមិនមានប៉ះពាល់វត្ថុបុរាណវិទ្យានោះទេ ដូច្នេះលោកនឹងធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចលើសំណើរសុំជីកបន្តរបស់ព្រះគ្រូចៅអធិការវត្ត ប៉ុន្តែជាមួយគ្នានោះ លោកក៏ណែនាំឲ្យខាងគ្រឿងចក្រ ធ្វើយ៉ាងណាឧស្សាហ៍ស្រោចទឹកនៅតាមដងផ្លូវដែលខ្លួនចេញចូល កុំឲ្យមានធូលីដីហុយ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែនោះ ។
ចែករំលែកព័តមាននេះ