ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដមឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងទ័ពជួរមុខ ខេត្តព្រះវិហារ និងស្ទឹងត្រែង​

5 ខែ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ៖ ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ…

ខេត្តស្ទឹងត្រែង ៖ ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទៅ​ចែក​ជូន​ដល់​កងទ័ព​ជួរ​មុខ​នៅ​បញ្ជាការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច អន្តរាគមន៍​លេខ​៩ កងពលតូច​អន្តរាគមន៍​លេខ ១២៨ និង​កងនគរបាល​ជាតិ វរ​សេនា​តូច ការពារ​ព្រំដែន​លេខ ៧៩៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ និង​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង​។

ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៨៣ កងពលតូច​អន្តរាគមន៍​លេខ ១២៨ យោធភូមិ​ភាគ​ទី​១ ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​មក​ដល់​ពេល​នេះ​បាន​បង្កើត​អនុស្សា​រណៈ ស្តី​ពី​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​អង្គភាព​ជួរ​មុខ​ចំនួន​២ នោះ គឺ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុង​ខេត្តព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង ព្រមទាំង​បាន​បង្ក​លក្ខណៈ និង​តម្រង់​ទិស​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ជំនាញ និង​វិស័យ​ឯកជន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​អនុស្សា​រណៈ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​បណ្តា​អង្គភាព​ចំណុះ​ថ្នាក់​ក្រោម ដែល​កាន់តែ​កៀក​ជិត​ជីវភាព​រស់នៅ​របស់​បងប្អូន​កងទ័ព​ចំនួន​៤​អង្គភាព​បន្ថែម​ទៀត ។

តាម​រយៈ​ចំណង​សម្ព័ន្ធមេត្រីភាព​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ តែងតែបាន​ចង​ភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភ​គាំទ្រ និង​ចុះ​ជួប​សាកសួរ​សុខទុក្ខ មាន​សកម្មភាព​ដូច​ភ្លៀងរលឹម ដែល​យ៉ាង​ហោច​ណាស់ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​២ ដង​ក្នុង​មួយ​ឆ្នាំ គឺ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​បាន​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​សម្ភារៈ​ប្រើប្រាស់ ព្រមទាំង​ថវិកា​ឧបត្ថម្ភ​មួយ​ចំនួន ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​គ្រួសារ ដើម្បី​ចូលរួម​ចែករំលែក គាំទ្រ​អង្គភាព​ជួរ​មុខ និង​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព រស់នៅ បាន​មួយ​កម្រិត ដែល​នេះ គឺជា​ផ្លែផ្កា​នៃ​ចំណង​សម្ព័ន្ធមេត្រី រវាង​អង្គភាព​ជួរ​មុខ និង​អង្គភាព​ជួរ​ក្រោយ ស្រប​តាម អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ។

សម្រាប់​ពេល​នេះ ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួម​មាន គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ សម្រាប់​អង្គភាព​នីមួយ​ៗ ដែល​រួម​មាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ដែល​លាងដៃ និង​ថវិកា​កសាង​មួយ​ចំនួន ដើម្បី​ប្រគល់​ជូន​ដល់​បណ្តា​អង្គភាព​ជួរ​មុខ​នីមួយ​ៗ ក្នុង​នោះ​៖ ជូន​កងពលធំ​អន្តរាគមន៍​លេខ​៣ ថវិកា​ចំនួន ៤០.០០០.០០០៛ ស៊ីម៉ង់ ដែក ថ្ម ខ្សាច់​សរុប​ទឹកប្រាក់ ចំនួន ៣១.០០០$ សម្រាប់ កសាង​ទំនប់​ទឹក ស្ថិត​នៅ ភូមិសាស្ត្រ​មុំ​បី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​ទៀត​។

ឧបត្ថម្ភ​ជូន​កងពលតូច​អន្តរាគមន៍​លេខ​៩ ចំនួន ៤០.០០០.០០០៛ សាងសង់​រោង​ដាក់​រថយន្ត សង់​អាង​ស្តុក​ទឹក ស្មើនឹង​ថវិកា​ចំនួន ២៧.០៤៥$ និង​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​ទៀត​។

ឧបត្ថម្ភ​ជូន​វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ថវិកា​ចំនួន ១០.០០០.០០០៛ ស័ង្កសី ស៊ីម៉ង់ត៍​សរុប​ទឹកប្រាក់​ចំនួន ៥.០០០$ សម្រាប់​ជួសជុល​អគារ​ស្នាក់​នៅ​របស់​នគរបាល ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជាមួយនឹង​ការ​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​។

ឧ​ប​ត្ថ​ម​យោធភូមិ​ភាគ​១ ថវិកា ចំនួន​៥.០០០.០០០៛​។ ឧបត្ថម្ភ​ជូន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន ៤០.០០០.០០០៛ ម៉ាស៊ីនថតរូប​១​គ្រឿង និង​សម្ភារៈ​បំពាក់​បន្ថែម ស្មើនឹង​ទឹកប្រាក់​ចំនួន ១១.០៧០.០០០៛ – ត្រាក់ទ័រ ១​គ្រឿង ស្មើនឹង​ទឹកប្រាក់​ចំនួន ១៣៦.៩៥០.០០០៛ និង​ឧបត្ថម្ភ​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​ទៀត​។

ឧ​ប​ត្ថ​ម​ជូន​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង​២៨៥ ចំនួន ៥​វរៈ ក្នុង ១ វរៈ ឧបត្ថម្ភ​ថវិកា ចំនួន ២០.០០០.០០០៛ ។​ជូន​សាលាស្រុក សៀម​ប៉ា​ង ថវិកា ចំនួន ២.០០០.០០០៛ ផ្នែក​សឹក​រង ស្រុក​សៀម​ប៉ា​ង ថវិកា ចំនួន ១.០០០.០០០៛ សាលាឃុំ ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛ វត្ត នៅ​ស្រុក​សៀម​ប៉ា​ង ចំនួន ៦​វត្ត ក្នុង ១​វត្ត ប្រគេន​៖ អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ វត្ត រតនៈ​វុ​ទ្ធី​មុន្នី​រាម (​ជាប់​កងពល​) ចំនួន ១​វត្ត ប្រគេន​៖ អង្ករ ចំនួន ១០០ គីឡូក្រាម​បច្ច័យ ចំនួន ៤.០០០.០០០៛​។

ឧក​ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ សម្តេច​មហា បវរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ក្នុង ការ​ដោះស្រាយ និង​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង ដល់​កង​យោធពលខេមរភូមិន្ទ ដើម្បី​ពង្រឹង​ប្រៀប​ឈ្នះ បង្កើន​ធន ធាន​មនុស្ស​ក្នុង​ជួរ​កងទ័ព ពង្រឹងសមត្ថភាព​ជំនាញ និង​កសាង​ពង្រឹង​អង្គភាព​ឱ្យ​បាន​រៀបរយ បង្ករ​លក្ខណៈ​ឱ្យ កង​យោធពលខេមរភូមិន្ទ មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​កិច្ច​ការពារ​បូរណភាព​ទឹកដី និង​សហការ ការពារ​ថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព​សង្គម ។

ក្នុង​ពេល​នេះ​ដែរ​សម្តេច បាន​ជួយ​ឧបត្ថម្ភ​ជា ថវិកា សម្ភារៈ គ្រឿង​ឧបភោគ បរិភោគ ប្រេង​ឥន្ទ​នៈ ដល់​កងទ័ព​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ទិស​ទី​១ និង​កម្ពុជា -​ឡាវ ទិស​អូរ​អាឡៃ​-​អូរ​តា​ង៉ាវ តាម​រយៈ​សម្ព័ន្ធមេត្រីភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់​ដោយ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សម្រាប់​ប្រើប្រាស់ ដោះស្រាយ​ក្នុង​ការ​កសាង​អង្គភាព​។ លោក​បន្ត​ថា សម្រាប់​កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធ ភូមិភាគ​ទី​១ នេះ​ជា​លើក​ទី​១៣​ហើយ ដែល​សម្ព័ន្ធមេត្រីភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​សំណេះ សំ​ណា​ល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង និង​ពល​ទាហាន​។​ដោយឡែក​សម្រាប់​កងពលតូច​អន្តរា​មន៍​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ បាន​អញ្ជើញ​មក​ចំនួន ៥​លើក​រួច​មក​ហើយ​ដែរ​។

គួរ​បញ្ជាក់​ថា​៖ នៅ​មុន​នៃ​ការ​ធ្វើ​ពិធី​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​នេះ ពោល​គឺ​នៅ​រាត្រី​ថ្ងៃ​ទី​៣១​មីនា ឯកឧត្ដម​ឃួ​ង ស្រេង​និង​លោក​ជំទាវ ព្រមទាំង​ប្រតិភូ បាន​ជួបជុំ​ហូប​អាហារ​សាមគ្គី​និង​រាំ​លេង​តាម​បែប​ប្រពៃណី​ខ្មែរ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ទីបញ្ជាការ វរ​សេនា​តូច​អន្តរាគមន៍​លេខ ២៨៣ កងពលតូច​អន្តរាគមន៍​លេខ ១២៨ យោធភូមិ​ភាគ​ទី​១ យ៉ាង​សប្បាយ​រីករាយ និង​ស្និត​ស្នាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ