រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាអាកាសធាតុចាប់ពីថ្ងៃទី២ ដល់៤ មេសា នៅតំបន់ខ្លះនឹងមានភ្លៀងធ្លាក់លាយជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងធនធានទឹកបានលើកឡើងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ។

តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។ ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ។
តំបន់ភាគឧត្តរ និងឦសាន អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥% ។ ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ